ភ្នំពេញ៖ សម្ព័ន្ធកំណែទម្រង់ ការបោះឆ្នោតនៅកម្ពុជា ដែលមានជាង២០អង្គការ សង្គមស៊ីវិលនៅ ថ្ងៃអង្គារ ទី២៤ ខែមិថុនានេះ នាសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ បានជួបពិភាក្សាទៅលើ បញ្ហាជាច្រើនជាមួយលោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សនៅកម្ពុជា មុនដំណើរ វិលត្រលប់ របស់លោក។
តំណាងអង្គការសង្គមស៊ីវិលគ្រប់ផ្នែក តំណាងគណបក្សនយោបាយ អ្នកស្រាវជ្រាវសង្គមបាន លើកឡើងពីបញ្ហា ប្រឈមផ្សេងៗ ដែលកម្ពុជាកំពុងជួបប្រទះ ក្នុងនោះរួមមាន៖ កំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា, ការរំលោភ សិទ្ធិមនុស្ស, ភាពជាប់គាំងមួយចំនួនដោះស្រាយមិនចេញក្រោយការបោះឆ្នោត និងកង្វះចំនួនស្ត្រីក្នុងវិស័យ នយោបាយជាដើម។
នៅក្នុងសិក្ខាសាលាបង្ហាញអំពីសេចក្ដីស្នើវិសោធនកម្មក្របខណ្ឌច្បាប់ ទាក់ទងស្ថាប័នគ្រប់គ្រងការបោះឆ្នោត, យន្តការ ដោះស្រាយវិវាទបោះឆ្នោត, ការចុះឈ្មោះបោះឆ្នោតនិងបញ្ចី បោះឆ្នោត,និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងអំឡុង ពេលបោះឆ្នោត លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី ទទួលស្គាល់ថា សមិទ្ធផលមួយចំនួនកម្ពុជាសម្រេចបាន។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល ដែលជាសមាជិកនៃសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតថ្លែងថា គោលបំណងនៃការជួបពិភាក្សាការងារជាមួយលោក ស៊ូប៊ែឌី ដើម្បីបង្ហាញគំនិតលម្អិតជុំវិញ វិសោធកម្មពាក់ព័ន្ធ ការបោះឆ្នោត គឹទី១-វិសោធនកម្មរដ្ឋធម្មនុញ្ញនិងទី២-ច្បាប់បោះឆ្នោត។
លោកថា "កិច្ចពិភាក្សានេះ យើងនឹងពិនិត្យមើលទៅលើចំណុច៥សំខាន់រួមមាន៖ ការរៀបចំ គ.ជ.ប. ការចុះឈ្មោះ អ្នកបោះឆ្នោត, ប្រព័ន្ធផ្សព្វផ្សាយ, ការដោះស្រាយទំនាស់ក្រោយការបោះឆ្នោត, អព្យាក្រឹតភាព របស់អ្នកដែល ពាក់ព័ន្ធ (យោធា កងកម្លាំងប្រដាប់អាវុធ)"។
សង្គមស៊ីវិលខាងលើ ក៏បានស្នើទៅលោក ស៊ូប៊ែឌី ជំរុញវិធានការឲ្យមានប្រសិទ្ធភាពទៅរាជ រដ្ឋាភិបាល ពាក់ព័ន្ធ បញ្ហាសិទ្ធិមនុស្ស។ តែទោះជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតដែលលោកស៊ូប៊ែឌីប្រមូលបានពីកម្ពុជា ក្នុងដំណើរ ទស្សនកិច្ចរបស់លោក នឹងត្រូវបង្ហាញច្បាស់នៅក្នុងសន្និសីទកាសែតវេលាម៉ោង៤ល្ងាច នាទីស្នាក់ការអង្គការ សហប្រជាជាតិ រាជធានីភ្នំពេញនៅពេលក្រោយ ៕