Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ទស្សនៈ ស្តីពី ប្រព័ន្ធលូ​មិនល្អ​នៅក្រុង​បាវិត​ បានរំលោភ​ការរស់នៅ​ដោយសេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស

$
0
0

ដើមអម្ពិល ដោយលោក ប៉ោ សេដ្ឋា និពន្ធនាយករងវិទ្យុដើមអម្ពិល (បរិញ្ញាបត្រអក្សរសាស្រ្ត និងមនុស្សសាស្រ្ត «ជំនាន់ទី១២», សញ្ញាបត្រមន្រ្តីរដ្ឋបាល «ជំនាន់កសាងជាតិ», អនុបណ្ឌិតច្បាប់ «ផ្នែកនីតិឯកជន»)

ភ្នំពេញ៖ ក្រុងបាវិត ត្រូវបានប្ដូរពីឃុំបាវិត របស់ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដោយអនុក្រឹត្យលេខ ២៣៣ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៨ ដែលចុះហត្ថលេខា ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រុងបាវិត បានកាត់យកឃុំបាវិត ឃុំព្រៃអង្គុញ ឃុំប្រាសាទ ឃុំបាទី ពីស្រុកចន្ទ្រា និងឃុំច្រកម្ទេសពីស្រុកស្វាយទាប។ ក្រុងបាវិត មានចំនួនប្រាំសង្កាត់គឺ៖ សង្កាត់បាវិត សង្កាត់ព្រៃអង្គុញ សង្កាត់បាទី សង្កាត់ប្រាសាទ និងសង្កាត់ច្រកម្ទេស។ ក្រុងបាវិត មានព្រំដែនជាប់នឹង ប្រទេសវៀតណាម និងមានផ្លូវជាតិលេខ ១ឆ្លងកាត់។

ក្រុងបាវិត ជាពិសេសសង្កាត់បាវិត គឺជាទីប្រជុំជនតាំងពីដូនតាជាយូរមកហើយ បច្ចុប្បន្ន ក្រៅពីមានបញ្ហាគ្រឿងញៀន ល្បែងស៊ីសង និងស្ទើរតែមិនមានការអភិវឌ្ឍ អ្វីសោះ ក្រៅពីវិស័យឯកជន ក៏ដូចសប្បុរសជនជួយនោះ គឺហេដ្ឋារចនាសម្ព័ន្ធផ្លូវ ពិសេសប្រព័ន្ធលូតែម្តង បានក្លាយទៅជា បញ្ហាដ៏រ៉ាំរ៉ៃ ពីអាណត្តិមួយទៅអាណត្តិមួយ ពីមេឃុំមួយទៅមេឃុំមួយ ពីអភិបាលក្រុងមួយទៅអភិបាលក្រុងមួយ ដោះស្រាយមិនចេញឡើយ។

តើមកពីមូលហេតុអ្វី? តាមទស្សនៈរបស់ប្រជាជននៅសង្កាត់បាវិត ទាំងចាស់ទាំងក្មេង ទាំងអ្នកមិនចេះ ទាំងអ្នកចេះមធ្យម និងទាំងអ្នកចេះដឹងច្រើន បានយល់ឃើញដូចៗគ្នា ទាំងអស់៖

-មកពីមេឃុំ អភិបាលក្រុងអសមត្ថភាពផ្នែករដ្ឋបាលបែបប្រជាធិបតេយ្យ យកពេលវេលាភាគច្រើនបំផុត គិតតែពីរឿងប្រយោជន៍ ផ្ទាល់ខ្លួន ពុករលួយ ដោយឈរលើតួនាទី ឋានៈរបស់ខ្លួន ហើយផ្គាប់ផ្គុនតែបក្ស ដើម្បីរក្សាអំណាច និងឡើងបុណ្យសក្ដិ ងាយស្រួលពុករលួយទៀត ដូច្នេះស្ទើរតែមិនមានពេល ដើម្បីគិតប្រយោជន៍សាធារណៈឡើយ។

