ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានស្នើសុំឲ្យឯកអគ្គរាជទូតថ្មី របស់ប្រទេសម៉ាឡេស៊ី ប្រចាំកម្ពុជា ជួយការពារដល់ពលករខ្មែរ ដែលកំពុងធ្វើការងារ នៅក្នុងប្រទេសម៉ាឡេស៊ីផង។
យោងតាមទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP) បានឲ្យដឹងថា នៅក្នុងជំនួបជាមួយលោក រាស្លាន់ប៊ីន អាបឌុល រាហ្ស៊ីដ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៤ នាវិមានរដ្ឋសភា សម្តេចពញាចក្រី ហេង សំរិន បានមានប្រសាសន៍ ដោយសង្ឃឹមថា ពលករខ្មែរទាំងអស់ ដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី នឹងទទួលបានលក្ខខណ្ឌការងារល្អៗ ពីនិយោជកម៉ាឡេស៊ីជាមិនខាន និងមានជួយការពារពីសំណាក់ លោក អាបឌុល រាហ្ស៊ីដ។
ប្រភពដដែល បានបន្តថា ឆ្លើយតបនឹងសំណូមពររបស់ សម្តេចប្រធានរដ្ឋសភា ពាក់ព័ន្ធនឹង ពលករកម្ពុជានៅម៉ាឡេស៊ី លោកទូតថ្មី របស់ម៉ាឡេស៊ី បានទទួលនូវសំណូមពរនេះ នឹងខិតខំព្យាយាមធ្វើទំនាក់ទំនង ជាមួយរាជរដ្ឋាភិបាលម៉ាឡេស៊ី ធ្វើយ៉ាងណាដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់នូវលក្ខខណ្ឌ ការងារល្អៗជូនពលករកម្ពុជា៕