បាត់ដំបងៈ កម្លាំងនគរបាលស្រុកសំពៅលូន ចុះបង្រ្កាបផ្ទះមួយកន្លែង ចាប់បានជនសង្ស័យ ៣នាក់កាលពីវេលាម៉ោង ៤និង៤០នាទីល្ងាចថ្ងៃទី ២១ខែមិថុនាឆ្នាំ២០១៤ នៅចំណុចភូមិគីឡូ ១៣ឃុំសន្តិភាពស្រុកសំពៅលូន និងរឹបអូសបានថ្នាំញៀន យ៉ាម៉ាចំនួន ៥៣គ្រាប់ នាំយកមកសាកសួរ រួចកសាងសំណុំរឿង បញ្ជូនខ្លួននិងវត្ថុតាង ទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។
លោក ឈិត សេង អធិការរងនគរបាល ស្រុកសំពៅលូនបានឲ្យដឹងថា កាលពីវេលាម៉ោង៤និង៤០នាទី ល្ងាចថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៤ នៅចំណុចភូមិគីឡូ១៣ ឃុំសន្តិភាពស្រុកសំពៅ លូនមានករណីចែកចាយថ្នាំញៀន នៅក្នុងផ្ទះមួយកន្លែងភ្លាម លោកបានដឹកនាំកម្លាំងសមត្ថកិច្ច នគរបាលស្រុកចុះភ្លាមៗ និងធ្វើការឃាត់ខ្លួន បានជនសង្ស័យចំនួន៣នាក់ និងរឹបអូសបានថ្នាំញៀន ចំនួន៥៣គ្រាប់និងសម្ភារៈមួយចំនួនទៀត។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន៖ទី១ឈ្មោះង៉ែត ម៉ាច ភេទប្រុសអាយុ៣៦ឆ្នាំ (ជាម្ចាស់ផ្ទះនិងថ្នាំញៀន)ទី២ឈ្មោះ សុទ្ធ វាសនា ភេទប្រុសអាយុ៣៥ឆ្នាំ (ជាអ្នកទិញយកទៅលក់បន្ត)ទី៣ឈ្មោះ សិទ្ធ លីម ភេទប្រុសអាយុ១៦ឆ្នាំ(ជាអ្នកប្រើប្រាស់ក្នុងផ្ទះអ្នកលក់) ទាំង៣នាក់នេះមានទីលំនៅភូមិ ឃុំខាងលើជាមួយគ្នា រួចនាំយកមកសាកសួរ។
ជនសង្ស័យបានឆ្លើយសារភាពថា បក្ខពួកខ្លួនពិតជាបានរកស៊ីលក់ ចែកចាយថ្នាំញៀនឲ្យអ្នកយកទៅលក់បន្តនិងទៅអ្នកប្រើប្រាស់ក្នុងផ្ទះខ្លួនពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ទាំង៣នាក់ កំពុងឃុំខ្លួនបណ្តោះអាសន្ន នៅអធិការស្រុកនិងកំពុង សាកសួរចម្លើយ និងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