-ឬអាចមកពីមន្ត្រីបក្សថ្នាក់លើ បង្ខំឲ្យសមាជិករបស់ខ្លួនដែលជាមន្ត្រីរាជការបំរើការងារក្នុងឋានៈជាអាជ្ញាធរដែនដី ប្រឹងរកលុយឲ្យខ្លួន និងបម្រើគណបក្ស ទើបមន្ត្រីថ្នាក់ក្រោមប្រឹងបូម នាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ និងផលប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្ឋាន។

-មកពីប្រជាពលរដ្ឋបានរំលោភបំពានចាក់ដីលុប ទៅលើប្រឡាយមេទាំងមូល ដែលមានតាំងពីជំនាន់បារាំងធ្វើអាណាព្យាបាល និងកន្លែងខ្លះយកមួយផ្នែក ហើយសព្វថ្ងៃប្រឡាយតូច ក៏ត្រូវកកស្ទះដោយអន្លើដែរ ដោយមានអ្នកខ្លះចាក់ដីលុប និងមិនមានការស្ដារ។

-មកពីមេឃុំ និងអភិបាលក្រុង ប្រាក់ខែតិច ព្រមទាំងខ្លាចអ្នកមានអំណាច និងអ្នកមានទ្រព្យសម្បត្តិ ទើបមិនហ៊ានហាមឃាត់ អ្នកបំពានចាក់ដី លុបប្រឡាយ មេសង់ផ្ទះពីលើ។

-មកពីអាជ្ញាធរខ្លាចខាតសន្លឹកឆ្នោត ទើបបណ្តោយឲ្យមានការរំលោភបំពាន ទៅប្រព័ន្ធលូនាំទឹកកខ្វក់នេះកើតឡើង ហើយមិនហ៊ានហាមឃាត់។

-អភិបាលក្រុង យកការងារស្ដារ និងធ្វើប្រព័ន្ធលូនេះ ជាមុខជំនួញ ពោលគឺ កំណត់តម្លៃកំណាត់លូថ្លៃខ្ពស់ពេក មិនសមនឹងទំហំ និងគុណភាពលូ នាំឲ្យប្រជាពលរដ្ឋ នៅជួរក្រោយៗ ភាគច្រើនជាគ្រួសារក្រីក្រ មិនមានលទ្ធភាពចំណាយ ហើយបើទំលាក់តម្លៃ គឺអភិបាលក្រុងមិនបានចំណេញ ឬចំណេញតិចពេក នាំឲ្យខ្លួនមិនបាន ផលប្រយោជន៍ និងមិនបានលុយយកទៅផ្គាប់ផ្គុនចៅហ្វាយថ្នាក់លើ ដើម្បីរក្សាអំណាច ឬឡើងបុណ្យសក្តិ។ ចំណុចទាំងអស់ ខាងលើនេះហើយ ដែលបូកបញ្ចូលគ្នា ទើបបណ្តាលឲ្យបញ្ហា ប្រព័ន្ធលូមិនល្អ នៅក្រុងបាវិត ពិសេសនៅសង្កាត់បាវិតនេះ កើតឡើងដូចបច្ចុប្បន្ន។

ក្រៅពីចាក់ដីរំលោភ យកមេប្រឡាយ ដើម្បីពង្រីកដីនៅពីមុខផ្ទះ ប្រឡាយមេនេះ ក៏កកស្ទះដោយសារ ចាក់សម្រាម ពាសវាលពាសកាល គ្មានសណ្ដាប់ធ្នាប់ មិនគិតពីផលប៉ះពាល់ ដល់បរិស្ថាន និងបាតប្រឡាយគោករាក់ មិនដែលបានស្ដារផងដែរ។

ការចាក់សំរាមទៅក្នុងប្រឡាយ, ការចាក់ដីលុបមេប្រឡាយទាំងស្រុង, ការចាក់ដីរំលោភយកដី ប្រឡាយតាមកន្លែងខ្លះ និងបាតប្រឡាយគោករាក់នេះ បានធ្វើឲ្យចាល់ទឹក នៅជួរខាងលើជាប់នឹង ផ្លូវជាតិលេខ១ ទោះបីប្រព័ន្ធលូធ្វើហើយ ក៏ដោយ រួចផ្ទះដែលសង់ នៅលើដីទាប ពិតជាទឹកភ្លៀងហូរចូលមិនខាន។

