ភ្នំពេញ៖ ញាត្តិរបស់ ក្រុមព្រះសង្ឃ ឯករាជ្យ និង ប្រជាពលរដ្ឋ ប្រមាណ៨០ នាក់ តវ៉ាចំពោះរដ្ឋាភិបាល យោធាថៃ ដែលបញ្ជូនពលករខ្មែរ ខុសច្បាប់ត្រឡប់ មកកម្ពុជានោះ ត្រូវបានតំណាងស្ថានទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា យល់ព្រមទទួល នៅម៉ោង៩ និង២០ នាទីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ នេះ។
យោងតាមខ្លឹមសារញាត្តិ របស់ក្រុមព្រះសង្ឃឯករាជ្យ បានបញ្ជាក់ថា តាមរបាយការណ៍ ទំនាក់ទំនង របស់ការិយាល័យព្រុំដែនកម្ពុជា-ថៃ បានឲ្យដឹងថា មានពលករ ចំណាក់ស្រុក១៦នាក់ ហើយត្រូវបានស្លាប់ដោយសារតែមានការវាយដុំពីកម្លាំង ប្រដាប់អាវុធថៃ ជាអកុសលអំឡុង ពេលមានវិបត្តិក្នុងប្រទេស ថៃ ពលករកម្ពុជា គឺជាអ្នករងនូវកំហុស ពលករកម្ពុជាជាច្រើន ត្រូវបានដឹកយកមកចាក់ចោល នៅតាម ព្រំដែនកម្ពុជា-ថៃ ជាហេតុធ្វើឲ្យពលករខ្មែរ ចំណាក់ស្រុកមួយចំនួនធំ ពុំមានលុយកាក់ ដើម្បីធ្វើដំណើរ ទៅផ្ទះរបស់ខ្លួនវិញ។
ខ្លឹមសារក្នុងញាត្តិបានបញ្ជាក់ទៀតថា រដ្ឋាភិបាលយោធាថៃ បានបំពានលើសិទ្ធិមនុស្ស នៃពលករចំណាក់ ស្រុកកម្ពុជាដែលមិនមាន ចងក្រងឯកសារខណៈដែលរដ្ឋាភិបាលយោធាថៃ បានបណ្តេញពួកគេ ដោយ បង្ខំចេញពីប្រទេសខ្លួន ដោយការដាក់ពួកគេក្នុងឡានទ្រុង ណែនណាន់ តាន់តាប់ ដឹកយកមកចាក់ចោល ដូចសត្វធាតុ។ ការប្រព្រឹត្តិទង្វើរដ៏សែនមហាឃោរឃៅ អមនុស្សធម៌ និងបន្ទាបបន្ថោករបស់ អាជ្ញាធរថៃ គឺវាផ្ទុយទៅនឹងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ ម្យ៉ាងទៀត ដោយសារ ការរៀបចំ និងការសម្រប សម្រួលមិន គ្រប់គ្រាន់រវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរថៃ ពលករចំណាក់ ស្រុកបានត្រូវបង្ខំ ឲ្យរស់នៅក្នុងជម្រកក្រោមតង់តាមព្រំដែន ហើយពលកររាប់រយនាក់ទៀត ចេះតែបន្តដឹកមកជារៀងរាល់ថ្ងៃ ចំណែកឯកទឹកស្អាត អាហារ ការថែទំាខាងសុខភាព និងទីជម្រក ត្រូវបានកំណត់យ៉ាងតឹងរ៉ឹង។
ដើម្បីដោះស្រាយ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សនៃពលករចំណាក់ស្រុកកម្ពុជាទំាងនោះ ក្រុមព្រះសង្ឃឯករាជ្យដើម្បីយត្តិធម៌សង្គម បានអំពាវនាវ និងដាក់ជូននូវអនុសាសន៍ ចំពោះរដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាលថៃ ៥ចំណុច ទី១.រដ្ឋាភិបាលថៃ ត្រូវតែរៀបចំវិធានការ ឲ្យបានត្រឹម ត្រូវសម្រាប់ ការបញ្ជូនពលករចំណាក់ស្រុកកម្ពុជា និងជូនដំណឹងដល់ស្ថានទូតកម្ពុជា ឬស្ថានកុងស៊ុល កម្ពុជា ប្រចាំ ប្រទេសថៃ ទាក់ទងនឹងការ ចាប់ខ្លួន ការឃុំខ្លួន ការបណ្តេញចេញ ពលករចំណាក់ស្រុកកម្ពុជា ដោយត្រឹម ត្រូវ និងមនុស្សធម៌, ទី២.រដ្ឋាភិបាលថៃ ត្រូវតែលើកស្ទួយ និងគោរពកតិកាសញ្ញា អន្តរជាតិស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ដែលខ្លួនជាម្ចាស់ហត្ថលេខីដែរនោះ, ទី៣.រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ត្រូវតែធ្វើការស្នុំសុំអង្កេតជាបន្ទាន់ចំពោះការស្លាប់ពលករកម្ពុជានៅប្រទេសថៃ, ទី៤.រដ្ឋាភិបាលកម្ពុជា ត្រូវបង្កើតគណៈកម្មការ ចម្រុះដើម្បីតាមដានស្ថានភាព និងដោះស្រាយបញ្ហា ដែលបានកើតមានមកលើពលករចំណាក់ស្រុកកម្ពុជាក្នុងប្រទេសថៃ និងមានផែនការ ច្បាស់លាស់មួយ សម្រាប់ការបណ្តេញចេញពលករចំណាកស្រុកកម្ពុជាក្នុងប្រទេសថៃ និងការផ្តល់ឲ្យពួកគេនូវទីជម្រក បណ្តោះអាសន្ន អាហារ និងទឹកស្អាតគ្រប់គ្រាន់ និងទី៥.រដ្ឋាភិបាលកម្ពុជាត្រូវយកចិត្តទុកដាក់ ជាដាច់ ខាតចំពោះពលករចំណាក់ស្រុករបស់ខ្លួន ទំាងទីជម្រកបណ្តោះ អាសន្ន អាហារ ទឹកស្អាត និងការថែ ទាំសុខភាពរបស់ពួកគាត់។
សូមបញ្ជាក់ផងដែរថា នៅម៉ោងប្រមាណ៨ ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ នេះ ក្រុមព្រះសង្ឃឯករាជ្យ ចំនួន៣៥ អង្គ រួមនឹងប្រជាពលរដ្ឋ៥០ នាក់ បាននាំគ្នាប្រមូលផ្តុំនៅមុខស្ថានទូតថៃ ដែលស្ថិតនៅ ទល់ មុខវិមានរដ្ឋចំការមន ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីដាក់ញាត្តិនៅស្ថានទូត ក្នុងបំណងស្នើសុំបិណ្ឌបាទរដ្ឋាភិបាលថៃ ឲ្យគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរពលករចំណាក់ស្រុកកម្ពុជា៕