ភ្នំពេញ៖ មន្ត្រីអាវុធហត្ថរាជ ធានីភ្នំពេញ បានឲ្យដឹងថា លោកកែវ មុនី ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃ ទី ២០ ខែ មិថុនា ២០១៤ បានចេញដីកាបង្គាប់ ឲ្យឃុំខ្លួន អតីតអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និង ប្រុយណេ និង បច្ចុប្បន្នជាប្រធានការិយាល័យ នៃនាយកដ្ឋានផែនការនៃ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឈ្មោះ តាំង សុខលី ភេទប្រុស អាយុ៣៨ឆ្នាំ ទៅដាក់គុកនៅពន្ធនាគារ ព្រៃស ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ«ក្លែងឯកសារសាធារណៈ» ជាប់ទាក់ទងនឹង ការផ្ដល់លិខិតបញ្ជាក់មិនពិតមួយដែលពាក់ព័ន្ធទៅនឹងការនាំឈើប្រណិតជាច្រើនតោន ពីកម្ពុជា ទៅកាន់ ប្រទេសវៀតណាម កាលពីឆ្នាំ ២០១៣។
មន្ត្រីអាវុធហត្ថបានបន្ថែមថា៖ ឈ្មោះតាំង សុខលី ត្រូវបានចាប់ខ្លួន ដោយកងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមិថុនា វេលាម៉ោង១៨និង៣០នាទីយប់ នៅក្នុងបន្ទប់សណ្ឋាគារឡឺប្រេស៊ីដង់។ គាត់ត្រូវបាន ចាប់ខ្លួន ដោយអនុវត្តន៍តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ លោកកែវ មុនី នៃ សាលាដំបូងរាជធានីភ្នំពេញ ដែលបានចេញដីកាបង្គាប់ឲ្យនាំខ្លួនលេខ៣១២តព្រចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤។
ចំពោះការចោទប្រកាន់ខាងលើនេះ លោក តាំង សុខលី មិនអាចទាក់ទង ដើម្បីបំភ្លឺបានឡើយ នៅថ្ងៃ សៅរ៍នេះ ៕