ភ្នំពេញៈ ក្រោយបញ្ចប់ការប្រកួតកីឡា និស្សិតឧត្តមសិក្សា និងមធ្យមសិក្សា បច្ចេកទេស ឆ្នាំ២០១៤ លើប្រភេទកីឡា អត្តពលកម្មនៅព្រឹកថ្ងៃទី២៨ ខែមិថុនានេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ ប្រគល់រង្វាន់ជ័យលាភី ដល់អត្តពលិក ដែលដណ្ដើមបានជ័យជំនះ ក្នុងការប្រកួត ហើយក្នុងឱកាសនោះ ក៏មានការចូលរួមឧបត្ថម្ភ ពីក្រុមហ៊ុនស្រាបៀរអង្គរផងដែរ ។
នៅក្នុងប្រភេទកីឡា អត្តពលកម្មនេះ គឺមានវិញ្ញាសាប្រកួតចំនួន៦ប្រភេទ ដោយមានការចូលរួមពីបណ្ដា គ្រឹះស្ថានសិក្សា ទូទាំងប្រទេស ដែលក្នុងវិញ្ញាសារត់ ល្បឿន១០០ម៉ែត្របុរស លេខ១ បានទៅកីឡាករ ង៉ែត ភារ័ត្ន និងផ្នែកនារី បានទៅ កីឡាការិនី ចាន់ សីហា មកពីសាកលវិទ្យាល័យវេស្ទើនដូចគ្នា ។ វិញ្ញាសាលោតកម្ពស់ផ្នែកបុរស លេខ១ បានទៅ កីឡាករ រ័ត្ន សុជាតិ មកពីក្រុមវេស្ទើន និងផ្នែកនារី បានទៅកីឡាការិនី សុទ្ធ ស្រីល័ក្ខណ មកពីក្លឹបអាស៊ីអឺរ៉ុប ។
ចំណែកវិញ្ញាសាលោត ចម្ងាយផ្នែកបុរស លេខ១ បានទៅកីឡាករ ង៉ែត រដ្ឋា និងផ្នែកនារី បានទៅ កីឡាការិនី ចាន់ សីហា មកពីក្រុមវេស្ទើនដូចគ្នា ។ វិញ្ញាសាចោលដុំដែកផ្នែកបុរស លេខ១ កីឡាករ លៀម វាសនា និងផ្នែកនារី លេខ១ កីឡាការិនី ធឿន ម៉ារ៉ានាថ ក៏មកពីក្រុមវេស្ទើនដូចគ្នាដែរ ។ រីឯវិញ្ញាសារត់ប្រណាំងចម្ងាយ ៣គីឡូម៉ែត្រផ្នែកនារី លេខ ១ បានទៅកីឡាករ លី ណារី ខណៈរត់ចម្ងាយ ៥គីឡូម៉ែត្រផ្នែកបុរស លេខ១ បានទៅកីឡាករ ហែម ប៊ុនទីង មកពីក្លឹប អាស៊ីអឺរ៉ុបដូចគ្នា ។
ប៉ុន្ដែឆ្លងកាត់ការប្រកួតសរុបផលទ្ធផលរបស់គណៈកម្មការក្នុងប្រភេទកីឡាអត្តពលកម្មនេះ សម្រាប់ចំណាត់ ថ្នាក់ជាក្រុម លេខ១ បានទៅក្រុមវេស្ទើន ដែលរកបានមេដាយមាស៧ ប្រាក់១ និងសំរិទ្ធ១ ស្មើនឹង ៧៧ពិន្ទុ, លេខ២ ក្រុមអាស៊ីអឺរ៉ុប រកបានមេដាយមាស៣ ប្រាក់៤ និងសំរិទ្ធ៣ ទទួលបាន៧២ពិន្ទុ និងចំណាត់ថ្នាក់លេខ៣ បានទៅក្រុមវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា ដែលរកបានមេដាយប្រាក់៤ និងសំរិទ្ធ៣ មិនទទួលមេដាយមាសឡើយ ទទួលបាន៤៤ពិន្ទុ ។
នៅក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ដណ្ដើមបានជ័យលាភី ក្នុងព្រឹត្តិការណ៍ កីឡានិស្សិត ឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសនេះ គឺមានការចូលរួមពីលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាន កីឡា និងតំណាងក្រុមហ៊ុនស្រាបៀរអង្គរ ព្រមទាំងមន្ដ្រីក្រោមឱវាទ និងគណៈកម្មការ ជាច្រើននាក់ទៀត ៕