ប្រព័ន្ធលូមិនត្រូវបានដោះស្រាយបែបនេះ បណ្តាលឲ្យការសង់ផ្ទះ និងអគារនានា មិនឯកភាពគ្នាទៅលើ កំពស់នៃបាតផ្ទះ (ខឿនផ្ទះ) និងអគារឡើយ។ អ្នកមានលុយកាក់ ដែលសង់ផ្ទះ ឬអគារថ្មី គេប្រឹងលើកខឿនឲ្យបានខ្ពស់ជៀសវាងការទឹកហូរចូលនៅពេលមានភ្លៀងម្តងៗ។

ចំពោះគ្រួសារអ្នកមានទ្រព្យសម្បត្តិកាលពីលើកមុន បានសង់ផ្ទះថ្ម ប៉ុន្តែក្រោយមកប្រកបមុខរបរខាត ឬធ្លាក់ខ្លួនក្រ សព្វថ្ងៃមិនមានលទ្ធភាពលើកខឿនផ្ទះឲ្យខ្ពស់ឡើយ រីឯអ្នកមានគេប្រឹងលើកខឿនផ្ទះឲ្យបានខ្ពស់ ដើម្បីកុំឲ្យទឹកហូរ ចូល។ ចំណែកអ្នកក្រីក្រ ហើយមានផ្ទះនៅទីកន្លែងដែលមិនសូវមានបរិស្ថានល្អ ដោយអ្នកជិតខាងមាន ក្រោលគោ ក្របី ទ្រុងជ្រូក មាន់ ទា និងបង្គន់មិនមានអនាម័យ គឺរបស់មិនល្អ និងទឹកស្អុយ បានហូរចូលផ្ទះអ្នកក្រីក្រនោះយ៉ាងពេញបន្ទុកតែម្តង ដូច្នេះពួកគេទ្រាំរស់នៅ ជាមួយក្លិនស្អុយ និងលាមក (អាចម៍) ទាំងអស់នោះ។គ្រួសារខ្លះទ្រាំរស់នៅ អត់ជាងសត្វបែបបនេះមិនបាន ក៏បង្ខំចិត្តលក់ដីផ្ទះនេះក្នុងតម្លៃ ថោក។

បុរសម្នាក់កំពុងសង់ខឿនផ្ទះរបស់ខ្លួន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា ផ្ទះរបស់ខ្លួនត្រូវទឹកហូរចូលរាល់ពេលមានភ្លៀងធ្លាក់ម្តងៗ ហើយមាន ក្លិនស្អុយទៀតផង ព្រោះនៅជិតផ្សារ ដូចនេះសមាជិកគ្រួសាររបស់គេ យកពេលវេលាមកបាចទឹកចេញ។ នៅពេលនេះ រូបលោកសន្សំលុយបាន គឺមិនហ៊ានពង្រីក មុខរបរទៅតាមផែនការទេ គឺសុខចិត្តយកលុយនេះ មកលើកខឿនផ្ទះ ដោយវាយផ្ទះចាស់ទាំងមូលចោលតែម្តង (សូមមើលរូបខាងក្រោម)។

ក្រៅពីប្រព័ន្ធលូ ដែលជាមេប្រឡាយនាំ ទឹកស្អុយនៅខាងក្រោយផ្ទះ ពីសម័យមុន ត្រូវគេចាក់ដីលុបទាំងស្រុងដើម្បីសង់ផ្ទះ, ខ្សែមេប្រឡាយនៅសល់ដទៃទៀត ត្រូវគេចាក់ដីលុបយក មួយផ្នែកដោយអន្លើ, គោករាក់, ចាក់សម្រាម, ផ្លូវមិនដែលធ្វើ គឺនៅកន្លែងខ្លះ នៃក្រុងបាវិត មានខ្សែភ្លើងរញ៉េរញ៉ៃ គ្មានបង្គោលភ្លើងត្រឹមត្រូវ នាំឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាច ជាពិសេសចំពោះក្មេងៗ ដូចមានរូបបង្ហាញខាងក្រោម។

រដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ជំពូកទី៣ អំពី សិទ្ធិ និងករណីយកិច្ច របស់ប្រជាពលរដ្ឋខ្មែរ, មាត្រា ៣១, កឋាខណ្ឌទី១ បានចែងថា ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ និងគោរពសិទ្ធិ មនុស្សដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយ ទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។

សេចក្តីថ្លែងការណ៍ជាសកល ស្តីអំពី សិទ្ធិមនុស្ស មាត្រា ១, វាក្យខណ្ឌទី១ បានចែងថា មនុស្សទាំងអស់ កើតមកមានសេរីភាព និងមានសមភាព ទាំងសេចក្តីថ្លៃថ្នូរ ទាំងសិទ្ធិ។ ចំណែកមាត្រា ៣ បានចែង ថា មនុស្សគ្រប់រូប មានសិទ្ធិរស់រានមានជីវិត មានសេរីភាព នឹងមានសន្តិសុខផ្ទាល់ខ្លួន។ រីឯមាត្រា ២៥ វាក្យខណ្ឌទី១ នៃសេចក្តីថ្លែងការណ៍ ដដែលបានចែងថា ជនណាក៏ដោយ មានសិទ្ធិកម្រិតជីវភាពគ្រប់ គ្រាន់ដើម្បីធានាសុខភាព និងសុខុមាលភាពរបស់គេ និងគ្រួសារគេ ដោយជាអាទិ៍ ចំណីអាហារ, សម្លៀកបំពាក់, លំនៅស្ថាន, ការព្យាបាលជំងឺនានា ព្រមទាំងការឧបត្ថម្ភអំពី សេវាសង្គមកិច្ចចាំបាច់ផ្សេង។

ដោយព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្ម នុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពី សិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ នេះហើយ ទើបជំពូកទី៦ អំពី អប់រំ វប្បធម៌ និងសង្គមកិច្ច មាត្រា ៦៥, កថាខណ្ឌទី២ បានចែងថា រដ្ឋយកចិត្តទុកដាក់ដល់វិស័យអប់រំ កាយនិងកីឡា ដែលជាសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។

ចំណែកមាត្រា ៧២, វាក្យខណ្ឌទី១នៃ កថាខណ្ឌទី១ ក្នុងជំពូកដដែលបានចែងថា សុខភាពរបស់ប្រជារាស្ត្រ ត្រូវបានធានា។ ក្រុងបាវិត គឺជាទីប្រជុំជនដ៏ធំ និងចំណាស់មួយ មានតាំងពីសម័យមុនៗ ហេដ្ឋារចនាសម្ព័ន្ធមានស្រាប់ ពុំមានអ្វីពិបាកដែលដោះស្រាយមិនចេញនោះទេ បើអ្នកគ្រប់គ្រងមានមនសិការការងារ ប៉ុន្តែរឿងងាយស្រួលសោះ បែរជាបណ្តោយឲ្យមានភាពស្មុគ្រស្មាញ រំលោភបំពាន ប្រមាថមើលងាយទៅលើសេចក្តីថ្លៃថ្នូរ របស់មនុស្សជាតិទៅវិញ។

ក្នុងករណីប្រព័ន្ធលូមិនល្អនេះ មិនត្រូវបានដោះស្រាយទេ បញ្ហានឹងកើតឡើង ជាបន្តបន្ទាប់មិនចេះចប់ឡើយ មានដូចជា៖

១-ប្រជាពលរដ្ឋខំប្រឹងប្រកបមុខរបរ ហើយបើបានចំណេញ ជាអាទិភាព គឺពួកគេគិតយកលុយពីការសន្សំបាននេះ មកលើកខឿនផ្ទះឲ្យបានខ្ពស់ ដើម្បីកុំឲ្យទឹកហូរចូលផ្ទះ ពេលរដូវភ្លៀង។

២-មិនអាចពង្រីកមុខរបរ ឬបង្កើតមុខរបរថ្មីបាន ដោយសារតែលុយ ដែលសន្សំបាន ត្រូវយកទៅលើកខឿនផ្ទះឲ្យខ្ពស់ ដូច្នេះនាំឲ្យប៉ះពាល់ដល់ នយោបាយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ។

