Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

វិចារណកថាៈ ហេតុអ្វី បានជាក្រុម ម៉ាហ្វីយ៉ាចិន អាចចូលមក កម្ពុជាបាន?

$
0
0

ករណីសមត្ថកិច្ច នគរបាល និងកងរាជអាវុធបង្រ្កាប ក្រុមម៉ាហ្វីយ៉ា ជនជាតិចិន និងចិនតៃវ៉ាន់បានកើតឡើងជាបន្ត បន្ទាប់ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ដូចជានៅខេត្តកំពង់ចាម ខេត្តកណ្តាល ក្រុងព្រះសីហនុ និងនៅក្រុងបាវិត ខេត្តស្វាយរៀងជាដើម ។ ក្រុមម៉ាហ្វីយ៉ាបានប្រព្រឹត្ត បទឧក្រិដ្ឋជម្រិតយកប្រាក់ពីក្រុមគ្រួសារជនរង គ្រោះតាមទូរស័ព្ទ និងវិធីផ្សេងៗទៀតតាមប្រព័ន្ធបច្ចេកវិទ្យា ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមក្នុងប្រទេស កម្ពុជា ។ ពាក់ព័ន្ធនឹងបញ្ហានេះ មជ្ឈដ្ឋានមួយ ចំនួនបានវាយតម្លៃថា មានកត្តាពីរយ៉ាងដែលក្រុមម៉ាហ្វីយ៉ាអាចចូលមកធ្វើ សកម្មភាពខុសច្បាប់ នៅ កម្ពុជាគឺទី១ការអនុវត្តច្បាប់នៅមានភាពធូររលុង និងទី២សមត្ថភាពរបស់សមត្ថកិច្ចនៅមាន កម្រិត ក្នុងការទប់ស្កាត់លំហូរចូលក្រុមម៉ាហ្វីយ៉ា ។ ជាការពិតក្រុមម៉ាហ្វីយ៉ាមួយ ចំនួនដែលសមត្ថកិច្ច កម្ពុជា ចាប់ខ្លួនគឺ ពួកគេពុំមានលិខិតឆ្លងដែន និងឯកសារស្របច្បាប់សម្រាប់ចូលមកកម្ពុជាឡើយ ។

កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៣មានការបង្រ្កាបក្រុមម៉ាហ្វីយ៉ាជនជាតិចិន នៅ៣កន្លែងផ្សេងគ្នា ហើយចាប់ ខ្លួនជនសង្ស័យសរុបបានរហូតដល់ទៅ៨១នាក់ ។ ប្រតិបត្តិការទី១គឺ នគរបាលនាយកដ្ឋាន សន្តិសុខផ្ទៃក្នុងនៃក្រសួង មហាផ្ទៃសហការ ជាមួយព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចមូលដ្ឋាន និងប៉ូលិសចិនចុះបង្រ្កាប ជនជាតិចិនប្រុសស្រីចំនួន៧នាក់ ពាក់ព័ន្ធនឹង ករណី ជម្រិតទារប្រាក់ដែលគេហៅថា ជាក្រុមម៉ាហ្វីយ៉ាឆ្លងដែន ។ នៅក្នុង ប្រតិបត្តិការនេះ ធ្វើឡើងកាលពី វេលាម៉ោង ០១ និង ១៥នាទីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៤នៅភូមិគ្រឹះលេខ៨៩ ក្រុមទី៧ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ នៅក្នុងហេតុការណ៍នេះដែរមានជនជាតិចិនម្នាក់បាន ព្យាយាមរត់គេចដោយលោតពីលើភូមិគ្រឹះទៅប៉ះរបងបន្លាលួសបណ្តាលឲ្យរងរបួស ។ ជាពិសេស សមត្ថកិច្ចរឹបអូស បានកុំព្យូទ័រជាច្រើនគ្រឿង រថយន្ត១គ្រឿង ម៉ូតូ១គ្រឿង និងទូរស័ព្ទលើតុចំនួន ១៥គ្រឿងសម្រាប់ប្រើជាមធ្យោបាយក្នុង ការចាប់ជំរិតឆ្លងដែន ។

