Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ស៊ុន ចាន់ថុល៖ កំណែទម្រង់ ប្រព័ន្ធការងារ គឺដើម្បីជាតិ រាជរដ្ឋាភិបាល មិនមែនគ្រួសារ បក្ខពួកខ្ញុំទេ

$
0
0

- ខាងក្នុងមានវីដេអូ នៃកិច្ចសម្ភាសន៍រវាងលោក សយ សុភាព និង លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល

ភ្នំពេញ៖ «អត់មានក្រសួង ស៊ុន ចាន់ថុល ទេ! អត់ក្រសួងបក្ខពួក គ្រួសារនិយមទេ! អត់ទាល់តែសោះ គ្មានមួយ គឺ ខ្ញុំធ្វើ១០០% ដើម្បីជាតិខ្ញុំ ប្រទេសខ្ញុំ រាជរដ្ឋាភិបាលខ្ញុំ ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន»។ នេះ ជាប្រយោគមួយឃ្លា បង្ហាញពីតម្លាភាព នៃការធ្វើកំណែទម្រង់ របស់ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ឆ្លើយតបសំណួរ ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល លោក សយ សុភាព។ ប្រយោគមួយឃ្លាបង្ហាញពីឆន្ទៈកំណែ ទម្រង់ច្បាស់លាស់នេះ បាននឹងកំពុងធ្វើ ឲ្យមន្រ្តីក្រសួងពាណិជ្ជកម្ម ជាច្រើនកោតសរសើរផងដែរ។

រាជរដ្ឋាភិបាលអាណត្តិថ្មី អាណត្តិទី៥ បានដាក់ចេញនូវផែនការ កំណែទម្រង់ដ៏ស៊ីជម្រៅ ដើម្បីស្វះស្វែង និងទាញ យកនូវឧត្តមប្រយោជន៍ជូនជាតិ និងប្រជាពលរដ្ឋ។ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង នៃរាជរដ្ឋាភិបាលអាណត្តិទី៥ នាវិមានសន្តិភាពកាលពីអំឡុង ខែកញ្ញា ឆ្នាំ២០១៣ ក៏បានប្រកាសដាស់តឿនយ៉ាងម៉ឹងម៉ាត់ ឲ្យមន្រ្តីរាជរដ្ឋាភិបាលអាណត្តិថ្មី ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ជាពិសេសលប់បំបាត់នូវវប្បធម៌បក្ខពួកនិយម គ្រួសារនិយម ក៏ដូចជាវប្បធម៌កូន ប្រពន្ធស័ក្តិធំ ជាង ឪពុកជាដើម។

ការប្រកាសរបស់នាយករដ្ឋមន្រ្តី មិនមែនជាការចៃដន្យឡើយ តែវាជាការប្រកាសដាស់តឿន ក្រើនរំលឹកដល់មន្ត្រី របស់រាជរដ្ឋាភិបាល ក្រោយពីទទួលបានការរិះគន់ តិះទៀនយ៉ាងច្រើនពីប្រជាពលរដ្ឋ និង មន្រ្តីរាជការថ្នាក់ក្រោម នៅតាមក្រសួង ស្ថាប័ន មួយចំនួននាអាណត្តិទី៤កន្លងទៅ។

ក្រោយការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន គេសង្កេតឃើញតាមក្រសួងស្ថាប័នរបស់រដ្ឋជាច្រើន បាននិង បង្ហាញសកម្មភាពយ៉ាងសស្រាក់សស្រាំធ្វើកំណែទម្រង់លើក្រសួងស្ថាប័នរបស់ខ្លួន។ ក្នុងនោះក្រសួងពាណិជ្ជ កម្ម ដែលមានលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជារដ្ឋមន្រ្តី ត្រូវបានកែវភ្នែករបស់សាធារណជនមើលឃើញថា ហាក់មានភាពលេចធ្លោរ ក្នុងការធ្វើកំណែទម្រង់ ទាំងការផ្តល់សេវាកម្ម ទម្រង់ ប្រព័ន្ធ និងនីតិវិធីការងារនៅក្នុង ក្រសួង បញ្ហាដ៏រស៊ើបនោះ មន្រ្តីជាច្រើននៅក្នុងក្រសួងត្រូវបានផ្លាស់ប្តូរតួនាទី និង មុខតំណែង ដោយការប្រឡង ប្រកួតប្រជែងសមត្ថភាព មិនមែនជាការចង្អុលរបស់រដ្ឋមន្រ្តីនោះទេ។

តើអ្វីទៅជាកំណែទម្រង់របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រយៈពេលជិត១ឆ្នាំក្រោយរាជរដ្ឋាភិបាលចាប់កំ ណើត? តើកំណែទម្រង់នេះ កើតដោយឆន្ទៈ ឬធ្វើឲ្យល្អមើល? តើកំណែទម្រង់នេះ មានតម្លាភាពដែរ ឬទេ? បញ្ចប់ ហើយឬនៅ វប្បធម៌បក្ខពួក ឬគ្រួសារនិយម?

