ថៃ៖ មេដឹកនាំក្រុមបាតុករថៃ ប្រឆាំងរដ្ឋាភិបាលថៃ ក្រោមការគ្រប់គ្រង របស់នាយករដ្ឋមន្រ្តី យីងឡាក់ ស៊ីណាវ៉ាត់ត្រា លោក ប៊ុនលឺត កាលពីវេលាម៉ោង ៥ រសៀលថ្ងៃទី២៤ ខែវិច្ឆិកា បានប្រកាស ផ្អាកការ ជួបជុំនិងតវ៉ា ដោយខ្លាច ពីសុវត្ថិភាព របស់ក្រុមបាតុករ បន្ទាប់ពី សមត្ថកិច្ចបានចាប់ផ្តើម បំបែកដោយ ប្រើឧស្ម័នបាញ់ បង្ហូទឹកភ្នែក ទៅលើក្រុមបាតុករ ខណៈការតវ៉ា មានស្ថានភាព កាន់តែធ្ងន់ធ្ងរឡើង។
សេចក្តីរាយ ការណ៍នានា ពីទីក្រុងបាងកក បានឲ្យដឹងថា ក្នុងការប៉ះទង្គិចគ្នារវាង ក្រុមបាតុករ និងក្រុម សមត្ថកិច្ចខាងលើនេះ បានបណ្តាលឲ្យ ក្រុមបាតុករ ចំនួន៣៧នាក់ រងរបួស ខណៈក្រុមបាតុករ ចំនួន១៣២នាក់ ផ្សេងទៀត ត្រូវបានចាប់ខ្លួន។ មេដឹកនាំ ក្រុមបាតុករ បានស្រែកទាមទារ ឲ្យលោកស្រី យីងឡាក់ ចុះចេញពីដំណែង ដោយសារតែពួកគេ យល់ថា លោកស្រី យីងឡាក់ ពុំមានសមត្ថភាព ក្នុងការដឹកនាំប្រទេស។
មេដឹកនាំរូបនេះ បានស្រែកថា វាដល់ពេលវេលាដែលអ្នកត្រូវចុះចេញ ពីដំណែងហើយ ពីព្រោះអ្នកបាន បង្ហាញថា គ្មានសមត្ថភាព ក្នុងការដឹកនាំ ហើយយើងប្រាប់ ទៅថាក់ស៊ីនថា ប្រសិនបើគាត់ចង់ ត្រឡប់មកវិញនោះ ត្រូវតែគោរព មុខ ព្រះមហាក្សត្រ និងទទួលទោស របស់គាត់។
ជាមួយនឹងស្ថានការណ៍ ខាងលើនេះ លោកស្រី នាយករដ្ឋមន្រ្តី យីងឡាក់ បានប្រកាសលុបចោល រាល់កម្មវិធី និងព្រឹត្តិការណ៍ នៅថ្ងៃសៅរ៍ នេះ ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យ ស្ថានការណ៍ ពីគេហដ្ឋាន របស់លោកស្រី។ នេះជាការតវ៉ា ប្រឆាំងលោក ស្រីយីងឡាក់ លើកទីមួយហើយ នៅទីក្រុងបាងកក ក្រោយពេល លោកស្រី បានកាន់ជាដំណែង នាយករដ្ឋមន្រ្តីអស់រយះពេល១ឆ្នាំកន្លះ មកនេះ៕