ភ្នំពេញ ៖ ដោយសង្កេតឃើញ ស្ថានភាពបច្ចុប្បន្ន កម្ពុជា មានក្រុមបាតុករ ជាស្រ្តី ទាមទារ នាពេល កន្លងមកនោះ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានបង្ហាញបទពិសោធន៍ ដល់កម្ពុជា ក្នុងការប្រើប្រាស់ សមត្ថកិច្ច ជាស្រ្តី ដើម្បីទប់ទល់បាតុកម្ម ព្រោះស្រ្តីទន់ភ្លន់ ជាងបុរស អាចឲ្យបាតុករបញ្ឈប់ ការធ្វើបាតុកម្មណា មួយបានដោយគ្មានអំពើហិង្សា។
លោក Pitono Purnomo ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បាន ចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារជាមួយលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ក្នុងឱកាសដែលរូប លោក ទើបបានតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីថ្មី ប្រចាំព្រះរាជា ណាចក្រកម្ពុជា ។
គេហទំព័រ របស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា នៅក្នុងជំនួបនោះ លោក Pitono Purnomo បានបង្ហញពីការ ចាប់អារម្មណ៍ទៅលើការអភិវឌ្ឍន៍យ៉ាងឆាប់រហស័ របស់រាជធានីភ្នំពេញ ដែលជាទីកន្លែង ទាក់ទាញអ្នកវិនិយោគទុនពីបរទេស ក្នុងនោះ ក៏មានអ្នកវិនិយោគមកពីប្រទេស ឥណ្ឌូនេស៊ីផងដែរ ដោយសារតែកម្ពុជាមានស្ថេរភាពនយោបាយ និងមានសុខសន្តិភាពពេញលេញ ។ ទន្ទឹមនេះ ឯកអគ្គ រដ្ឋទូត ក៏បានបង្ហាញពីបទពិសោធន៍របស់ប្រទេសឥណ្ឌូនេស៊ី លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងទីក្រុង ពិសេស កងកំលាំងទប់ស្កាត់បាតុកម្ម កុប្បកម្ម ដែលមានប្រសិទ្ធភាពនោះ ដោយប្រើប្រាស់ សមត្ថកិច្ចជានារីស្អាត ដើម្បីទៅជូបចចារជាមួយក្រុមបាតុករ គឺទទួលបានលទ្ធផលជាងសមត្ថកិច្ចជាបុរស ។ ព្រោះស្ត្រីមានភាពទន់ភ្លន់ជាង បុរស រហូតដល់សមត្ថកិច្ចជួយប្រាប់ទៅបាតុករថា ដល់ពេលថ្វាយ បង្គំព្រះហើយ ដែលពូកគេគោរពប្រតិបត្តិ ឥស្លាមសាសនាភាគច្រើននៅឥណ្ឌូនេស៊ី ។ លោក Pitono Purnomo បានគូសបញ្ជាក់ទៀតថា ការសំដែងមតិ ដែលកើតមាននៅកម្ពុជាកន្លងមក គឺបង្ហាញឲ្យ ឃើញពីការរីកចំរើននៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។
ជាការឆ្លើយ តបជា មួយដៃគូរសន្ទនានាឱកាស លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញ បានជំរាបជូនភ្ញៀវពីបញ្ហាប្រឈមមួយចំនួន ស្របពេលដែលរាជធានីភ្នំពេញ កំពុងមានការ អភិវឌ្ឍន៍រីកចម្រើន ឥតឈប់ឈរនោះ ពិសេស ចំនួនប្រជាពលរដ្ឋកើនឡើងជាបន្តបន្ទាប់ រួមទាំង កំណើនយានយន្តកើនឡើងយ៉ាងគំហុក ផងនោះ បានបង្ករឲ្យមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ ហើយសាលា រាជធានីភ្នំពេញត្រូវតែយកចិត្តទុកដាក់ធ្វើការ ដោះស្រាយជាចាំបាច់ ។ ជាងនេះទៀត ក្នុងរយៈពេលជិតមួយឆ្នាំមកនេះ សាលារាជធានីភ្នំពេញ ក៏បានប្រឈម ទៅនឹងការដង្ហែរក្បួនបាតុកម្ម ដែលបង្កើតឡើងដោយអ្នកនយោបាយ ធ្វើឲ្យរាជធានីភ្នំពេញពុំមានពេលគ្រប់គ្រាន់ ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍ទីក្រុង ។ លោក អភិបាលរាជធានីភ្នំពេញ បានបន្តទៀតថា ការសំដែងមតិមិនខុសទេ តែយើងសុំឲ្យមានការគោរពច្បាប់ ហើយ រាជធានីភ្នំពេញា ដាច់ខាតត្រូវតែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អ ។
សូមបញ្ជាក់ថាកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលតាមរយៈលោក កែវ រ៉ាមី អនុរដ្ឋលេខាធិការនៃទីស្តី ការគណៈរដ្ឋមន្រ្តីក៏ធ្លាប់បានមានប្រសាសន៍ថា រដ្ឋាភិបាលមានបំណងឲ្យមានសមត្ថកិច្ច ជាស្រ្តីព្រោះកន្លង មកមានបាតុករភាគច្រើនជានារីដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការទប់ទល់ជាជាងមានសមត្ថកិច្ចបុរសបង្រ្កាបលើបាតុករជាស្រ្តី៕