ដើម្បីស្វែងរកនូវចម្លើយទាំងនេះ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល កាលពីថ្ងៃសុក្រ សប្តាហ៍មុន បានជួបសម្ភាសន៍ដោយផ្ទាល់ ជាមួយលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អមជាមួយនិងរដ្ឋលេខាធិ ការក្រសួងពាណិជ្ជកម្ម ៧រូបផ្សេងទៀត។

ក្នុងជំនួបផ្តល់បទសម្ភាសន៍ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលមានប្រវត្តិល្បាញល្បី ក្នុងការគ្រប់គ្រងក្រុមហ៊ុនឯកជន ជាច្រើន ប្រកបដោយភាពជោគជ័យ លោក ស៊ុន ចាន់ថុល បានថ្លែងឲ្យដឹងថា រយៈពេលជិត ១ឆ្នាំកន្លងទៅនេះ រូបលោក រួមនិងមន្រ្តីជាន់ខ្ពស់របស់លោក បានរួមគ្នាសម្រេចនូវផែនការកែទម្រង់ការងារនៅក្នុងក្រសួងបានយ៉ាង ច្រើន។ ដូចជាការលុបបំបាត់វិញ្ញាបនប័ត្របញ្ជាក់ប្រភពដើម (CO) ផលិតផលសម្រាប់អ្នកនាំចេញទៅកាន់ បណ្តាប្រទេសបញ្ជាទិញ ដែលមិនត្រូវការ។ បង្កើតប្រព័ន្ធអេឡិចត្រូនិច សម្រួលដល់អ្នកនាំចេញ ក្នុងការដាក់ ពាក្យ ឬសំណុំបែបបទនាំចេញ ដោយមិនបាច់ធ្វើដំណើរទៅកាន់ក្រសួងពាណិជ្ជកម្ម។

ការច្របាច់បញ្ចូលគ្នារវាងនាយកដ្ឋានកម្មសិទ្ធិបញ្ញា និង នាយកដ្ឋានចុះបញ្ជីឈ្មោះពាណិជ្ជកម្ម ជួយសម្រួលដល់ ប្រជាពលរដ្ឋក្នុងការសុំពាក្យធ្វើអាជីវកម្ម ព្រមទាំងបង្កើតនូវអគ្គនាយកដ្ឋានថ្មីមួយចំនួនទៀត ដើម្បីសម្រួលប្រព័ន្ធ ការងារកុំឲ្យមានភាពស្មុគស្មាញ។ កំណែទម្រង់ដ៏រស៊ើប ធ្វើឲ្យមន្រ្តីខ្លះសើចសប្បាយ និងខ្លះទៀត សម្រក់ទឹកភ្នែក ជូតក្បាលជង្គង់នោះ គឺការជ្រើសរើសមន្រ្តីចូលកាន់មុខតំណែងជាអគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក្នុងក្រសួងមួយនេះ ត្រូវបានផ្លាស់ប្តូរពីការស្នើដោយរដ្ឋមន្រ្តី ទៅជាការប្រឡងសាកល្បងសមត្ថភាព ដោយការ សម្ភាសន៍ដោយផ្ទាល់មាត់។

កំណែទម្រង់មួយទៀត ធ្វើឲ្យគេចាប់អារម្មណ៍ដែរនោះ គឺការផ្លាស់ប្តូរប៉ុស្តិ៍របស់មន្រ្តីកាំកុងត្រូល ដែលត្រូវបានគេ ដឹងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ មិនមានការផ្លាស់ប្តូរនោះទេ អ្នកដែលមានខ្សែរឹងមាំ ប្រហែលជាត្រូវ នៅកាន់កន្លែងគេហៅថាមានខ្លាញ់ជារៀងរហូត តែអាណត្តិរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ត្រូវបាន ក្រឡុកផ្លាស់ប្តូរអស់ហើយ។

រដ្ឋមន្រ្តី ដែលទទួលបានបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកវិទ្យាល័យរដ្ឋ Pennsylvania និង បញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យ Harvard នៅសហរដ្ឋអាម៉េរិករូបនេះ បានបញ្ជាក់ ថា នីតិវិធីក្នុងការប្រឡងជ្រើសរើសសមត្ថភាពរបស់មន្រ្តីនេះ គឺមិនមាននោះទេនៅលើពិភពលោក កុំថាឡើយនៅ តាមក្រសួងស្ថាប័នក្នុងប្រទេសកម្ពុជា។

ការប្រឡងសាកល្បងសមត្ថភាពនេះទៀតសោត ត្រូវបានលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បញ្ជាក់ថា មានតម្លា ភាពបំផុតសម្រាប់មន្រ្តី គ្មាននីតិវិធីណាមានតម្លាភាពជាងនេះទៀតទេ។

បើតាមរដ្ឋមន្រ្តី ដែលធ្លាប់មានបទពិសោធន៍គ្រប់គ្រងលើមុខជំនួញក្នុងវិស័យឯកជនជោគជ័យរូបនេះ បានបន្តថា ការប្រឡងស្វែងរកអ្នកមានសមត្ថភាព មិនបានធ្វើឡើងដោយអត្តនោម័ត ឬសម្រេចតែលើរដ្ឋមន្រ្តីនោះទេ មន្រ្តី ជាន់ខ្ពស់ថ្នាក់រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មចំនួន ៧រូបផ្សេងទៀត ក៏បានអញ្ជើញចូលរួមកាត់សេចក្តី និង វិនិ ច្ឆ័យក្នុងការជ្រើសរើសមន្រ្តីផងដែរ។

នីតិវិធីថ្មី លើមន្រ្តីចាស់ និងក្រសួងចាស់នេះ ត្រូវបានលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បញ្ជាក់ថា មុនពេលធ្វើ ការប្រឡងជ្រើសរើសមន្រ្តីគ្រប់គ្រងតំណែងអគ្គនាយក ឬអគ្គនាយករងក្នុងអគ្គនាយកដ្ឋានទាំង៦ (អគ្គនាយកដ្ឋានរដ្ឋ បាល និងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានពណិជ្ជកម្មអន្តរជាតិ, អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងស្រុក, អគ្គនាយកដ្ឋាន សេវាពាណិជ្ជកម្ម, អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម, អគ្គនាយកដ្ឋានកាំកុងត្រូល) ក្រសួងបានប្រកាសដល់មន្រ្តី ថ្នាក់ប្រធាននាយកដ្ឋានទាំងអស់ឲ្យដាក់ពាក្យចូលរួមប្រកួតប្រជែងសាកល្បងសមត្ថភាព។

បេក្ខភាពទាំងអស់ ត្រូវបានឆ្លងកាត់បទសម្ភាសន៍ដោយផ្ទាល់មាត់ដាច់ដោយឡែកពីគ្នា ពីគណៈមេប្រយោគ៨រូប ដែលជារដ្ឋលេខាធិការ និងលោករដ្ឋមន្រ្តីផ្ទាល់។ មេប្រយោគទាំងអស់ត្រូវផ្តល់ពិន្ទុដល់បេក្ខភាពនីមួយៗ ដោយ សម្ងាត់ ហើយទើបយកមកបូកសរុបពិន្ទុរួមគ្នា អ្នកដែលទទួលបានពិន្ទុច្រើនជាងគេ នឹងទទួលបានតំណែងជាអគ្គ នាយក។ រីឯតំណែងអគ្គនាយករងក៏ត្រូវបានធ្វើដូចគ្នានេះផងដែរ មុននឹងបញ្ជូនទៅសុំសេចក្តីសម្រេចពីនាយករដ្ឋ មន្រ្តី។

លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបន្តថា ការប្រឡងជ្រើសរើសនេះ មិនមែនសម្រេចតែកម្រិត នៃការសិក្សា នោះទេ គឺត្រូវតែពឹងផ្អែកទៅលើបទពិសោធន៍ការងារ។ ក្រៅពីសញ្ញាបត្រ បទពិសោធន៍ការងារ មន្រ្តីត្រូវឆ្លើយតប នឹងសំណួរជាច្រើនរបស់គណៈមេប្រយោគ ពីសមត្ថភាពក្នុងការគ្រប់គ្រងមន្រ្តីក្រោមឱវាទ ក៏ដូចជាសមត្ថភាពក្នុង ការដោះស្រាយបញ្ហានានា នៅពេលដែលខ្លួនជួបប្រទះ ពេលចូលកាន់តំណែងក្នុងតួនាទីនីមួយៗផងដែរ។

លោកបានថ្លែងយ៉ាងដូច្នេះ «ខ្ញុំសូមបញ្ជាក់ថា តើយើងជ្រើសរើសមន្រ្តីរបៀបណា នីតិវិធីយើងធ្វើដូចម្តេច ដើម្បីឲ្យ មានតម្លាភាព ជ្រើសរើសមន្រ្តី ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បទពិសោធន៍គ្រប់គ្រាន់ក្នុងការធ្វើការងារនេះ ទី១. យើងខ្ញុំបានប្រកាសទៅមន្រ្តីក្រសួងរបស់យើងខ្ញុំទាំងអស់ថា ប្រអប់នេះទំនេរ ប្រអប់នេះទំនេរ ឬប្រអប់នោះ ទំនេរ ដូច្នេះសូមមេត្តាដាក់ពាក្យស្នើសុំសម្ភាសន៍យកតួនាទីក្នុងប្រអប់នោះ។ ក្រោយពីទទួលពាក្យហ្នឹងមក ពិនិត្យ គ្រប់ជ្រុងជ្រោយឃើញថា មន្រ្តីនេះមិនអាចផ្លោះកាំ ៤-៥កាំ បានទេ ហ្ហេ! គាត់ចង់ធ្វើអគ្គនាយកហ្ហា ប៉ុន្តែសព្វថ្ងៃ គាត់ត្រឹមតែប្រធានការិយាល័យ ចឹងគាត់មិនអាចសម្ភាសន៍យកអគ្គនាយកបានទេ! បើគាត់ជាអគ្គនាយក អគ្គនា យករង ឬប្រធាននាយកដ្ឋានអាចផ្លោះចឹងបាន»។ «ចឹង! មានច្បាប់គេអីចឹង! ច្បាប់ទម្លាប់គេត្រឹមត្រូវ មិនមែនថា យើងចង់បាន យើងសម្ភាសន៍យកទេ។ ក្រោយពីពិនិត្យមកហើយ បេក្ខជនទាំងអស់ ម្នាក់ៗត្រូវតែសម្ភាសន៍ម្តង ម្នាក់ៗ ជាមួយលោកជំទាវ ឯកឧត្តមរដ្ឋលេខា ៧នាក់ ដោយឡែកពីគ្នា អត់មានថា ៧នាក់អង្គុយសម្ភាសន៍មនុស្ស ម្នាក់ទេ។ បានហើយក្រោយពីលោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការសម្ភាសន៍ហើយ លោកឲ្យពិន្ទុរបស់លោក លោក (ក) ប៉ុន្មានពិន្ទុ លោក (ខ) ប៉ុន្មានពិន្ទុចឹងទៅ ហើយដាក់ក្នុងស្រោមសំបុត្រមួយលោកបិទជិត។ យកស្រោម  សំបុត្រពីរដ្ឋលេខាធិការទាំង ៧ហ្នឹង យកមកឲ្យខ្ញុំ ខ្ញុំអត់មើលហ្ហេលោកភាព អត់ទាន់មើលពិន្ទុរបស់រដ្ឋលេខាធិការ ខ្ញុំអត់ចង់មើល ហើយខ្ញុំអត់ដឹងមកពីណាផង ព្រោះអត់មានដាក់ឈ្មោះទេ ខ្ញុំគ្រាន់តែដឹងថា ខ្ញុំមានស្រោមសំបុត្រ ៧ មានពិន្ទុទាំងអស់ពីរដ្ឋលេខាធិការ»។

លោកទេសរដ្ឋមន្រ្តី បន្តទៀតថា «ខ្ញុំអ្នកសម្ភាសន៍ចុងក្រោយដែរ ពេលសម្ភាសន៍ហើយ ខ្ញុំឲ្យពិន្ទុខ្ញុំដែរ ពេលឲ្យពិន្ទុ ខ្ញុំហើយ ខ្ញុំចូលទៅប្រព័ន្ធកុំព្យូទ័រ ដើម្បីដាក់ពិន្ទុ...។ ក្រោយពេលខ្ញុំដាក់ជុំអស់ហើយ ខ្ញុំអញ្ជើញថ្នាក់ដឹកនាំមក អង្គុយជុំទាំងអស់ មើលទាំងអស់គ្នា ហើយពិនិត្យមើលម្តងទៀត ឲ្យគ្រប់ជ្រុងជ្រោយ ហើយយើងជ្រើសមន្រ្តីមាន ពិន្ទុច្រើនហ្នឹង ដើម្បីស្នើសុំទៅសម្តេចនាយករដ្ឋមន្រ្តី ដើម្បីតែងតាំងមន្រ្តីនេះ ។ នេះជាបទពិសោធន៍ និងអនុវត្តន៍ នូវនីតិវិធីថ្មី តម្លាភាព ដោយសារខ្ញុំមានសិទ្ធិជារដ្ឋមន្រ្តី មានសិទ្ធិស្នើសុំទៅនាយករដ្ឋមន្រ្តី តែងតាំងមន្រ្តីក្នុងក្រសួង ពាណិជ្ជកម្ម ក៏ប៉ុន្តែខ្ញុំមិនធ្វើអត្តនោម័តម្នាក់ឯងទេ។ ខ្ញុំត្រូវការមានការចូលរួមជាមួយថ្នាក់ដឹកនាំ ទទួលខុសត្រូវ មើលទាំងអស់គ្នា ចឹងគ្មានការទៅសូកប៉ាន់មន្រ្តីណាមួយទេ អត់មានលុយទិញកន្លែងបានទេ ទិញម៉េចបាន ទាល់ តែទិញទាំង៨នាក់ ហើយខ្ញុំជឿជាក់ថា ថ្នាក់ដឹកនាំខ្ញុំអត់មានទិញបានចឹងទេ»។

ក្រៅពីកំណែទម្រង់ក្នុងការជ្រើសរើសមន្រ្តីមានសមត្ថភាព គ្រប់គ្រងតាមអគ្គនាយកដ្ឋាន ដែលជាកត្តាដ៏ចាំបាច់ សម្រាប់និរន្តរភាព និងការផ្តល់នូវប្រសិទ្ធភាពការងារហើយ ក្រសួងពាណិជ្ជកម្ម ក្នុងតំណែងលោក ស៊ុន ចាន់ថុល ក៏បានធ្វើការផ្លាស់ប្តូរប៉ុស្តិ៍របស់មន្រ្តីកាំកុងត្រូលនីមួយៗផងដែរ ដែលការតែងតាំងនេះ ត្រូវបានធ្វើឡើង ដោយការ ចាប់ឆ្នោត។ មន្រ្តីកាំកុងត្រូល ដែលផ្លាស់ប្តូរប៉ុស្តិ៍នេះ ត្រូវបានលោករដ្ឋមន្រ្តី ផ្តាំផ្ញើមិនឲ្យមានការធ្វើសកម្មភាព ស្រង់ដើមនោះទេ ព្រោះកន្លែងដែលខ្លួនបានចូលទៅកាន់នោះ មិនមានចំណាយដើមទុនអ្វីទាំងអស់។

លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បន្តបញ្ជាក់ថា «មន្រ្តីកាំកុងត្រូលមិនដែលបានដូរទេ នៅ៥ឆ្នាំ ១០ឆ្នាំ ១៥ឆ្នាំ នៅតែ មួយកន្លែង។ ប៉ុន្តែមានអានុក្រឹត្យមួយថា មន្រ្តីកាំកុងត្រូលត្រូវផ្លាស់ប្តូរក្នុងមួយឆ្នាំម្តង ឬការចាំបាច់ ចឹងខ្ញុំត្រូវតែ បង្វិលមន្រ្តីកាំកុងត្រូល ពីកន្លែងមួយទៅកន្លែងមួយ ដើម្បីរៀនសូត្របន្តទៀត»។ «ចឹងយើងបែងចែកប្រទេសយើង ជា ៤តំបន់ទៀត តំបន់ទី១ មានកំពង់ផែភ្នំពេញ កំពង់ផែព្រះសីហនុ ផែស្ងួត ហើយតំបន់ទី៤ មានតាមបណ្តាខេត្ត ផ្សេងៗ អីចឹងទៅ ចឹងខ្ញុំត្រូវបង្វិលតែងតាំងយ៉ាងម៉េច ឧទាហរណ៍នៅកំពង់ផែភ្នំពេញ ឬកំពង់ផែព្រះសីហនុ យើង ត្រូវការមន្រ្តី ៤០នាក់ ប៉ុន្តែមាន ២០០នាក់ សុំទៅក្រុងព្រះសីហនុ។ ឥឡូវខ្ញុំឲ្យមួយណា ខ្ញុំត្រូវការ ៤០នាក់ ឥឡូវ ២០០នាក់ ចង់ទៅព្រះសីហនុ ខ្ញុំធ្វើម៉េចកើត បើតែងតាំង អូរ! បានទៅ ៤០នាក់ហ្នឹង សុទ្ធតែសូក គេបាន ទៅកន្លែងក្លាញ់ ច្បាស់មានគេចោទចឹងហើយ បក្ខពួកនិយម គ្រួសារនិយម ឲ្យលុយបានទៅកន្លែងខ្លាញ់ ចឹងខ្ញុំធ្វើ ការចាប់ឆ្នោត អ្នកនៅតំបន់ទី១ ទៅចាប់ឆ្នោតយកប៉ុស្តិ៍ នៅតំបន់ទី៤ អ្នកទី៤ មកទី១ ទី២ ទៅទី៣, ទី៣ ទៅទី២។ យើងចាប់ម្តងយក ៧០% ទុកអ្នកចាស់ ៣០% ឲ្យអ្នកថ្មីទៅរៀនសូត្រពីអ្នកចាស់សិន ៣ខែក្រោយទើបយើង ចាប់ ៣០%ទៀត ចឹងមន្រ្តីរបស់យើងដឹងពីរបៀបធ្វើនៅផែស្ងួតរបៀបម៉េច នៅព្រះសីហនុរបៀបម៉េច ផែភ្នំពេញរបៀប ម៉េច ព្រលានយន្តហោះរបៀបម៉េច ក្រចេះរបៀបម៉េច មណ្ឌលគិរីរបៀបម៉េច តាមទល់ដែនហ្នឹង...»។

បើតាមលោករដ្ឋមន្រ្តី បានបញ្ជាក់ថា ការដោះដូរនេះ មិនមានអស់អ្វីទាំងអស់ អស់តែធូប៣សរសៃ និងចេកមួយ ស្និត។ «អស់ អស់តិចតួច គាត់ទិញធូប ៣សរសៃ ចេកមួយស្និត ដើម្បីផ្សង ព្រះអង្គអើយ! ព្រះអង្គចាប់ឲ្យបានចំ អស់ដែរ អស់ធូប ៣សរសៃ ចេកមួយស្និត អស់អ្នកដែលទៅបន់ហ្អេណា អ្នកអត់បន់ អត់អស់មួយសេន។ បើអត់ អស់ យើងខ្ញុំប្រាប់ហើយណា បានទៅកន្លែងហ្នឹង អត់មានចំណាយថវិកាអី កុំទៅតែស្រង់ដើម អត់មានទៅស្រង់ ដើមហ្អេ ព្រោះអត់មានចំណាយទេ កុំទៅស្រង់ដើម»។

ការធ្វើកំណែទម្រង់លើរចនាសម្ព័ន្ធការងារនៅក្នុងក្រសួងពាណិជ្ជកម្ម ត្រូវបានគេមើលឃើញថា មានមន្រ្តីខ្លះ ក៏ សប្បាយចិត្ត ហើយមន្រ្តីខ្លះទៀត ក៏មិនសប្បាយចិត្ត។ ជាពិសេសមានមន្រ្តីខ្លះ ត្រូវបាត់ចំណូលក្រៅសេវា ជាច្រើនផងដែរ។

ត្រង់ចំណុចនេះ ត្រូវបានលោកទេសរដ្ឋមន្រ្តីឆ្លើយតបជាមួយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ពីមុនមន្រ្តី ប្រមាណតែ១០-២០ភាគរយប៉ុណ្ណោះ ទទួលបានចំណូល ឬប្រយោជន៍ខ្ពស់ តែអាណត្តិថ្មី មន្រ្តីពី៨០-៩០ភាគរយ នឹងទទួលភាគលាភពីការងាររបស់គាត់ តាមរយៈកិច្ចខិតខំប្រឹងប្រែងធ្វើការងារ ក្រសួងនឹងមានប្រាក់លើកទឹកចិត្ត នៅដំណាច់ខែនីមួយៗ។

លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងបន្តថា ការធ្វើកំណែទម្រង់តែងមានអ្នកឈ្នះ និងអ្នកចាញ់ តែលោកចង់ឲ្យ បានអ្នកឈ្នះភាគច្រើន។ «ពីមុន ២០ភាគរយ សប្បាយទទួលផលប្រយោជន៍ពីការងារ ប៉ុន្តែឥឡូវ ៨០-៩០ភាគ រយទទួលបានប្រយោជន៍ស្មើរៗគ្នា។ ប៉ុន្តែមិនអាចបាន ១០០ភាគរយទេ។ បើខ្ញុំអាចទទួលបាន ៨០-៩០ភាគរយ សប្បាយចិត្ត ១០ភាគរយ មិនសប្បាយចិត្ត ខ្ញុំទទួលយកហើយ ប៉ុន្តែខ្ញុំមិនទទួលទេ បើមន្រ្តី ១០ភាគរយសប្បាយ ចិត្ត ៩០ភាគរយ មិនសប្បាយចិត្ត គឺអាលាយហើយ ក្រសួងអាលាយ រដ្ឋាភិបាលអាលាយហើយ ត្រូវតែឲ្យមាន អ្នកសប្បាយចិត្តច្រើន។ ការកែទម្រង់មានអ្នកឈ្នះ មានអ្នកចាញ់។ ប៉ុន្តែបើយើងកែទម្រង់ឲ្យអ្នកឈ្នះឲ្យបានច្រើន ជាងអ្នកចាញ់ អានេះវាមានប្រសិទ្ធភាពហើយ»។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានហៅការកែទម្រង់របស់លោកធ្វើឡើង ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង នៅពេលសមាហរណកម្មអាស៊ានឆ្នាំ២០១៥ ឲ្យបានជោគជ័យ ដើម្បីជួយកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ ដើម្បីរក ការងារជូនប្រជាពលរដ្ឋជាមួយប្រាក់បៀវត្សរ៍សមរម្យ។

ឆ្លើយតបនឹងមន្រ្តីមួយចំនួន ដែលព្យាយាមយកលុយទៅសូកប៉ាន់រូបលោក នឹងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត ដើម្បីស្វែងរកអន្តរាគមន៍នោះ លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា វប្បធម៌ទាំងនោះ ត្រូវកប់ចោលហើយ វប្បធម៌ថ្មី គឺការប្រលងស្វែងរកនូវមន្រ្តីមានសមត្ថភាពពិត អត់មានក្រសួងរបស់បុគ្គល ឬគ្រួសារណាមួយទៀតទេ គឺជាស្ថា ប័ន របស់រាជរដ្ឋាភិបាល។ «វប្បធម៌នឹងកប់ចោលហើយ វប្បធម៌ថ្មី គឺការប្រឡងប្រគួតប្រជែងជ្រើស រើសសមត្ថ ភាពពិត។ អត់មានក្រសួង ស៊ុន ចាន់ថុល ទេ! អត់ក្រសួងបក្ខពួក គ្រួសារនិយមទេ! អត់ទាល់តែសោះ គ្មានមួយ គឺ ខ្ញុំធ្វើ១០០% ដើម្បីជាតិខ្ញុំ ប្រទេសខ្ញុំ រាជរដ្ឋាភិបាលខ្ញុំ ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន»។

អ្នកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា អ្នកស្រី សប្បាយចិត្ត ដែលត្រូវបានរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ផ្តល់ឱកាសបានចូលរួមជ្រើសរើសមន្រ្តី ដើម្បីបម្រើការងារ នៅក្នុងក្រសួង។ អ្នកស្រីបញ្ជាក់ថា មិនដែលមានទេពីមុនមក វាគឺជានីតិវិធីមួយ ដ៏តម្លាភាពសម្រាប់មន្រ្តីក្រសួង ពាណិជ្ជកម្ម តែវាក៏មិនអាចតម្រូវចិត្តរបស់មន្រ្តីទាំងអស់បានដែរ។

អ្នកស្រី តឹករ៉េត កម្រង បន្តថា «ខ្ញុំគិតថា នេះ ជានីតិវិធីមួយដ៏មានតម្លាភាព កាត់បន្ថយ១០០ភាគរយ នូវអ្វីដែលគេថា អ្នកនេះ ជាអ្នកស្គាល់គ្នា ជាកូន ជាក្មួយ ឬអ្នកមានឱកាសសូកប៉ាន់។ យើងមិនអាចបំពេញចិត្តឲ្យបាន ១០០ភាគ រយទេ អ្នកមិនបានទទួលអាចនឹងមានការអាក់អន់ចិត្តខ្លះ តែយើងតម្រូវអ្នកភាគច្រើន ហើយយើងចង់បានអ្នកមាន សមត្ថភាព ក្នុងការដឹកនាំទាំងផ្នែកបច្ចេកទេស និងការគ្រប់គ្រងមន្រ្តីរបស់គាត់»។

រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្មម្នាក់ទៀត លោក ឱក ប៊ុង ក៏បានថ្លែងកោតសរសើរពីកំណែទម្រង់របស់ លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងនីតិវិធីក្នុងការជ្រើសរើសមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងថា មានតម្លាភាព ត្រឹមត្រូវយុត្តិ ធម៌ ដែលពីមុនមកមិនមានការធ្វើដូច្នេះនោះទេ។ ជាពិសេសរដ្ឋមន្រ្តីថ្មី បានផ្តល់ឱកាសឲ្យរូបលោក និងរដ្ឋលេ ខាដទៃទៀត បានចូលរួមចំណែកទទួលខុសត្រូវ និងសម្រេចចិត្តរាល់ការងារធំៗនៅក្នុងក្រសួង។

លោក ឱក ប៊ុង ថ្លែងបន្តយ៉ាងដូច្នេះ «ក្នុងពេលនេះ ក្រសួងពាណិជ្ជកម្ម បានឯកឧត្តមរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែល គាត់អញ្ជើញមកនេះ គឺការរៀបចំក្រសួងវាខុសប្លែកពីលើកមុន ខ្ញុំនៅក្រសួងពាណិជ្ជកម្ម ៤អាណត្តិហើយ ការចាត់ ចែងតែងតាំងមន្រ្តីនៅក្នុងក្រសួងយើងមិនដែលធ្វើរបៀបនេះទេ គឺមានតែរដ្ឋមន្រ្តីទេ ឯកឧត្តមរដ្ឋមន្រ្តី ចម ប្រសិទ្ធិ គាត់ ចង់តែងតាំងនរណាក៏បាន។ ដល់ឥឡូវ គឺរបៀបរបបថ្មី រដ្ឋលេខាធិការទាំងអស់មានមុខមាត់ មានយោបល់ថ្មី ស្នើ អ្នកនេះ ឲ្យពិន្ទុអ្នកនេះ ហើយចូលរួមពិភាក្សា ដើម្បីតែងតាំងមនុស្សម្នាក់ គឺថាមតិច្រើន។ ចំពោះអ្នកតិះទៀនប្រា កដជាមាន អ្នកមិនបានជាប់ប្រាកដជាមិនសប្បាយចិត្តទេ តែយើងមិនអាចធ្វើអ្វីឲ្យបានប្រសើរជាងនេះទៀតទេ របៀបដែលយើង ជ្រើសរើសហ្នឹង វារបៀបដូចជាក្រុមហ៊ុនទៅហើយ ក្រុមហ៊ុនឯកជនទេ គេធ្វើអីចឹង»។

ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានបន្តឲ្យដឹងផងដែរថា កំណែទម្រង់នៅក្នុងក្រ សួងពាណិជ្ជកម្ម នឹងបន្តធ្វើជារៀងរហូតដ៏រាបណារូបលោកនៅជារដ្ឋមន្រ្តីក្រសួងមួយនេះ ដើម្បីកែសម្រួលនីតិវិធី ការងារផ្សេងៗ ធ្វើឲ្យងាយស្រួលដល់អ្នកវិនិយោគទាំងក្នុង និងក្រៅស្រុក។

លោកបានថ្លែងយ៉ាងដូច្នេះ «ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មខិតខំប្រឹងប្រែងកែទម្រង់ស៊ីជម្រៅ ដើម្បីកាត់បន្ថយ នីតិវិធីគ្រប់បែបយ៉ាង ធ្វើការឲ្យ ងាយស្រួលទៅដល់អ្នកនាំចេញ អ្នកវិនិយោគ ក្នុងការនាំចេញឲ្យបានច្រើន នូវ កសិផលប្រជាពលរដ្ឋ ក៏ដូចផលិត ផលធ្វើក្នុងស្រុកយើង។ ដើម្បីទាក់ទាញអ្នកវិនិយោគថែមទៀត បង្កើតការងារ ជូនបងប្អូនកូនក្មួយយើងធ្វើ ហើយ បានប្រាក់បៀវត្សរ៍សមរម្យ ជីវភាពធូរធាជាងមុន នេះហើយជាការចង់បាន របស់ប្រមុខរាជរដ្ឋាភិបាល នេះហើយ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ»៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>