អកឡេន,(ស៊ិនហួ)៖ លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ បាននិយាយ នៅថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០១៤ នេះថា ប្រទេសនូវែលសេឡង់ បានបង្ហាញការយល់ដឹងច្បាស់ពីសេចក្តីសម្រេច របស់គណៈ រដ្ឋមន្ត្រីជប៉ុន ជុំវិញការយកមកប្រើប្រាស់ឡើងវិញ នូវរដ្ឋធម្មនុញ្ញជប៉ុន ដែលស្ថិតក្នុងន័យ បង្កើនកិច្ចការ ពារ សន្តិសុខជាតិនោះ ។
លោក អាបេ បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយ លោកនាយករដ្ឋមន្ត្រី នូវែលសេឡង់ ចន ឃី ស្របពេលដែលលោក ឃី ក៏បានជំរុញផងដែរ ឲ្យបណ្តាប្រទេសអាស៊ីទាំងអស់ ត្រូវដោះស្រាយជម្លោះ របស់ពួកគេតាមរយៈផ្លូវការទូត ។
គួរបញ្ជាក់ថា គណៈរដ្ឋមន្ត្រីជប៉ុន បានព្រមព្រៀងចំពោះសំណើឲ្យអនុវត្តឡើងវិញ នូវរដ្ឋធម្មនុញ្ញ ដើម្បី ការពារសន្តិសុខជាតិ ជាពិសេស គឺសិទ្ធិក្នុងការបង្កើតយោធាជប៉ុនឡើងវិញ ចំពោះមុខការរិះគន់ធ្ងន់ៗ ពីបណ្តាប្រទេស ដែលធ្លាប់រងគ្រោះ ដោយសារអំពើឈ្លានពានរបស់ទាហានជប៉ុន កាលពីសម័យ សង្គ្រាមលោកនោះ ។
ក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសនូវែលសេឡង់នោះ លោក អាបេ ក៏បានបង្ហាញការខកចិត្តផង ដែរ ចំពោះសេចក្តីសម្រេច របស់តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ទៅលើការនេសាទត្រីបាឡែន ដែលជាប្រពៃណីរបស់ជប៉ុនតាំងពីបុរាណនោះ។ ឆ្លើយតបនឹងបញ្ហា នេះលោក ឃី បានអះអាង ក្នុង សន្និសីទសារព័ត៌មានរួមគ្នាថា ប្រទេសទាំងពីរនៅតែមានបញ្ហា មិនចុះសម្រុងគ្នានៅឡើយ លើបញ្ហា នេសាទត្រីបាឡែននេះ ៕