ភ្នំពេញ ៖ ស្ទីលបោកប្រាស់ នាពេលបច្ចុប្បន្ន បានលេចជា រូបរាងប្លែកៗ ពីគ្នា ដែលជនបោក ទាំងនោះ ពូកែរកឃើញវិធីសាស្ដ្រ ដើម្បីបោក បានលុយ តាមរយៈ ការលួងលោម ការនិយាយ ភូតភរធ្វើ យ៉ាង ណាឱ្យ ជនរងគ្រោះទន់ចិត្ដ ទន់កាយ ហើយម្យ៉ាងទៀត ដោយសារតែ ភាព លោភលន់ចង់ បានលុយច្រើន តែងតែ លង់ខ្លួនអស់លុយអស់កាក់និងទ្រព្យសម្បត្ដិ ជាមួយជនបោកប្រាស់ ដែលភាគច្រើនឡើង តាម ទូរស័ព្ទ ។
ជាក់ស្ដែងក្នុងរយៈពេលចុងក្រោយនេះ រូបភាពឆបោកតាមប្រព័ន្ធផ្ញើប្រាក់វីង និង កុហក់ថាត្រូវរង្វាន់ធំ របស់ក្រុមហ៊ុនទូរស័ព្ទ ណាមួយនោះ បានកើតឡើងជាបន្ដបន្ទាប់ ជាពិសេសភាគច្រើនកើតទៅ លើប្រជា ពល រដ្ឋ នៅតាមបណ្ដាខេត្ដស្រុក ស្រែចំការដែល ពុំសូវមានការយល់ដឹង ជ្រៅជ្រះពីបញ្ហាសង្គម ដែល រូបភាពបោកប្រាស់នេះ ជនឆបោកបាន ធ្វើជាទូរស័ព្ទទៅជនរងគ្រោះ ដោយប្រាប់ថា ជាបុគ្គលិក នៅក្រុម ហ៊ុនទូរស័ព្ទមួយ ហើយ ប្រាប់ជនរងគ្រោះថា លេខទូរស័ព្ទនេះ ត្រូវ បានគេចាប់រង្វាន់ ដោយទទួល បានលុយជា ច្រើនម៉ឺនដុល្លារ ។
ជនឆបោកទាំងនេះ បានប្រាប់ជនរងគ្រោះ ថា ដើម្បីមកទទួលលុយរង្វាន់ខ្ទង់ម៉ឺនដុល្លារ គឺជនរងគ្រោះ ត្រូវវេលុយមកឱ្យខ្លួន ដោយ កុហក់ថា ត្រូវការរត់សេវាផ្សេងៗដើម្បីឈាន ទៅដល់ការបើក ប្រាក់រង្វាន់ ដ៏មានតម្លៃលើស លុបនេះ ។
ជនរងគ្រោះខ្លះ ដោយសារតែចង់បាន លុយរង្វាន់ដែលមានរហូតទៅដល់ខ្ទង់ម៉ឺន ដុល្លារនិងម្យ៉ាងទៀត ខណៈដែលខ្លួនពុំដែល ស្គាល់លុយ ទាំងម៉ឺនដុល្លារនេះ ក៏សុខចិត្ដលក់ ទ្រព្យសម្បត្ដិ ដី ស្រែ គោ ក្របី ដើម្បីបង្គ្រប់ លុយវេជូនជនដែលត្រូវប្រាប់ជាថ្លៃសេវាបង់ មុន ហើយចុង ក្រោយគឺចាញ់បោកទទេស្អាត តែម្ដង ។
រូបភាពបោកខ្លះជនឆបោកបានទូរស័ព្ទ ទៅកាន់ជនរងគ្រោះ ដោយកុហក់ថា ខ្លួនជា ទីប្រឹក្សាផ្ទាល់ និង ជំនួយការផ្ទាល់របស់មន្ដ្រី ជាន់ខ្ពស់នេះ មន្ដ្រីជាន់ខ្ពស់នោះ ហើយសុំឱ្យ ជនរងគ្រោះឧបត្ថម្ភ ថវិកា មួយចំនួន ដើម្បី ចូលបក្សឬយកទៅជួយប្រជាពលរដ្ឋក្រីក្រ រហូតដល់ជនឆបោកទាំងនេះ បានធ្វើលិខិត ក្លែងក្លាយ វាយត្រាក្លែងក្លាយនិងស៊ីញ៉េក្លែង ក្លាយ ឈ្មោះអ្នកធំ ដើម្បីឱ្យជនរងគ្រោះមាន ទំនុកចិត្ដ ប៉ុន្ដែសុទ្ធតែរូបភាពបោកប្រាស់ ទាំងអស់ ។
នៅមានរូបភាពបោកប្រាស់ជាច្រើនផ្សេង ទៀត ដែលជនឆបោកគិតឃើញហើយយក ទៅបោកជន រងគ្រោះ តាមរយៈការចេះនិ យាយលួងលោម និងល្បិចនៃការនិយាយ ដូចអ្នកលេងប៉ាហ៊ីយ៉ាងដូច្នេះ ។ ឥឡូវនេះ រូបភាពបោកប្រាស់មួយទៀត បានកើតឡើង ដែលជនរងគ្រោះគឺ ជាមន្ដ្រីនគរបាលរាជធានី ភ្នំពេញមួយរូប ដោយអស់លុយប្រមាណ ៧០០ដុល្លារ តាមរយៈការយកលុយនេះទៅ ចាក់លេខឆ្នោតយួន ដែលនិយមលេងរាល់ ថ្ងៃ នៅប្រទេសកម្ពុជា ។
ជនរងគ្រោះដែលជាមន្ដ្រីនគរបាលសូម មិនបញ្ចេញឈ្មោះខាងលើនេះ បាននិយាយ ថា កាលពីពេល កន្លងទៅ លោកបានទទួល ទូរស័ព្ទពីបុរស ម្នាក់ ដោយតេមកប្រាប់ថា ខ្លួនផឹកកាហ្វេជាមួយគ្នា ក្រោម ដើមស្វាយ ដែលជនរងគ្រោះធ្លាប់អង្គុយផឹក ។ នៅពេល តេទូរស័ព្ទមកនោះ ជនរងគ្រោះ រាងឆ្ងល់និង មិនសូវចាំមុខ ប៉ុន្ដែដោយមិននឹកគិតថា ជា អំពើបោកប្រាស់នោះ ក៏ឆេះតែនិយាយទៅ កាន់ជនឆបោកថា អ្នកជាពួកម៉ាក់អ្នកនោះ ពួកម៉ាក់អ្នកនេះ (ឧទាហរណ៍ ពួកម៉ាក់អា ចិន) ពេលឮជនរងគ្រោះនិយាយទៅកាន់ យ៉ាងដូច្នេះ ជនឆបោកក៏បន្ទរតាមថា គឺពួក អាចិននឹងហើយ ។ ជនរងគ្រោះរូបនេះបាន និយាយទៀតថា ពេលនោះជនឆបោកបាន ប្រាប់ថា ខ្លួនប្ដូរការងារហើយ ដោយទៅបម្រើ ការងារនៅកាស៊ីណូព្រំដែនបាវិត ជាប់ប្រទេស វៀតណាម ដោយបម្រើក្នុងផ្នែកឆ្នោត ។
ជនឆបោកបាននិយាយភូតជនរងគ្រោះ ទៀតថា បើសិនចង់ត្រូវលេខឆ្នោតរូបគេជា បោះឱ្យ ប៉ុន្ដែពេលត្រូវ គឺ សុំថ្លៃ សេវាខ្លះឱ្យ ប៉ុន្មានក៏ឱ្យទៅ មិនថាអ្វីទេ អាស្រ័យលើមាន ចិត្ដ ។ ជនឆបោកបានប្រាប់ជនរងគ្រោះពីការ ចេញលេខឆ្នោត៣ខ្ទង់ គឺឧទាហរណ៍៍ខ្ទង់១០ ខ្ទង់២០ និងខ្ទង់៣០ ដូច្នេះចាក់តែ៣ខ្ទង់នឹង ទៅ គឺត្រូវហើយ ។ ដោយសារតែលោភលន់ នឹងទឹកប្រាក់ ខណៈដែលខ្លួនជា អ្នកលេងឆ្នោត ដ៏ងុបងល់ម្នាក់ផងនោះ ជនរងគ្រោះបានធ្វើ តាមជនឆបោក ដោយយកម៉ូតូទៅលក់បាន ជិត១០០០ដុល្លារ ហើយយកលុយទាំងនេះ ទៅចាក់រាយប៉ាយតាមមេឆ្នោត ពីខ្ទង់១០ដល់ ខ្ទង់៣០ សង្ឃឹម ថាត្រូវ លុះចាំអ៊ុតនៅម៉ោង ៤និង២០នាទីរសៀលជារៀងរាល់ថ្ងៃនោះ ស្រាប់តែពេលលេខឆ្នោត ចេញអស់ខុសគ្មាន ត្រូវមួយ ។ ពេលនោះជនរងគ្រោះបានទូរ ស័ព្ទទៅជនឆបោកដើម្បីសួរនាំ ប៉ុន្ដែជន ឆបោកនោះ បានបិទទូរស័ព្ទយ៉ាងលឿន នៅ ពេលដែលដឹងថា ជនរងគ្រោះមិនត្រូវឆ្នោត នេះមានន័យថា បើសិនជនរងគ្រោះត្រូវឆ្នោត ខ្ទង់១០ទៅខ្ទង់៣០ ច្បាស់ជាជនរងគ្រោះគិត ថា លេខឆ្នោតដែលជនឆបោក ឱ្យគឺពិតជា ត្រឹមត្រូវ ច្បាស់ជាឱ្យថ្លៃសេវាខ្លះទៅជន ឆបោកជាក់ជាមិនខានឡើយ នេះជារូបភាព ឆបោកធ្វើនំអត់ម្សៅ ។
ជនរងគ្រោះដែលជាមន្ដ្រីនគរបាលអ្នក អនុវត្ដច្បាប់ម្នាក់នោះ បានអំពាវនាវទៅកាន់ ប្រជាពលរដ្ឋផ្សេង ទៀត ត្រូវមានការគិតគូរ និងប្រុងប្រយ័ត្ន ខ្ពស់បំផុត ដើម្បីចៀសវាង ការឆបោកទាំងនេះ ដូចករណី រូបលោកផ្ទាល់ ដែលអស់ម៉ូតូជិត១០០០ដុល្លារ ស្ទើរតែមិន ហ៊ានចូលផ្ទះទៀតផង ៕