ព្រៃវែង ៖ លោក គឹង វណ្ណៈ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្ដព្រៃវែង កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៤នេះ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងទេយ្យទាន ទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាចំនួន ៦វត្ដ នៅក្នុងឃុំចុងអំពិល ទាំងមូល។
ពិធីប្រគេនទានព្រះវស្សា ទេយ្យវត្ថុ និងទេយ្យទាននេះ បានប្រារឰធ្វើឡើងនៅក្នុងភូមិព្រៃត្បាល់ ឃុំុចុងអំពិល ស្រុកកញ្ជ្រៀច ខេត្ដព្រៃវែង ដោយ មានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំចុងអំពិល មន្ដ្រីអាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋ ប្រមាណជិត ២០០នាក់ ។ ក្នុង នោះសម្រាប់វត្ដនីមួយៗ ទទួលបានទៀនព្រះវស្សា១គូ មី១កេសធំ ទឹកក្រូច១កេស ទឹកបរិសុទ្ធ ២កេស និងបច្ច័យកសាងវត្ដចំនួន ៣០ម៉ឺនរៀល ព្រះសង្ឃពីរអង្គ ក្នុងមួយអង្គៗបច្ច័យ ចំនួន ៤ម៉ឺនរៀល និងពុទ្ធបរិស័ទ ដែលមកចូលរួមចំនួន ១៣០នាក់ ក្នុងម្នាក់ៗ ៥០០០ រៀល ។ ក្រៅពីនេះ កន្លងមកនៅក្នុងខែមិថុនា ឆ្នាំ២០១៤ កន្លងទៅ លោក គឹង វណ្ណៈ ក៏បាននាំយកថវិកាមូលនិធិ របស់លោកឧបនាយករដ្ឋមន្ដ្រី ស ខេង ប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្ដព្រៃវែង ចំនួន ៥.៨០០.០០០រៀល ទៅឧបត្ថម្ភ ដល់ជនចាស់ជរាអ្នកមានជំងឺ និងគ្រួសារ ដែលមានសមាជិកទទួល មរណភាពនៅក្នុងឃុំចុងអំពិលទាំងមូលផងដែរ។
លោក គឹង វណ្ណៈ ក្នុងនាមក្រុមការងារថ្នាក់ជាតិ បានលើកឡើងថា កន្លងមកក៏ដូចបច្ចុប្បន្ន រាជរដ្ឋាភិបាលតែងតែយកចិត្ដទុកដាក់ ទៅលើ ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយមិនប្រកាន់និន្នាការ អ្វីឡើយ។
ដោយឡែកសម្រាប់វិស័យព្រះពុទ្ធសាសនាវិញ ជាពិសេសទីវត្ដអារាមតែម្ដង ឱ្យតែរដូវបុណ្យទានឈាន ចូលមកដល់ ប្រមុខរាជរដ្ឋាភិបាលតែងតែ ជំរុញ និងណែនាំឱ្យមន្ដ្រីចុះសួរសុខទុក្ខ និងញំនាំយកទេយ្យទាន ទេយ្យវត្ថុ ផ្សេងៗ ទៅប្រគេនដល់ព្រះសង្ឃ ក៏ដូចជាជូនដល់តាជី យាយជី ពុទ្ធបរិស័ទ ដើម្បីទុកធ្វើបុណ្យទាន មិនដែលខានឡើយ ព្រោះទីវត្ដអារាម មិនត្រឹមតែជាកន្លែងគោរព បូជាប៉ុណ្ណោះទេ តែគឺជាជម្រក និងជាកន្លែង បង្រៀនអប់រំមនុស្ស ឱ្យមានចំណេះដឹង និងប្រព្រឹត្ដតែ អំពើល្អផងដែរ៕