ភ្នំពេញ ៖ ចៅសង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ លោកពេជ្រ សារឿន ត្រូវបាន តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំ ពេញ លោកជា ម៉េត កោះហៅទៅសួរនាំ ពាក់ព័ន្ធនិងពាក្យ បណ្ដឹងរបស់ ស្ដ្រីម្នាក់ ដោយ ចោទប្រកាន់ លោកចៅសង្កាត់ថា បានឃុបឃិតលួច លក់ដីរបស់ខ្លួន មួយកន្លែង ដែល មានទីតាំងនៅ សង្កាត់ជ្រោយចង្វារ ក្នុងតម្លៃរាប់ម៉ឺនដុល្លារ ព្រមទាំងការក្លែង ឯកសារជាសាធារណៈ ។
យ៉ាងណាក៏ដោយ ចៅសង្កាត់ជ្រោយចង្វារ លោកពេជ្រ សារឿន ត្រូវបានព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោកជា ម៉េត អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ក្រោយពីបានសាកសួរអស់រយៈពេល ប្រហែលកន្លះម៉ោង នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤នេះ ។
ប្រភពព័ត៌មានពីមន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ មួយរូបបានថ្លែងឱ្យដឹងថា មូល ហេតុដែលនាំឱ្យមាន ការដាក់ពាក្យបណ្ដឹងទៅកាន់តុលាការចោទប្រកាន់ចៅសង្កាត់ជ្រោយចង្វាររូបនេះ ដោយសារតែកាលពី ពេលកន្លងទៅ មានពីរនាក់ប្ដីប្រពន្ធ ដែលប្រពន្ធឈ្មោះចាន់ រត្ន័ថេត និងប្ដីឈ្មោះឈួ តារា ជាមន្ដ្រី យោធាថ្នាក់ឧត្ដមសេនីយ៍ នៅក្រសួងការពារជាតិ បានប្ដឹងលែងលះគ្នា ។ ក្រោយពីពួកគេទាំងពីរនាក់ បានប្ដឹងលែងលះទៅកាន់តុលាការមកនោះ ស្រាប់តែត្រូវបានតុលាការចេញដីកាផ្ដាច់ សង្វាក់ ពោល សម្រេចឱ្យពួកគេទាំងពីរនាក់ លែងលះគ្នាជាស្ថាពរ ប៉ុន្ដែមិនទាន់សម្រេច ចែកទ្រព្យសម្បត្ដិនៅឡើយ ។
មន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ រូបនេះ បានបញ្ជាក់ទៀតថា ក្នុងដំណាក់កាលដែល តុលាការ មិនទាន់ចេញសេចក្ដីសម្រេចចែក ទ្រព្យសម្បត្ដិជូនពួកគេពីរនាក់ប្ដីប្រពន្ធខាងលើនេះ ស្រាប់តែបុរសជាប្ដី បានទៅឃុបឃិតជាមួយលោកពេជ្រ សារឿន ជាចៅសង្កាត់ជ្រោយចង្វារ ដើម្បីលក់ដីមួយកន្លែង តម្លៃរាប់ម៉ឺនដុល្លារ នៅសង្កាត់ជ្រោយចង្វារ ។ ក្រោយពីទទួលបានព័ត៌មាននិងដឹងថា ប្ដីរបស់ខ្លួន និងលោកចៅសង្កាត់ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត លួចលក់ដីនោះ ស្ដ្រីជាប្រពន្ធចាន់ រត្ន័ថេត បានដាក់ពាក្យបណ្ដឹងទៅតុលាការចោទប្រកាន់មនុស្សមួយចំនួននេះ ។
ក្រោយពីទទួល បានពាក្យបណ្ដឹងរបស់ស្ដ្រីជាប្រពន្ធរួចមក នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤នេះ តំណាងអយ្យការ លោកជា ម៉េត បានកោះហៅចៅសង្កាត់ ជ្រោយចង្វារ លោកពេជ្រ សារឿន អមដោយមេធាវីរបស់ខ្លួនទៅសាកសួរ ពាក់ព័ន្ធពាក្យបណ្ដឹងខាងលើ ។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ លោកខូវ ណារ៉ូ មេធាវីការពារក្ដី ឱ្យលោកចៅសង្កាត់ជ្រោយចង្វារ បានថ្លែងថា ព្រឹកមិញ ដោយសារតែលោក ជាប់រវល់ភារកិច្ចជាមួយ ក្រុមគ្រួសារ នោះក៏បានសុំព្រះរាជអាជ្ញាពន្យារពេល ដូច្នេះ លោកមិនបានចូលរួមនិង ទៅជាមួយកូនចូលបំភ្លឺនោះឡើយ ។
តំណាងអយ្យការលោកជា ម៉េត បានបញ្ជាក់ ថា ក្រោយការសាកសួរ ប្រហែលកន្លះម៉ោង លោកបានសម្រេច ឱ្យ ចៅសង្កាត់ជ្រោយចង្វារ ត្រឡប់ទៅផ្ទះវិញ មិនទាន់មានការចោទប្រកាន់ នោះឡើយ។
លោកជា ម៉េត បានបញ្ជាក់ថា “ជា ដំណាក់កាលស៊ើបអង្កេត មិនទាន់មានការ ចោទប្រកាន់នោះទេ សួរគាត់សិន” ។
យ៉ាងណាក៏ដោយ តំណាងអយ្យការរូប នេះ មិនទាន់បានបញ្ជាក់ពីរឿងរ៉ាវលំអិតជុំ វិញការសួរនាំចៅ សង្កាត់ជ្រោយចង្វារនោះទេ ។ ដោយឡែកលោកពេជ្រ សារឿន ចៅ សង្កាត់ជ្រោយចង្វារ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានព្យាយាមទាក់ទងចំនួន២ដង ដើម្បីសុំការបំភ្លឺ ប៉ុន្ដែទូរស័ព្ទ របស់លោក តេ មិនចូល។