ភ្នំពេញ៖ ក្នុងឱកាសពិព័រណ៍ ការងារថ្នាក់ជាតិ រយៈពេលពីរថ្ងៃ ពីថ្ងៃ២១-២២ ខែមិថុនា ឆ្នាំ២០១៤ នៅមណ្ឌល សន្និបាតពិព័រណ៍កោះពេជ្រ ដែលរៀបចំ ដោយសភា ពាណិជ្ជកម្មបារាំង-ខ្មែរ (CCFC) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឈានមុខមួយនៅកម្ពុជា ក៏បានចូលរួមផ្សព្វផ្សាយ ពីឱកាសការងារល្អៗ របស់ខ្លួន ជាមួយបណ្តាក្រុមហ៊ុន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការជាតិ និងអន្តរជាតិនានា។
លោក អែម សីហា ប្រធានផ្នែកជ្រើសរើស បុគ្គលិក របស់ អេ អឹម ខេ បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ អេ អឹម ខេ តែងតែបានចូលរួម ក្នុងពិព័រណ៍ការងារ ថ្នាក់ជាតិនេះ ក្នុងគោលបំណង ផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់សិស្ស និស្សិត សាធារណៈជនទូទៅ ពីឱកាសការងារល្អៗ ដែលផ្តល់ដោយ អេ អឹម ខេ។ អេ អឹម ខេ ជ្រើសរើសបុគ្គលិក ប្រព្រឹត្តទៅប្រកប ដោយតម្លាភាព ស្មើរភាព និងយុត្តិធម៌ចំពោះ បេក្ខជនគ្រប់រូប ដែលបានមកដាក់ពាក្យ តាមរយៈការប្រឡង ដ៏ត្រឹមត្រូវ ដែល និយាយជារួម ឲ្យតែបេក្ខជនណា មានសមត្ថភាព និងចំណេះដឹងពិតប្រាកដ លើមុខតំណែង ដែលខ្លួនស្នើសុំនោះ ពួកគេពិតជាត្រូវបាន ជ្រើសរើសមកបម្រើ ការងារ ជាមួយ អេ អឹម ខេ ជាក់ជាមិនខាន ។
លើសពីនេះទៅទៀត ក្នុងឱកាសពិព័រណ៍ការងារ រយៈពេលពីរថ្ងៃនេះ អេ អឹម ខេ ក៏ចូលរួមក្នុងសិក្ខាសាលាស្តីពីការ សម្ភាសន៍ការងារជាមួយបេក្ខជន ដោយផ្ទាល់ នេះជាឱកាសដ៏ពិសេស សម្រាប់បេក្ខជនទាំងឡាយ អាចសាកសួរព័ត៌មាន ប្រឹក្សាយោបល់ជាច្រើនជុំវិញការជ្រើសរើសបុគ្គលិក នៅ អេ អឹម ខេ ។
លោកបានបន្តទៀតថា អេ អឹម ខេ មិនត្រឹមតែផ្តល់ឱកាសការងារល្អៗ និងមុខតំណែងជាច្រើន ដល់សិស្ស និស្សិត សាធាណរជនទូទៅប៉ុណ្ណោះទេ ថែមទាំងនៅពេល ពួកគេ ត្រូវបានជ្រើសរើស ជាបុគ្គលិក អេ អឹម ខេ ពួកគេនឹងទទួលបាន នូវអត្ថប្រយោជន៍ជាច្រើនដូចជា ការតម្លើងប្រាក់បៀរ៍វត្ស ទៀងទាត់ប្រចាំឆ្នាំ ការធានារ៉ាប់រង ២៤ម៉ោង ទៅលើគ្រោះថ្នាក់ ការទូទាត់ចំណាយ ទៅលើការព្យាបាលជំងឺ១០០% ដល់បុគ្គលិកផ្ទាល់ ព្រមទាំងប្តី/ប្រពន្ធនិងកូន ការផ្តល់ប្រាក់ឧបត្ថម្ភ ចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ ការផ្តល់ប្រាក់ សោធននិវត្តន៍ និងប្រាក់លើកទឹកចិត្ត ផ្សេងៗទៀត ។
លើសពីនេះ កន្លែងបម្រើការងារ មានផាសុកភាព និងសុវត្ថិភាពខ្ពស់ រីឯការងារមានលក្ខណៈស្តង់ដា ទៅតាមច្បាប់ការងារ ព្រះរាជាណាចក្រកម្ពុជា។ ក្រៅពី អត្ថប្រយោជន៍ ខាងលើនេះ ពួកគេនឹងមានឱកាសទទួល បានការបណ្តុះបណ្តាល ចំណេះ ដឹងបន្ថែមដើម្បីអនុវត្ត ក្នុងមុខងាររបស់ខ្លួនកាន់ តែប្រសើរ ព្រមទាំង ការតម្លើងតំណែង ទៅតាមសមត្ថភាពរបស់ខ្លួន។
លោកបានបន្ថែមទៀតថា ដើម្បីជ្រើសរើសបានបុគ្គលិកល្អ ទាំងសមត្ថភាព និងចរិយាសម្បត្តិ អេ អឹម ខេ តែងតែ ធ្វើការផ្សព្វផ្សាយ ជាច្រើនតាមរយៈ សារព័ត៌មាន គេហទំព័រ (www.amkcambodia.com) និង Facebook page (https://www.facebook.com/AmkCambodia) អេ អឹម ខេ របស់ខ្លួន និងគេហៈទំព័រការងារជាច្រើនទៀត។ យ៉ាងណាមិញ តាមរយៈការតាំងពិព័រណ៍ ការងារថ្នាក់ជាតិនេះ លោកសង្ឃឹមថា នឹងមានបេក្ខជនល្អៗ ដែលមាន សក្តានុពល សមត្ថភាព និង ចំណេះដឹង មកដាក់ពាក្យ បម្រើការងារ ជាមួយគ្រឹះស្ថាន ជាក់ជាមិនខាន។
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឈានមុខគេមួយ ដែលផ្តល់សេវា មីក្រូហិរញ្ញវត្ថុដ៏សម្បូរបែប ជាមួយនឹងផលិតផល និងសេវាកម្មជាច្រើនទៀត ត្រូវបាន បង្កើតឡើង ដើម្បីបំពេញតម្រូវការ អតិថិជន។ គិតមកដល់ខែ ឧសភា ឆ្នាំ ២០១៤ នេះ អេ អឹម ខេ មាន ការិយាល័យ និងភ្នាក់ងារ ចំនួនជាង ៧០០កន្លែង និងមានបុគ្គលិក សរុបចំនួន ១.៦៤៥ នាក់ បម្រើអតិថិជន ជាង៣៨០.០០០នាក់ លើចំនួនភូមិ ១១.៥៤១ ភូមិ ស្មើនឹង ៨១ % នៃចំនួនភូមិទាំងអស់ ទូទាំងប្រទេស ។ មិនតែប៉ុណ្ណោះ ដើម្បីបង្កភាពងាយស្រួល ដល់អតិថិជនរបស់ខ្លួន អេ អឹម ខេ បានបំពាក់ម៉ាស៊ីន ដក-ដាក់ប្រាក់ (CDM) និង ដកប្រាក់ (ATM) ដោយស្វ័យប្រវត្តិ ឲ្យដំណើរការនៅទូទាំង ប្រទេសផងដែរ៕