៣-នៅពេលប្រជាពលរដ្ឋលើកខឿនផ្ទះបានខ្ពស់ច្រើនផ្ទះ បណ្តាលឲ្យផ្លូវទាបទៅវិញ រួចផ្លូវនេះ ក្លាយទៅជាប្រឡាយ ឬអូរ នៅពេលមានភ្លៀងម្តងៗ ដូច្នេះទាំងផ្លូវជាតិ លេខ១ និងផ្លូវលំ ត្រូវរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ចំណាយធនធានដើម្បីលើកផ្លូវឲ្យខ្ពស់ទៀតជាមិនខាន។

៤-អ្នកដែលរស់នៅក្នុងផ្ទះ មានខឿនទាប ពិតជារស់នៅក្នុងភក់ជ្រាំ មានក្លិនស្អុយអសោច អន់ជាងសត្វធាតុទៅទៀត ដោយសារមិនមានប្រព័ន្ធលូ ប្រឡាយល្អត្រឹមត្រូវ សម្រាប់នាំទឹកចេញ មកពីទឹកហូរមកពី ទីខ្ពស់មកទីទាប។

៥-ដោយទ្រាំរស់នៅក្នុងស្ថានភាពអន់ជាងសត្វមិនបាន គ្រួសារក្រីក្រទាំងនោះ បង្ខំចិត្តលក់ដីផ្ទះនេះទាំងតម្លៃថោក ហើយទៅទិញដីថោកនៅឆ្ងាយពីទីប្រជុំជន នាំឲ្យជួបបញ្ហា អសន្តិសុខ សុវត្ថិភាព ឆ្ងាយពី ផ្សារ សាលារៀន វត្តអារាម មណ្ឌលសុខភាព ពុំមានបណ្ដាញទឹកស្អាត និងភ្លើងអគ្គិសនីជាដើម។

បុព្វកថារបស់សេចក្តីថ្លែងការណ៍ជាសកលស្តីអំពី សិទ្ធិមនុស្ស ក្នុងកថាខណ្ឌទី១ ទី២ និងទី៣ បានចែងថា ដោយហេតុថា ការទទួលស្គាល់នូវសេចក្តីថ្លៃថ្នូរ ជាប់ពីកំណើតរបស់រាល់ សមាជិកនៃគ្រួសារ មនុស្ស ព្រមទាំងសិទ្ធិស្មើៗគ្នារបស់មនុស្សទាំងអស់ដែលមិនអាច លក់ ប្តូរ ផ្ទេរ ឬដកហូតបាន ជាគ្រឹះនៃសេរីភាព យុត្តិធម៌ និងសន្តិភាពក្នុងពិភពលោក។

ដោយហេតុថា ការមិនទទួលស្គាល់ និងការប្រមាថមើលងាយ សិទ្ធិមនុស្ស បានបណ្ដាលឲ្យមាន អំពើ អនារ្យសាហាវយង់ឃ្នង ដែលធ្វើឲ្យទំនាស់យ៉ាងខ្លាំង ដល់សតិសម្បជញ្ញៈ នៃមនុស្ស និងដោយហេតុថា ព្រឹត្តិការណ៍ពិភពលោកមួយ ដែលមនុស្សនឹងមានសេរីភាព ក្នុងការនិយាយស្តី ក្នុងជំនឿ និងបានរំដោះ ពីភេរវភាព និងទុគត៌ភាព ត្រូវបានគរប្រកាសឡើងថាជា សេចក្តីប្រាថ្នាដ៏ឧត្តុង្គឧត្តម បំផុតរបស់មនុស្ស។ ដោយហេតុថា កិច្ចគាំពារសិទ្ធិទាំងឡាយ របស់មនុស្សដោយ របបធម្មាធិបតេយ្យមួយ ជាការមានសារៈសំខាន់ ដើម្បីកុំឲ្យមនុស្សបង្ខំចិត្តយកការបះបោរ ជាការសំអាងឧត្តមបំផុត ដើម្បីប្រឆាំងតទល់នឹងអំណាចផ្តាច់ការ និងអំពើសង្កិតសង្កិន។

