ភ្នំពេញ ៖ ស្រ្តីសង្ស័យ២នាក់ ម្នាក់ជាអ្នក លក់បន្លែ និងម្នាក់ទៀត គ្មានមុខរបរ ច្បាស់ លាស់ ត្រូវបានកម្លាំង សន្តិសុខ ផ្សារបន្លែបឹងត្របែក ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីជនសង្ស័យ ទាំង២នាក់ ខាងលើ បានលួចដោះ គ្រឿងអលង្កា (ខ្សែក) ពីក្មេងស្រីម្នាក់ នៅក្នុងផ្សារ ប៉ុន្តែក្រោយការចាប់ខ្លួន កម្លាំងសន្តិសុខផ្សារ និងគណៈកម្មាការផ្សារ មិនបានប្រគល់ទៅ ឲ្យនគរបាល ប៉ុស្តិ៍មូលដ្ឋាននោះឡើយ ពោលបាននាំ ជនសង្ស័យទាំង២នាក់ ចូលទៅក្នុងបន្ទប់ ដើម្បីសួរនាំ ហើយមួយសន្ទុះ ក្រោយមក ដោះលែងទៅវិញ ធ្វើឲ្យមានការ រិះគន់យ៉ាងខ្លាំង ។
ករណីឃាត់ខ្លួន ចោរលួចដោះខ្សែក កូនក្មេង នៅក្នុងផ្សារបន្លែបឹងត្របែក ខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតក្នុង ផ្សារបឹងត្របែក ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។ ស្រ្តីសង្ស័យពីរនាក់ រួមមាន ទី១ឈ្មោះ ចាន់ ស៊ី អាយុ៣៣ឆ្នាំ មុខរបរលក់បន្លែ ទី២ ឈ្មោះ ស្រីអូន អាយុ២៥ឆ្នាំ ព្រមទាំងមានផ្ទៃពោះ៦ខែ ផងដែរ ។
ជនសង្ស័យទាំងពីរនាក់ បានបន្លំលួចយកខ្សែក ពីក្មេងម្នាក់ នៅក្នុងផ្សារ ពេលក្មេងរូបនោះ ចូលផ្សារជាមួយម្តាយរបស់នាង ។ បន្ទាប់ពីឃាត់ខ្លួន សួរនាំនៅ ស្នាក់ការ សន្តិសុខផ្សារបន្លែ បឹងត្របែក មិនបានប៉ុន្មានផង ក៏ត្រូវដោះលែង ដោយមិនបានបញ្ជូន ទៅខាង សមត្ថកិច្ចខណ្ឌ ឬប៉ុស្តិ៍ ធ្វើការសួរនាំបន្តទៀតនោះទេ ។ មិនដឹងជាគណៈកម្មាការផ្សារ និងសន្តិសុខ ផ្សារអាងអីនោះទេ បានជាហ៊ានដោះលែង ដោយចិត្តឯង ។
ដូច្នេះហើយបានជនល្មើស ប្រមូលផ្តុំនៅផ្សារនេះ យ៉ាងរំភើយនោះ។ ជុំវិញករណីនេះ ប្រធានសន្តិសុខផ្សារ បន្លែបឹងត្របែក បដិសេធ និងច្រានចោល ការចោទប្រកាន់ថា កម្លាំងសន្តិសុខ មិនបានប្រគល់ជនសង្ស័យ ទៅឲ្យមន្រ្តី នគរបាលប៉ុស្តិ៍ ។ ប្រធានសន្តិសុខផ្សារ បន្លែបឹងត្របែក ខាងលើនេះ បាននិយាយថា ពេលកម្លាំងសន្តិសុខ ចាប់ខ្លួនស្រ្តីទាំង២នាក់ ភ្លាមៗ ពេលនោះមានមន្រ្តីនគរបាល មូលដ្ឋាន២នាក់ បានមកដល់ តែមន្រ្តីនគរបាល ទាំងនោះមិនព្រមទទួលជនសង្ស័យ ហេតុដូច្នេះ ទើបពួកគេ បាននាំទៅសាកសួរ ។
ប្រធានសន្តិសុខផ្សារបានបន្តទៀតថា ក្រោយការសួរនាំ ទើបដឹងថា ជនសង្ស័យទាំង២នាក់នេះ មិនមែនជនប្រព្រឹត្តិផ្ទាល់នោះទេ ហើយជនដែលប្រព្រឹត្តិផ្ទាល់នោះ បានរត់គេចខ្លួនបាត់ទៅហើយ ព្រមទាំងបានយកទ្រព្យសម្បត្តិនោះទៅជាមួយផងដែរ។
បើតាមប្រធានសន្តិសុខរូបនេះ បានបន្តទៀតថា ស្រ្តីទាំង២នាក់ គ្រាន់តែអ្នកដើរ ជាមួយជនសង្ស័យដែលប្រព្រឹត្តិផ្ទាល់នោះទេ ហើយក្រោយការសួរនាំ សម្របសម្រួលរួច ស្រ្តីទាំង២នាក់ បានឲ្យលុយចំនួន២០០ដុល្លារ ទៅឲ្យជនរងគ្រោះវិញ។
យ៉ាងណាក៏ដោយ មន្រ្តីនគរបាល មូលដ្ឋាន បានឆ្លើយត្រឡប់ទៅវិញថា ចំពោះករណីនេះ ខាងសន្តិសុខផ្សារ មិនបានប្រគល់ស្រ្តីសង្ស័យទាំង២នាក់ មកឲ្យនគរបាល នោះឡើយ ពោលបានយក ទៅសួរនាំ ដោយខ្លួនឯង ហើយ ដោះលែង ។
មន្រ្តីនគរបាល បានបន្តទៀតថា បើទោះបីជាកម្លាំង នគរបាល បានទៅដល់ក៏ដោយ តែកម្លាំងសន្តិសុខ មិនបានប្រគល់ជូន ស្រ្តីសង្ស័យ មកឲ្យនោះទេ ៕