ប្រតិបត្តិការទី២ប្រព្រឹត្តទៅ នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៤ ហើយសមត្ថកិច្ចបង្រ្កាបបានក្រុមម៉ាហ្វីយ៉ាជនជាតិចិន៤៤នាក់ និងវត្ថុតាងជាច្រើន ។ ប្រតិបត្តិការនោះដឹកនាំដោយ លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ចុះឆែក ឆេរផ្ទះមួយកន្លែងនៅខាងក្រោយទីតាំងអគ្គិសនី ចាស់ក្នុងភូមិក្រួស សង្កាត់ស្វាយដង្គំកណ្តាល ក្រុង សៀមរាបដោយមានកិច្ចសហប្រតិបត្តិការ ពីនគរបាលនាយកដ្ឋាន សន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ នគរបាលខេត្តសៀមរាប និងប៉ូលិសចិន ។ ក្នុងចំណោមក្រុមម៉ាហ្វីយ៉ាជនជាតិចិនទាំង ៤៤នាក់ ដែលត្រូវឃាត់ខ្លួននោះអ្នកខ្លះគ្មានលិខិតឆ្លងដែនឡើយ ដែលបញ្ហានេះសមត្ថកិច្ចកំពុងតែ សាកសួរ យ៉ាងយក ចិត្តទុកដាក់បំផុត ។ នៅខាងក្នុងបន្ទប់ផ្ទះដែលសមត្ថកិច្ចបង្រ្កាបនោះមានបំពាក់ទូរស័ព្ទ និងប្រព័ន្ធកុំព្យូទ័រជាច្រើនគ្រឿង ដែលគេសង្ស័យថាជាឧបករណ៍សម្រាប់បម្រើការចាប់ជម្រិត ជនជាតិ ចិនជាអ្នកមានទ្រព្យសម្បត្តិដែលកំពុងរស់នៅក្រៅ ប្រទេស និងរស់នៅក្នុងប្រទេសចិនតែម្តង ។ ប្រតិបត្តិការនៅខេត្តសៀមរាបធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះក្រុម ម៉ាហ្វីយ៉ាកំពុងយក ប្រទេសកម្ពុជា ធ្វើជាទីតាំងនៃការប្រព្រឹត្តបទឧក្រិដ្ឋយ៉ាងពេញបន្ទុក ។

ប្រតិបត្តិការទី៣ គឺមន្រ្តីនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ សហការជាមួយនគរបាល ខេត្តតា កែវ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រមទាំងប៉ូលិសចិន ធ្វើការបង្រ្កាបក្រុមម៉ាហ្វីយ៉ា ជនជាតិចិន ចំនួន២៨នាក់នៅ ក្នុងឃ្លាំងជួលមួយកន្លែងស្ថិតនៅក្នុងភូមិស្រងែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។ ការបង្រ្កាបនោះធ្វើឡើង កាលរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៤ ហើយសមត្ថកិច្ចបានដកហូតទូរស័ព្ទលើតុចំនួន៥៧គ្រឿង ទូរស័ព្ទចំនួន ១១គ្រឿង និងរថយន្តម៉ាក សាំយ៉ុង១គ្រឿងនៅក្នុងឃ្លាំងជួលនោះ ។ ការបង្រ្កាបផ្ទួនៗទៅលើក្រុមម៉ាហ្វីយ៉ាជនជាតិចិន កាលពី ថ្ងៃទី០៣ ខែកក្កដាគឺជាភស្តុតាងបង្ហាញថា សមត្ថកិច្ចកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការ បង្រ្កាប បទឧក្រិដ្ឋ ឆ្លងដែនដើម្បីរក្សាសន្តិសុខសង្គម ។ ជាពិសេសធ្វើយ៉ាង ណាទប់ស្កាត់កុំឲ្យក្រុម ម៉ាហ្វីយ៉ា ជនជាតិចិនឆ្លងដែនចូលមក ប្រព្រឹត្តបទឧក្រិដ្ឋនៅលើទឹកដីកម្ពុជា ឬយកទឹកដីកម្ពុជា ធ្វើជាទីតាំងប្រព្រឹត្ត បទឧក្រិដ្ឋបន្តទៀត ។

សរុបសេចក្តីមកការដែលក្រុមម៉ាហ្វីយ៉ា ជនជាតិចិនឆ្លងដែនចូលមកប្រព្រឹត្ត បទឧក្រិដ្ឋនៅក្នុងប្រទេស កម្ពុជាបាន ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម ព្រោះករណីជំរិតយកប្រាក់ តាមប្រព័ន្ធ បច្ចេកវិទ្យាដ៏ទំនើបគឺជាបទឧក្រិដ្ឋ មួយពិបាកក្នុងការបង្រ្កាបខ្លាំងណាស់ ។ ដើម្បីទប់ស្កាត់បញ្ហានេះក្រសួង និងស្ថាប័នពាក់ព័ន្ធក្នុងប្រទេសកម្ពុជាត្រូវយក ចិត្តទុកដាក់ពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាពង្រឹងសមត្ថ ភាពរបស់សមត្ថកិច្ចដែលមានតួនាទីក្នុងការបង្រ្កាបបទល្មើសឲ្យ ស្របទៅតាមបទដ្ឋានអន្តរជាតិ ។ ជាពិសេសការវែកមុខមន្រី្តពុករលួយខិលខូចក៏ជារឿងសំខាន់ដែរ ព្រោះករណីដែល ក្រុមម៉ាហ្វីយ៉ា ជនជាតិចិនអាចចូលមកកម្ពុជាដោយគ្មានលិខិតឆ្លងដែន មិនមែនជារឿងធម្មតាឡើយ ហើយអាចមាន ពាក់ព័ន្ធនឹងរឿងអាថ៌កំបាំងជាច្រើនទៀត ។ ដូច្នេះដើម្បីទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែនគឺក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវ យកចិត្តទុកដាក់បង្រ្កាបក្រុមម៉ាហ្វីយ៉ាជាប្រចាំ ហើយក្រុមឧក្រិដ្ឋជន ដែលជាមេខ្លោងជួញដូរគ្រឿងញៀន និងជួញដូរ មនុស្សក៏ជាគោលដៅដែល ត្រូវធ្វើការ បង្រ្កាបជាប្រចាំផងដែរ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>