កំពង់ចាមៈ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាល ឃុំស្វាយពោធិ៍ បានបាត់ខ្លួន ខណៈនាយប៉ុស្តិ៍រូបនេះ បានចេញទៅឆ្មក់ ចាប់បទល្មើស នេសាទ កាលពីមោងជាង៧យប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចបឹងក្រចាប់ ក្នុងភូមិ សាស្ត្រ ភូមិ.ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ លោកនាយប៉ុស្តិ៍ ដែលបានបាត់ខ្លួនមានឈ្មោះ ចាន់ សុផល អាយុ៤៨ឆ្នាំ ។
តាមមន្ត្រីនគរបាលស្រុកស្រីសន្ធរ បានឲ្យដឹងថា ជារឿយៗ លោកនាយប៉ុស្តិ៍ ចាន់ សុផល តែងតែទៅលបឆ្មក់ ចាំឃ្លាំមើល បទល្មើសនេសាទ ដែលកើតមាននៅចំណុចបឹងក្រចាប់តែម្នាក់ឯង ហើយនៅពេលលោក បាន ឃើញបទល្មើស ទើបលោក ចុចទូរស័ព្ទហៅគ្នីគ្នា ចុះបង្ក្រាបបទល្មើសនោះ។ ប៉ុន្តែនៅយប់មិញនៅម៉ោង ប្រហែលជាង៧យប់ លោក សុផល បានជិះម៉ូតូយកទៅផ្ញើ អ្នកភូមិ ហើយចុះទៅឃ្លាំមើលបទល្មើសនេសាទ ដូចសព្វដង។ លុះរហូតដល់ព្រឹកឡើងស្រាប់តែបាត់ខ្លួនលោក សុផល មិនឃើញតែម្តង ។
ប្រភពដដែល បានឲ្យដឹងទៀតថា កន្លងមក លោកអភិបាលស្រុកស្រីសន្ធរ ធ្លាប់បានណែនាំកុំឲ្យលោកមេប៉ុស្តិ៍ ទៅឃ្លាំមើលតែម្នាក់ឯង តែលោកមេប៉ុស្តិ៍ ទៅតែទៅម្នាក់ឯង រហូតដល់យប់ម៉ិញនេះ បានបាត់ខ្លួនរហូតដល់ ពេលនេះ មិនទាន់រកឃើញ ។
ហើយពាក់ព័ន្ធនិងការបាត់ខ្លួននាយប៉ុស្តិ៍ខាងលើ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានថ្លែងឲ្យដឹងថា លោក បានដឹកនាំ កម្លាំងនគរបាល ជាច្រើននាក់ ព្រមទាំងប្រជាពលរដ្ឋ នាំគ្នាចុះស្វែងរក លោកមេប៉ុស្តិ៍ហើយ៕