ពោធិ៍សាត់៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នៅសាលាខេត្ត រវាងអាជ្ញាធរខេត្ត ជាមួយបណ្តាក្រុមហ៊ុន សហគ្រាស រោងចក្រនានា កាលពីព្រឹកមិញ លោកអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ក៏បានដឹកនាំមន្រ្តីមន្ទីរជំនាញ និងលោកអភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាល សាលាខេត្ត លោកអភិបាលស្រុកណ្តៀង លោកមេឃុំអន្ល់ងវិល រួមនិងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀត ក៏បានបន្តដំណើរចុះទៅត្រួតពិនិត្យ ការស្ថាបនាផ្លូវមួយខ្សែ ដែលកំពុងតែចាក់ក្រាលកៅស៊ូប្រវែង៣ គីឡូម៉ែត្រ ដែលស្ថិតក្នុងភូមិសាស្ត្រឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ក្រៅពីការចុះត្រួតពិនិត្យផ្លូវ ដែលកំពុងក្រាលកៅស៊ូនោះ លោកអភិបាលខេត្តក៏បាន ចុះទៅសួរសុខទុក្ខកម្មករ កម្មការិនី ដែលកំពុងស្ថាបនាផ្លូវ ព្រមទាំងបានចែកសារុងមួយចំនួនជូនផងដែរ។ ក្រៅពីនោះ ដោយមើលឃើញការលំបាក របស់លោកពូអតីតមេឃុំម្នាក់នៅទីនោះ ដែលរូបគាត់ មានជំងឺលើសឈាមរាំុរ៉ៃជាយូរឆ្នាំមកហើយ លោកអភិបាលខេត្តក៏បានឧត្ថម្ភថវិកាផ្ទាល់ខ្លួន ជូនដល់លោកពូអតីតមេឃុំចំនួន ៤០មុឺនរៀល ព្រមទាំងជូនសារុង និង ភេសជ្ជៈមួយចំនួនផងដែរ៕