កំពង់ចាម ៖ មន្រ្តីនគរបាល តាមបណ្តា ឃុំ សង្កាត់ ក្រុង និងស្រុក ទូទាំង ខេត្តកំពង់ចាម ក្រោមការដឹកនាំ និងមានគោលការណ៍ បច្ចេកទេស ពីសំណាក់ស្នងការ នគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន បានបើក ប្រតិបត្តិការ ចុះស្រង់ស្ថិតិ អំពីចំនួនពលករ ដែលទើបត្រឡប់មកពី ប្រទេសថៃ ដែលមានទីលំនៅ ក្នុងខេត្តកំពង់ចាម ។
មន្រ្តីនគរបាល ខេត្តកំពង់ចាម បានថ្លែងឲ្យដឹងថា ក្រោយពីមានគោលការណ៍ ណែនាំ ពីសំណាក់ ស្នងការនគរបាល រួចមក កម្លាំងនគរបាល តាមបណ្តា គោលដៅ បានចុះធ្វើរដ្ឋបាល និងស្រង់ ចំនួនពលករ ដែលត្រឡប់មកពី ប្រទេសថៃ នៅតាម ភូមិឃុំទាំងនោះ។
មន្រ្តីនគរបាល បានបន្តទៀតថា ក្នុងប្រតិបត្តិការ ខាងលើនេះ មន្រ្តីនគរបាល បានជួយសម្រួលដើម្បី ស្វែងរកការងារ ជំនាញ និងបង្កលក្ខណះសម្បត្តិ ធ្វើឯកសារ ដល់ប្រជាពលករទាំង ឡាយណា ដែលចង់ត្រឡប់ទៅធ្វើការ នៅក្នុងប្រទេសថៃវិញ ។
បើតាមមន្រ្តីនគរបាល ខាងលើនេះ បានបញ្ជាក់ទៀតថា ក្នុងចំណោមពលករ ដែលទើបត្រឡប់មកពីប្រទេសថៃវិញនោះ មានបុរស ជនជាតិថៃម្នាក់ ដែលមកតាម ប្រពន្ធរបស់គាត់ ជនជាតិខ្មែរ រស់នៅ ភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
បើតាមមន្រ្តីនគរបាល ស្រ្តីជាជនខ្មែរ ខាងលើនេះមាន ឈ្មោះ ផន ហ៊ីម និងប្តីជនជាតិថៃ មានឈ្មោះ ប៊ុត ដាម៉ៃ អាយុ៤៤ឆ្នាំ រស់នៅភូមិកូកែវ សង្កាត់បាកេត ខេត្តនួនថបូរី។
បុរសជនជាតិថៃរូបនេះ បានប្រាប់ សមត្ថកិច្ចថា រូបគេបានមកតាម ប្រពន្ធ ដោយគ្មានលិខិតឆ្លង ដែនត្រឹមត្រូវនោះឡើយ ហើយធ្វើដំណើរតាម ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅ ដោយមានបំណងមករស់នៅ ជាមួយ ប្រពន្ធរបស់ខ្លួន និងរកស៊ី នៅស្រុកខ្មែរ ។
ចំពោះបុរសជនជាតិថៃរូបនេះ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន កំពុងសុំគោលការណ៍ ណែនាំបន្តទៀត ពីថ្នាក់ដឹកនាំ ថាតើឲ្យរូបគេត្រឡប់ទៅវិញ ឫមួយ អនុញ្ញាតឲ្យ ត្រឡប់ទៅប្រទេសថៃវិញ ។
សូមបញ្ជាក់ថា ស្នងការនគរបាល ខេត្តកំពង់ចាម ក៏បានបញ្ជូនរថយន្តចំនួន១៧គ្រឿង ទៅដឹកពលករ ដែលឆ្លងដែន តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ផងដែរ ដោយដឹកពួកគេទៅ កាន់លំនៅដ្ឋាន ប្រកបដោយ សុវត្ថិភាពជាទីបំផុត៕