ភ្នំពេញ៖ តំណាងមកពីស្ថាប័ន អប់រំនិងសកលវិទ្យាល័យ ចំនួន ៤១ មកពីរដ្ឋនានា នៃប្រទេស អូស្ត្រាលី នឹងមក ផ្តល់យោបល់ និងការណែនាំ ដល់សិស្សានុសិស្ស និងអាណាព្យាលកម្ពុជា ដែលចង់ទៅសិក្សានៅ ប្រទេស អូស្ត្រាលី។
យោងតាមសេចក្តីប្រកាសព័ត៌មាន International Development Program of Australian (IDP) ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកក្កដានេះ ទីក្រុងភ្នំពេញនឹងក្លាយជាម្ចាស់ផ្ទះ ទទួលអ្នកតំណាង មកពីស្ថាប័នអប់រំ និងសកលវិទ្យាល័យចំនួន ៤១ មកពីរដ្ឋ នានានៃប្រទេសអូស្ត្រាលី ដើម្បីមក ចូលរួមពិព័រណ៌របស់ IDP និងផ្តល់យោបល់ ក៏ដូចការណែនាំដល់ សិស្សានុសិស្ស និងអាណាព្យាបាល ទៅលើជំរើសនៃការសិក្សា នៅប្រទេសអូស្ត្រាលី។
លោក ម៉ៅ ស្រេង នាយក International Development Program of Australian (IDP) ប្រចាំកម្ពុជា បានមាន ប្រសាសន៍ថា “នេះជាឱកាសពិសេសមួយ សំរាប់សិស្សានុសិស្សកម្ពុជា ដែលកំពុងពិចារណាទៅសិក្សា នៅក្រៅ ប្រទេស។ ការទទួលការអប់រំស្តង់ដារ អន្តរជាតិ អាចក្លាយ ជាអត្ថប្រយោជន៍មួយ ដែលមានអានុភាពសំរាប់ សិស្សានុសិស្សកម្ពុជា ក្នុងការប្រកួតប្រជែង ទីផ្សារការងារ នៃពេលដែលសមាហរណកម្ម សេដ្ឋកិច្ចអាស៊ាន ឆ្នាំ ២០១៥ ឈានចូលមកដល់”។
លោកបន្តថា ដូច្នេះហើយទើបប្រជាជនកម្ពុជា កាន់តែច្រើនឡើង បានរាប់បញ្ចូលការសិក្សានៅបរទេសក្នុងផែនការ អប់រំ របស់ពួកគាត់ ដើម្បីធានានូវឱកាសការងារដ៏ល្អ នាពេលអនាគត។ ដោយសារតែមានប្រជាជនខ្មែ រាប់រយនាក់ ទៅបន្តការសិក្សានៅអូស្ត្រាលី ជារៀងរាល់ឆ្នាំ បានធ្វើឲ្យប្រទេសនេះ កាន់តែមានប្រជាប្រិយភាព។
លោកស្រី Quinn Tran ប្រធាន Department of Immigration and Border (DIBP) បានមានប្រសាសន៍ថា “ចំនួន ប្រជាជន កម្ពុជា ដែលបន្តការសិក្សា នៅប្រទេសអូស្ត្រាលី មានការកើនឡើងជាលំដាប់ ដោយសារតែប្រទេស អូស្ត្រាលី ផ្តល់នូវការអប់រំគ្រប់កំរិត ដែលប្រកបដោយ គុណភាព”។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៥ IDP Education ជួយឲ្យសិស្ស និស្សិតកម្ពុជា បានទៅ បន្តការសិក្សានៅ ប្រទេស អូស្ត្រាលី ហើយសព្វថ្ងៃនេះ IDP ក៏ជួយដល់សិស្ស និស្សិត ឲ្យទៅបន្តការសិក្សានៅ សហរដ្ឋអាម៉េរិក, ណូវែលហ្សេឡង់, អង់គ្លេស និងនៅប្រទេសកាណាដា ផងដែរ ដែលការប្រឹក្សា និងជំនួយការដាក់ពាក្យទៅរៀននៅ បរទេស ដែលផ្តល់ដោយ IDP Education គឺឥតគិតថ្លៃ ៕