កំពង់ចាមៈ មានមនុស្សប្រមាណជាជិត ១០០០នាក់ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២ បានទទួលសេវា ពិនិត្យ និង ព្យាបាលជំងឺ ដោយឥតគិតថ្លៃ ក្នុងនោះ មានប្រជាពលរដ្ឋចំនួន ៤៥០នាក់ បានទទួលអំណោយអង្ករ ចំនួន ១០កីឡូក្រាម បន្ទាប់ពីបានទទួលការពិនិត្យ និងព្យាបាលជំងឺរួច នៅចំណុចភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ពិធីនោះ បានធ្វើរយៈពេល១ថ្ងៃ ក្រោមការរៀបចំ ដោយលោក ឧកញ៉ា ឌី វាសនា អគ្គនាយកក្រុមហ៊ុនFUGI រួមជាមួយ បុគ្គលិកក្រុមហ៊ុន ជាច្រើនរូបទៀត ដែលមុនការចាប់ផ្តើមពិធី ក៏មានការសមាធិ គោរពវិញ្ញាណក្ខណ ព្រះបរមសព សម្តេច តា ផងដែរ។
លោក ឧកញ៉ា ឌី វាសនា អគ្គនាយក ក្រុមហ៊ុន FUGI បានមានប្រសាសន៍ឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលដឹងថា ការរៀបចំ កិច្ចការខាងលើ ឲ្យកើតមាននោះ គឺមានរូបលោក រួមជាមួយលោកស្រី វេជ្ជបណ្ឌិត ថោង សូលីម និងលោកស្រី យឹម សាលីន ជាបុគ្គលិកក្រុម FUGI ព្រមទាំងសហការី បានដឹកនាំសមាគមចិន សាសនាព្រះម៉ែគង់ស៊ីអ៊ីម បាននាំយកអង្ករចំនួន ៤៥០០ កីឡូក្រាម មកចែកជូនប្រជាពលរដ្ឋ ព្រមទាំង ពិនិត្យ និងព្យាបាលជំងឺ បែបវិទ្យាសាស្ត្រ និងបែបបុរាណ ជូនប្រជាពលរដ្ឋ ដោយគ្រូពេទ្យជំនាញ មកពីប្រទេសចិន ដោយមិនគិតថ្លៃរយៈពេល១ថ្ងៃផងដែរ។
លោក ឧកញ៉ា បានបន្តទៀតថា ក្នុងពិធីខាងលើនោះ មានប្រជាពលរដ្ឋចំនួន ៤៥០នាក់ បានទទួលអង្ករ ក្នុងម្នាក់ៗចំនួន ១០គីឡូក្រាម បន្ទាប់ពីពួកគាត់បានពិនិត្យ និងព្យាបាលជំងឺរួច។
លោក ឧកញ៉ា ឌី វាសនា បានមានប្រសាសន៍បន្ថែមទៀតថា ពិធីខាងលើនោះ លោកមានបំណង ឲ្យប្រជាពលរដ្ឋក្នុងស្រុក កំណើត របស់លោក បានធូរស្រាលក្នុងជីវភាព និងចង់ឲ្យពួកគាត់ មានសុខភាពល្អ បានសប្បាយចិត្តគ្រប់ៗគ្នាផងដែរ។
ប្រភពពីសមត្ថកិច្ច នគរបាលមូលដ្ឋាន បានឲ្យដឹងថា ប្រជាពលរដ្ឋមានប្រមាណជិត ១០០០នាក់ ដែលបានមកទទួល សេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃនេះ គឺពួកគាត់មកពីភូមិចំនួន៥ ទី១ភូមិមាឃ១ .ទី២ភូមិមាឃ២ .ទី៣ភូមិមាឃ៣. ទី៤ ភូមិអូរប្រាំ. និងទី៥ ភូមិព្រែកកក់. ។ ហើយក្នុងពិធីនោះផងដែរ ប្រភពពីប្រជាពលរដ្ឋ ជាច្រើននាក់ បាននិយាយដូចៗគ្នាថា ពួកគាត់ពិតជាមានអារម្មណ៍ សប្បាយរីករាយក្រៃលែង ដែលលោក ឧកញ៉ា ឌី វាសនា អគ្គនាយកក្រុមហ៊ុន FUGI និងក្រុម ការងារ បានរៀបចំផ្តួចផ្តើម ឲ្យមានការផ្តល់ជាអង្ករ .ការពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋ ដោយ មិនគិតថ្លៃ នាពេលនោះ ៕