បាត់ដំបងៈ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការនៅព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ ពីបទបំផ្លាញអ្នកដទៃ ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីកម្លាំងនគរបាល អធិការស្រុកសំពៅលូន បានឃាត់ខ្លួនកាលពី១៩និង៣០នាទី យប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ នៅក្រុមទី៤ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន កន្លងទៅ រួចបញ្ជូនមកស្នងការខេត្តដើម្បីចាត់ការបន្ត។
បន្ទាប់ពីកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានទទួលសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យម្នាក់ ពី បទបំផ្លាញអ្នកដទៃ រួចមកកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានរៀបចំបញ្ជូនខ្លួន ជនសង្ស័យម្នាក់ ទៅតុលាការ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ ដើម្បីចាត់ការតាមច្បាប់។
បើតាមរបាយការណ៍បញ្ជូន របស់អធិការស្រុកសំពៅលូន បានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ច ចាប់ខ្លួនបានមានឈ្មោះ គង់ ស៊ីណា ហៅ ធ្នូ ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន នៅក្រុមទី៤ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន បានធ្វើសកម្មភាព យកដុំថ្មធំមកគប់កញ្ចក់ទ្វារ បែកខ្ទេចទាំងស្រុង អស់ចំនួន៤ផ្ទាំង ខណៈផ្ទះជនរងគ្រោះ កំពុងរៀបចំផ្ទះ ទើបនិងបុណ្យសពឪពុកខ្លួនរួច។
បន្ទាប់បានធ្វើសកម្មភាពហើយ ជនរងគ្រោះបានប្តឹងសមត្ថកិច្ច ឲ្យឃាត់ខ្លួនជនសង្ស័យភ្លាមៗ នាំយកមកអធិការស្រុក សាកសួរ រួចកសាងសំណុំរឿង បញ្ជូនមកស្នងការខេត្ត ដើម្បីចាត់ការបន្ត។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្រ្តីការិយាល័យជំនាញខេត្ត បានរៀបចំសំណុំរឿងបញ្ជូនខ្លួន ទៅតុលាការខេត្តនៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះ ដើម្បីចាត់ការបន្តតាមច្បាប់៕