ភ្នំពេញ៖ របាំងថ្មចែកទ្រូង ផ្លូវចំនួន១៨ផ្ទាំង មួយកន្លែង ដែលស្ថិតតាមបណ្តោយផ្លូវ ជាតិលេខ ២ ទល់មុខគ្លីនិក ចាក់អង្រែក្រោម ស្ថិតក្នុងសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រូវរងការខូចខាត ដោយសារបុរសមិន ស្គាល់អត្តសញ្ញាណម្នាក់ ស្រវឹងបើករថយន្តក៉ូរូឡា បុករះពេញទំហឹង ។
ហេតុការណ៍ នេះបានកើតឡើង កាលពីវេលាម៉ោង ១២និង ៤០នាទីយប់ថ្ងៃទី ២៦ មិថុនា ឆ្នាំ២០១៤។
យោងតាមសាក្សី ដែលបានឃើញហេតុ ការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេសង្គេត ឃើញ បុរសម្នាក់បើករថយន្តមួយគ្រឿង ម៉ាក កូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2A-2921 បើកបរធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមក ដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តជ្រុលល្បឿនរេចង្កូត បុករះរបាំងថ្មចែកទ្រូវផ្លូវ ពេញទំហឹង បណ្តាលឲ្យរបាំងថ្មចំនួន១៨ផ្ទាំង ត្រូវរងការខូចខាតដាច់ចេញពីគ្នា។ ចំណែកឯម្ចាស់ រថយន្តបានបើកទ្វារ ចេញមកក្រៅ ហើយឡើងម៉ូតូឌុបរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាន សហការជាមួយជំនាញ ចុះធ្វើការអន្តរាគមន៍វាស់វែង និងស្ទូចយករថយន្តបង្កទៅ រក្សាទុកនៅការិយា ល័យចរាចរណ៍ជើង គោករាជធានីភ្នំពេញ រងចាំដោះ ស្រាយតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ផងដែរថា ករណីខាងលើនេះ គឺបង្កឡើងដោយសារភាគីខាងម្ចាស់ រថយន្តបើកបរ ស្ថិតក្នុង ស្ថានភាពស្រវឹងជោគជាំ ខ្វះការប្រុងប្រយ័ត្នខ្ពស់ និងបើកបរហួលល្បឿនកំណត់ទើត ធ្វើឲ្យមាន រឿងហេតុ ដូចនេះកើតឡើងតែម្តងទៅ ៕