CANBERRA: សារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤នេះបានឲ្យដឹងថា រដ្ឋាភិបាល អូស្រ្តាលី បានប្រកាសពីភាព ជោគជ័យរបស់ខ្លួន ក្នុងការចាត់វិធានការ ប្រឆាំងការជួញដូរមនុស្ស ព្រមទាំងបានដាក់ចេញនូវប្រព័ន្ធ ការពារតាមបន្ទាត់ព្រំដែន បានយ៉ាងហ្មត់ចត់។
រដ្ឋមន្ត្រីជនអន្តោប្រវេសន៍ របស់អូស្ត្រាលី លោក Scott Morrison បានលើកឡើងថា កាលពីអំឡុងឆ្នាំ២០១២ដល់ឆ្នាំ២០១៣កន្លងទៅនេះ ក្រោមការដឹកនាំរបស់អតីតមេដឹកនាំ របស់អូស្ត្រាលី តួលេខបានបង្ហាញថាក្នុងរយៈពេលត្រឹមប្រាំមួយខែ មានទូករហូតដល់១៩០គ្រឿង ដឹកអ្នកដំណើរខុសច្បាប់រហូត១២.៧៧៣នាក់ មកប្រទេស អូស្ត្រាលី ដែលនេះអាចបង្ហាញថា ក្នុងមួយថ្ងៃអាចមានទូក ដឹកអ្នកដំណើរច្រើនជាងមួយគ្រឿងចូលមកទីនេះ។
លោក Morrison បានលើកឡើងថា ប្រតិបត្តិការរឹតបន្តឹងតាមបន្ទាត់ព្រំដែន បានផ្តល់នូវផលចំណេញ ផ្នែកហិរញ្ញវត្ថុ និងជំនួយមនុស្សធម៌បានមួយកម្រិត ដោយក្នុងនោះអូស្ត្រាលីអាចសន្សំ ប្រាក់បានរហូតដល់២,៥ពាន់លានដុល្លារអូស្ត្រាលី ដែលស្មើរនឹង២,៣ពាន់លានដុល្លារអាម៉េរិក ព្រមទាំងអាចបិទទា្វរ មណ្ឌលឃុំឃាំងរហូតដល់១០កន្លែង។
ជាមួយគ្នានេះដែរ ប្រតិបត្តិការខាងលើក៏បានជួយឲ្យរដ្ឋាភិបាល អាចផ្តល់ជម្រកស្នាក់នៅបណ្តោះអាសន្នដល់ជនភៀសខ្លួនខុសច្បាប់ តាមរយៈកម្មវិធីមនុស្សធម៌ពិសេសបានរយៈពេលប្រាំឆ្នាំ សម្រាប់អ្នកដែលរងចាំការបន្តដំណើរទៅមុខទៀត។