Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ជំងឺរបេង ថយចុះច្រើន តែស្ថិតក្នុងអត្រា ខ្ពស់នៅឡើយ

$
0
0

ភ្នំពេញៈ ការកាត់បន្ថយ ជំងឺរបេង នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន បានសម្រេច មុនគោលដៅ សហសវត្សន៍ ដែលបានកំណត់ទុក នៅឆ្នាំ២០១៥ ប៉ុន្តែទោះជាយ៉ាងណា ចំនួនអ្នកកើតជំងឺរបេង ក្នុងប្រទេសនេះ នៅតែស្ថិត ក្នុងអត្រាមួយខ្ពស់ នៅឡើយ បើប្រៀបធៀប នឹងប្រទេសផ្សេងៗ ។

កម្ពុជា បានកំណត់ផែនការ គោលដៅអភិវឌ្ឍ សហសវត្សន៍ ឆ្នាំ១៩៩០-២០១៥ ដោយកាត់បន្ថយជំងឺរបេង ឱ្យបាន៥0ភាគរយ ។ ជាលទ្ធផលគម្រោងនេះ បានសម្រេចមុនផែនការ នៅឆ្នាំ២០១១ប៉ុណ្ណោះ ដែលអត្រា នៃការកាត់បន្ថយ ជំងឺរបេង បានសម្រេចរហូតដល់៥៦% ប៉ុន្តែប្រទេសកម្ពុជា នៅតែ ស្ថិតនៅក្នុងចំណោម ប្រទេសទាំង២២ នៅលើពិភពលោក ដែលមានផ្ទុកជំងឺ របេងធ្ងន់ធ្ងរ និងមានអត្រាអ្នកកើតជំងឺ របេងច្រើននៅឡើយ ។

លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង នាយកមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន បានឱ្យដឹង នៅព្រឹក ថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០១២ថា ប្រទេសកម្ពុជាយើង សម្រេចបានហើយ នូវគោលដៅ សហសវត្សន៍ ក្នុងការ កាត់បន្ថយ ជំងឺរបេង ដែលយើងសម្រេចបានលទ្ធផល ២សំខាន់ៗ គឺការកាត់បន្ថយអត្រា ប្រេវ៉ាឡង់នៃការកើត ជំងឺរបេង បានពាក់កណ្តាល និងកាត់បន្ថយ អត្រាស្លាប់ដោយជំងឺរបេង បានពាក់កណ្តាល ។

លោកមានប្រសាសន៍ថា “អត្រាប្រេវ៉ាឡង់ជំងឺរបេង សរុបទាំងអស់ យើងកាត់បន្ថយបាន៥៦% នៅចន្លោះឆ្នាំ១៩៩០ ដល់ឆ្នាំ២០១១ ។ ទិសដៅយើង គឺកាត់តែ៥០% នៅឆ្នាំ២០១៥ ។ អញ្ចឹងយើងសម្រេចបានហើយ ។ អត្រាស្លាប់ ដោយសារជំងឺរបេង យើងកាត់បន្ថយបាន៦០ភាគរយហើយដែរ” ។

លោកបន្ថែមថា “ទោះជាសម្រេចបានដូច្នេះក៏ដោយ ប៉ុន្តែអត្រាប្រេវ៉ាឡង់ ជំងឺរបេង នៅក្នុងប្រទេសកម្ពុជា នៅតែខ្ពស់នៅឡើយ។ គឺខ្ពស់ជាង បណ្តាប្រទេសផ្សេងៗ ។ គឺថា បច្ចុប្បន្នអត្រាប្រេវ៉ាឡង់ អ្នកកើតជំងឺរបេងសរុប (នៅកម្ពុជា) មានចំនួន៨១៧នាក់ លើប្រជាជន១០០ពាន់នាក់ គឺចាត់ទុកថា ខ្ពស់ជាងបណ្តាប្រទេសផ្សេងៗ” ។

លោកថា នៅរយៈពេល៩ខែ ដំបូង ក្នុងឆ្នាំ២០១២នេះ អត្រាប្រេវ៉ាឡង់ នៃអ្នកកើតជំងឺរបេង នៅក្នុង ប្រទេសកម្ពុជា មានចំនួន ៣ម៉ឺននាក់ គឺប្រហាក់ប្រហែល នឹង៩ខែដំបូង កាលពីឆ្នាំ២០១១ដែរ ប៉ុន្តែចំនួនអ្នកស្លាប់ ដោយសារជំងឺរបេង មានតែ២០០ ទៅ៣០០នាក់ប៉ុណ្ណោះ ដែលចំនួនអ្នកស្លាប់ បានថយចុះច្រើន ។

លោក ម៉ៅ តាន់អ៊ាង បានបន្ថែមទៀតថា ទោះបីជាយើងកាត់បន្ថយ អត្រាប្រេវ៉ាឡង់ និង អត្រាស្លាប់ ដោយជំងឺរបេង បានច្រើនក៏ដោយ តែករណីរបេងនៅកម្ពុជា នៅមានច្រើននៅឡើយ ។ ដោយសារករណីជំងឺរបេង មិនមែនអាច កម្ចាត់បាន យ៉ាងឆាប់រហ័សនោះទេ វាអាស្រ័យទៅលើអ្នកផ្ទុកជំងឺរបេង ហើយចំនួនអ្នកផ្ទុកមេរោគ របេង ក៏មានច្រើនដែរ។ ដូច្នេះយើងត្រូវខិតខំកាត់បន្ថយបន្ថែមទៀត ។ លោកបន្តថា “យើងនឹងកាត់បន្ថយ ពាក់កណ្តាល បន្ថែមទៀត ពីចន្លោះឆ្នាំ២០១៥-២០២៥ ស្របតាមគោលដៅអន្តរជាតិថ្មី ហើយក្រោយឆ្នាំ២០១៥ យើងនឹងធ្វើដំណើរ ទៅកាន់ពិភពលោក ដែលគ្មានជំងឺរបេង ឬក៏ហៅថា ពិភពលោកមួយ ដែលគ្មានការឆ្លងជំងឺរបេង ។ យើងមានជំនឿថា យើងនឹងអាចធ្វើបាន” ។ ទោះជាយ៉ាងណា លោកក៏បានអំពាវនាវ ឱ្យស្ថាប័នពាក់ព័ន្ធ ទាំងអស់ ឱ្យបន្តជួយគាំទ្រ គម្រោងផែនការ កម្ចាត់ជំងឺរបេងតទៅទៀត ដើម្បីនាំប្រទេសកម្ពុជា ឱ្យក្លាយទៅជាពិភពលោកមួយ ដែលគ្មានការឆ្លងជំងឺរបេង ៕

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles