គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក ភីត្រូ ផរ៉ូហ្ស៊ិនកូ កាលពីថ្ងៃពុធ ទី១៨ ខែមិថុនា បានស្នើទៅកាន់សភា ដើម្បីបណ្តេញលោក អេនឌ្រី ដេឆាយសៀ ចេញពី តំណែងជារដ្ឋមន្រ្តីការបរទេសស្តីទី បន្ទាប់ពីធ្វើឲ្យមានជម្លោះផ្នែកការទូតជាមួយប្រទេស រុស្ស៊ី។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០១៤ថា ក្នុងខ្សែវីដេអូ ដែលថតដោយសារព័ត៌មានក្នុងស្រុក បានបង្ហាញថា លោក ដេឆាយសៀ បានធ្វើការកត់សម្គាល់ ដែលប្រមាថទៅលើប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅពេលលោកថ្លែង ទៅកាន់ក្រុមបាតុករ ដែលបានវាយប្រហារ ស្ថានទូតរុស្ស៊ី ប្រចាំនៅទីក្រុង គៀវ កាលពីថ្ងៃអាទិត្យ។
ពាក់ព័ន្ធនឹងការប្រមាថនេះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡារ៉ូវ បានចោទប្រកាន់លោក ដេឆាយសៀថា បានធ្វើអ្វីហួសពីការកំណត់នៃគន្លងធម៌ និងបាន ស្នើឲ្យរដ្ឋាភិបាលទីក្រុង គៀវ ដកលោកចេញពីតំណែងផងដែរ។
ពាក់ព័ន្ធនឹងការស្នើសភា ឲ្យដកតំណែងរដ្ឋមន្រ្តីការបរទេសស្តីទីនេះ លោក ផរ៉ូហ្ស៊ិនកូ ក៏បានតែងតំាងលោក ប៉ាល់ឡូ គ្លីមគីន ជាប្រមុខការទូតកំពូលរបស់ប្រទេស អ៊ុយក្រែន។ ការសម្រេចរបស់សភា ចំពោះសំណើដកតំណែងនេះ សភាអ៊ុយក្រែន នឹងសម្រេចនៅថ្ងៃព្រហស្បតិ៍៕