កំពង់ស្ពឺ ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ រីឯអ្នករួមដំណើរពី ក្រោយពីរនាក់ ផ្សេងទៀត រងរបួសធ្ងន់បាក់ ដៃបាក់ជើង ក្រោយពីពួកគេ បានបើកម៉ូតូឌុប គ្នា ហើយដួលចូល ក្រោមកង់រថយន្ដ កាលពីព្រឹកព្រលឹម ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ នេះ ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ៤ ចន្លោះ គីឡូម៉ែត្រលេខ ៤៣-៤៤ ក្នុងភូមិរលាំង សង្កែ សង្កាត់សុពណ៌ទេព ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។
មន្ដ្រីនគរបាល ចរាចរណ៍ ផ្លូវគោក ខេត្ដកំពង់ស្ពឺ បាននិយាយថា នៅវេលាម៉ោង ៥និង១៥នាទី ជនរងគ្រោះទាំង៣នាក់ បាន បើកម៉ូតូឌុបគ្នា ក្នុងទិសដៅ ពីលិចទៅកើត តាមបណ្ដោយ ផ្លូវជាតិលេខ៤ លុះដល់ចន្លោះ គីឡូម៉ែត្រលេខ ៤៣-៤៤ ស្រាប់តែដួល ដោយមិនដឹងមូលហេតុ គាប់ជួនមាន រថយន្ដ មួយគ្រឿង ម៉ាកនីសាន់ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 3A-1810 ធ្វើដំណើរបញ្ច្រាស ទិសគ្នា កិនអ្នកបើកម៉ូតូបណ្ដាលឱ្យបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកអង្គុយ ពីក្រោយពីរនាក់ ផ្សេងទៀត រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរ ពេទ្យធ្វើការ ជួយសង្គ្រោះ ។
មន្ដ្រីនគរបាល ចរាចរណ៍ ផ្លូវគោក បានបន្ដ ទៀតថា ក្រោយជួបគ្រោះថ្នាក់ ចរាចរខាងលើនេះ អ្នកបើក រថយន្ដនីសាន់ ដែលគេមិនស្គាល់ អត្ដសញ្ញាណនោះ បានរត់គេចខ្លួនបាត់ ដោយបន្សល់ រថយន្ដនៅ កន្លែងកើតហេតុ ។
មន្ដ្រីនគរបាល ចរាចរណ៍ បាននិយាយថា ក្រោយចុះទៅ ជួយអន្ដរាគមន៍ និងឆែកមើល អត្ដសញ្ញាណថា ជនរងគ្រោះ ដែលស្លាប់ភ្លាមៗ នោះឈ្មោះ ពិន វិសាល អាយុ២៤ឆ្នាំ ជាអ្នក បើកម៉ូតូ រស់នៅ ភូមិក្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ រីឯ ជនរងគ្រោះ ពីរនាក់ ផ្សេងទៀត ដែលអង្គុយ ពីក្រោយទី១ ឈ្មោះ ដែត អាយុ៣៣ឆ្នាំ រស់នៅ ភូមិត្រពាំងវែង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ និងម្នាក់ទៀត ឈ្មោះ ភ័ណ សារ៉ាត់ អាយុ២៧ឆ្នាំ រស់នៅ ភូមិតាកេ ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ដែលជនរងគ្រោះ ទាំងពីរនាក់ កំពុងជួយសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ ដោយសារតែ បាក់ដៃ បាក់ជើង និងរបួសពេញខ្លួនប្រាណ ។
ប្រភពពព័ត៌មានពី សាក្សីបាននិយាយថា មុនពេល កើតហេតុ គេបានឃើញជនរងគ្រោះ ទាំងបីនាក់ ជិះម៉ូតូឌុបគ្នា ម៉ាកស្កុបពី ពណ៌ខៀវលាយស ពាក់ស្លាកលេខ កំពង់ស្ពឺ 1C-4244 ក្នុងល្បឿនលឿន គួរសម តាម ផ្លូវជាតិលេខ៤ លុះដល់ចំណុច កើតហេតុនោះ មិនដឹងមកពី មូលហេតុអ្វី ជនរងគ្រោះ បានដួលគាប់ជួន ក៏មានរថយន្ដមកពីខាងមុខ កិនស្លាប់ និងរបួសតែម្ដងទៅ ។
បច្ចុប្បន្ន សពជនរងគ្រោះដែល ត្រូវរថយន្ដ កិនស្លាប់នោះ ត្រូវបានសមត្ថកិច្ច រៀបចំចាត់ចែងប្រគល់ ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះដែល រងរបួសធ្ងន់កំពុង សម្រាកព្យាបាល និងជួយសង្គ្រោះនៅ មន្ទីរពេទ្យ ដោយឡែក រថយន្ដ និងម៉ូតូ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ ផ្លូវគោក ដើម្បីរង់ចាំការដោះស្រាយបន្ដទៀត៕