ភ្នំពេញ : នៅព្រឹកម៉ោង៨ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤នេះ នៅសាលាខណ្ឌដូនពេញមានកិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រងជនអនាថា អ្នកសុំទាន អ្នកញៀនថ្នាំ និងស្រ្តីរកស៊ីផ្លូវភេទ ដើម្បីសោភ័ណ ភាពរាជ ធានី ភ្នំពេញ និងកុំឲ្យមានការិះគន់ ពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរ ទាំងជាតិ និងបរទេស ។
កិច្ចពិភាក្សាគ្នានេះ បានធ្វើឡើង ក្រោមអធិបតីភាពលោកអភិបាលខណ្ឌដូនពេញ គួច ចំរើន លោកប្រធានមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ និងមានការចូលរួមខាង តំណាងអង្កការគ្រួសារថ្មី អង្កការមូលនិធិកុមារកម្ពុជា អង្កការហាការ អង្កការមិត្តសំឡាញ់និងមជ្ឈមណ្ឌលឱកាសខ្ញុំ ។
គួរកត់សម្គាល់ថា សម្រាប់ខណ្ឌដូនពេញ ជាពិសេស កន្លែងកំសាន្ត វត្តភ្នំ ស្រ្តីរកស៊ីផ្លូវ បានយកទីតាំងមួយនេះ ជាកន្លែងប្រកបមុខរបររបស់ ខ្លួនទៅហើយ ទាំងយប់ ទាំងថ្ងៃ បើទោះ បីនាពេលកន្លងទៅ ទាំងអាជ្ញាធរ និងសមត្ថកិច្ច បានបើកប្រតិបត្តិការ ចុះប្រមូល ជាច្រើនលើក ជាច្រើនសារ តែបាត់មួយរយ: ក៏លេចមុខសារជាថ្មី ។
នៅក្នុងកិច្ចប្រជុំខាងលើនេះ អភិបាលខណ្ឌដូនពេញ បានជំរុញឲ្យ មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នា ជួយរកវិធីដោះស្រាយបញ្ហាទាំងនេះ ដើម្បីធ្វើឲ្យមុខមាត់ ខណ្ឌដូនពេញ និយាយ ដោយឡែក និងរាជធានីភ្នំពេញ និយាយជារួម កាន់តែចាប់អារម្មណ៍ និងទាក់ទាញ ជាពិសេសនោះ កុំឲ្យមានការប៉ះពាល់ដល់ភ្ញៀវទេសចរជាដើម ៕