ដូច្នេះ ការលើកយកករណីបញ្ហាអវិជ្ជមាន ដែលកើតចេញពីប្រព័ន្ធលូមិនល្អ នៅក្រុងបាវិតនេះ ជាឧទាហរណ៍សម្រាប់ក្រុង ខេត្ត ខណ្ឌ ដទៃទៀត គឺយើងអាច មើលឃើញថា វាបានរំលោភបំពានរួចទៅហើយ ទៅលើសេចក្តីប្រកាសជា សកលស្តីពីសិទ្ធិមនុស្ស,កតិកាសញ្ញា, អនុសញ្ញាទាំងឡាយ ទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។

យោងលើស្មារតីនៃរដ្ឋធម្មនុញ្ញ របស់ព្រះរាជាណាចក្រកម្ពុជា បានទទួលស្គាល់ និងគោរពសិទ្ធិមនុស្សនេះហើយ បានជារាជរដ្ឋាភិបាលកម្ពុជា បង្កើតឲ្យមានការប្រឡង ប្រណាំងទីក្រុងស្អាត ដោយមានមូលដ្ឋាន នៃការវាយតម្លៃស្តង់ដារ ទីក្រុងស្អាតនេះ ផ្អែកលើ៧ចំណុច៖

១-ការគ្រប់គ្រង និងរៀបចំបរិស្ថាន, ២-ភាពស្អាត, ៣-ការគ្រប់គ្រងសំណល់, ៤-បញ្ជ្រាបការយល់ដឹង, ៥-តំបន់បៃតង, ៦-សុវត្ថិភាព សុខាភិ បាល សន្តិសុខ និងសណ្ដាប់ធ្នាប់ ទីក្រុង, ៧-ហេដ្ឋរចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍។ គោលបំណងនៃការប្រឡងនេះ គឺចង់លុបបំបាត់ចំណុច អវិជ្ជមានដូចបាន រៀបរាប់បញ្ហា មួយចំនួន ដែលបានកើតចេញពី ប្រព័ន្ធលូមិនល្អនៅក្រុងបាវិតនេះ ជាតួយ៉ាង ដើម្បីលើកកម្ពស់ សេចក្តីថ្លៃថ្នូររបស់មនុស្សទូទៅ។

ដូចនេះ អាជ្ញាធរដែនដីណា មានចរិតគ្រប់គ្រងដូចក្រុងបាវិត គឺទោះចង់ ឬមិនចង់ វាបានរំលោភបំបានទៅលើ ស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាចក្រកម្ពុជា និងធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ ដែលក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល គួរពិចារណាលើមន្ត្រី បែបនេះចេញ ទើបប្រទេសកម្ពុជា ក្លាយជារដ្ឋល្អមួយនៃ សមាជិកអង្គការសហប្រជាជជាតិ, ជាអាជ្ញាធរស្គាល់ និងដោះស្រាយពីសុខទុក្ខ របស់ប្រជាជននៅមូលដ្ឋាន និងជារាជរដ្ឋាភិបាល ចេះគិតគូរពីបញ្ហាជាតិ។

ចូលចងចាំថា ការរីកចម្រើនផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ វាជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទ្រ ទ្រង់សេចក្តីថ្លៃថ្នូរ និងសិទ្ធិសេរីភាពរបស់មនុស្សជាតិ។ ប៉ុន្តែបើសិន នៅក្នុងសង្គមមួយ ឬប្រទេសមួយ ឬតំបន់មួយ ឬសហគមន៍មួយ មានសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ អន់ថយ បានន័យថា សេចក្តីថ្លៃថ្នូរ និងសិទ្ធិសេរីភាពរបស់ មនុស្សជាតិ នៅទីតាំងនោះត្រូវបានគេ ជាន់ឈ្លី ឬមិនបានយកចិត្តទុកដាក់ រួចនាំឲ្យមានការទាមទារ តវ៉ា រើបំរះពីការសង្កត់សង្កិន ឬអាចឈានដល់ការធ្វើបដិវត្ត ដោយផ្ទុះសង្គ្រាមបង្ហូរឈាម ដើម្បីធ្វើការផ្លាស់ប្តូរអ្នកដឹកនាំទៀតផង៕


Viewing all articles
Browse latest Browse all 8042

Trending Articles