ភ្នំពេញ៖ អភិបាល ខណ្ឌមានជ័យ និងប្រធានក្រុមប្រឹក្សាខណ្ឌ នៅព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៤ នេះ បានបន្តចុះជួបសំណេះសំណាល ជាមួយបងប្អូនពលករ ក្នុងសង្កាត់បឹងទំពុន និងសង្កាត់ស្ទឹងមានជ័យ ដែលទើបវិលត្រឡប់ មកពី ប្រទេសថៃ។
លោក ឡុង ង៉ែត នាយករដ្ឋសាលាខណ្ឌមានជ័យ បានឲ្យដឹងថា បងប្អូនពលករដែលលោកអភិបាលខណ្ឌ អញ្ជើញចុះជួបសំណេះសំណាលផ្ទាល់ នៅតាមសង្កាត់នីមួយៗនេះ គឺពួកគាត់ រស់នៅក្នុង សង្កាត់បឹងទំពុន មានចំនួន ២៤នាក់ និងសង្កាត់ស្ទឹងមានជ័យ មានចំនួន ៣៩នាក់ ។
មានមតិក្នុងឱកាស ជួបសំណេះសំណាលជាមួយ បងប្អូនពលករដាច់ដោយឡែកនៅ តាមសង្កាត់នោះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌ មានជ័យ បានថ្លែងថា រាជរដ្ឋាភិបាលយល់ពីទុក្ខលំបាករបស់បងប្អូន ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានប្រឹងប្រែងកៀងគរ អ្នកវិនិយោគ ឲ្យមកបណ្តាក់ទុន នៅកម្ពុជា ពិសេសការបង្កើតអោយមានរោងចក្រកាត់ដេរ ឲ្យបានច្រើន ទាំងក្នុងទីក្រុង និងទីប្រជុំជននានាតាមខេត្ត ស្រុក ដើម្បីផ្តល់ការងារធ្វើអោយបានច្រើន ដល់បងប្អូនប្រជាពលរដ្ឋ ។ លោកអភិបាលខណ្ឌ បានបញ្ជាក់ថា តាមពិតតម្លៃពលកម្មក្នុងស្រុក និងនៅ ប្រទេសថៃ មិនខុសគ្នាប៉ុន្មានទេ សំខាន់បងប្អូនមានកម្លាំង មានសមត្ថភាព ពិតជាអាចរកលុយបានច្រើន និងមានសេរីភាពជាងកាតឆ្លង ដែនទៅធ្វើការនៅក្នុងប្រទេសគេ ។ លោក ពេជ្រ កែវមុនី ក៏បានរំលឹកប្រជាពលរដ្ឋ បងប្អូនពលករទាំងអស់ បើសិនចង់វិលទៅរកការងារធ្វើនៅ ប្រទេសថៃទៀត គឺបងប្អូនត្រូវធ្វើជាពលករស្របច្បាប់ ទើបមានសុវត្ថិភាព ។
លោកអភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី ក៏បានថ្លែងផងដែរថា ប្រសិនណាបើបងប្អូន នៅតែចង់ទៅធ្វើ ការនៅ ក្រៅប្រទេសនោះទៀត គួរណាតែបងប្អូននាំគ្នា ទៅតាមច្បាប់ទៅតាមទម្លាប់ ព្រោះឥឡូវនេះរាជរដ្ឋាភិបាល លោកបានបញ្ចុះតម្លៃលិខិតឆ្លងដែន នៅសល់ត្រឹមតែ៤ដុល្លារ ឬស្មើនិង១៦០០០ រៀលប៉ុណ្ណោះ។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ក៏បានអំពាវនាវ ទៅកាន់បងប្អូនពលករ ទាំងអស់ឲ្យឈប់ទៅធ្វើការដោយ ខុសច្បាប់នៅស្រុកគេ បន្តទៀត ដោយបាន បញ្ជាក់ទៅកាន់ បងប្អូនពលករថា គួរណាស់តែព្យាយាម ខិតខំរកការងារធ្វើនៅ ក្នុងប្រទេសវិញ វាប្រសើរជាង ដូចពាក្យចាស់ លោកពោលថា ជួញជិតប្រសើរ ជាងជួញឆ្ងាយ។
ក្រោយពីបញ្ចប់ កិច្ចសំណេះសំណាល អភិបាលខណ្ឌមានជ័យ និងលោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌ រួមជាមួយចៅសង្កាត់ស្ទឹង មានជ័យ បានផ្តល់អំណោយជាទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសាលាខណ្ឌរួមមាន ទឹកត្រី ទឹកស៊ីអ៊ីវ អង្ករ១ការ៉ុង និង ថវិកាផងដែរ ៕