ភ្នំពេញ៖ ចោរកាច់កម៉ូតូ ប្រដាប់អាវុធម្នាក់ ត្រូវបានប្រជាពលរដ្ឋ រាប់រយនាក់ ស្វាគមន៍មួយដៃមួយជើង ឡើងបាត់ដង្ហើមឈឹង ពេលនគរបាល ទៅដល់ទើបដឹងខ្លួនវិញ និងម្នាក់ទៀតរត់គេចខ្លួន កាលពីវេលាម៉ោង១និង២០នាទី រសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅ ភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពីពួកគេ បានធ្វើសកម្មភាព កាច់កម៉ូតូ របស់ប្រជាពលរដ្ឋ ហើយត្រូវជនរងគ្រោះ និងប្រជាពលរដ្ឋ ប្រទះឃើញទាន់។
មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះ មានឈ្មោះ រស់ ធឿន ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ស្នាក់នៅក្នុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង និងបក្ខពួករបស់គេម្នាក់ទៀត ពុំស្គាល់អត្តសញ្ញាណរត់ គេចខ្លួនបាត់ ។
ចំណែក ឯជនរងគ្រោះ វិញមានឈ្មោះ ផាន តុលា ភេទប្រសុអាយុ២៦ឆ្នាំ មានមុខរបរជា អ្នកបើកបរ រថយន្ត និងមើលការខុសត្រូវ ផ្ទះជួល រស់នៅភូមិតានួន សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។ សមត្ថកិច្ចបានបន្តថា ម៉ូតូដែលចោរលួច មិនបានសម្រេចនោះ ម៉ាកសេ៩០ពណ៍ទឹកប្រាក់ ពាក់ស្លាក លេខ កណ្តាល 1F-0486 ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវឃុំខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការចាត់ការទៅ តាមផ្លូវច្បាប់៕