-លោកស្នងការ ទទួលយក កូនប្រុស សពលោកមេប៉ុស្ដិ៍ ចូលបម្រើជាមន្ដ្រី នគរបាល
-លោកស្នងការ ឧបត្ថម្ភថវិកា ចំនួន១លានរៀល ជូនលោក ធឿន ថន ដែលបាន ប្រទះឃើញ សពលោក មេប៉ុស្តិ៍មុនគេ
កំពង់ចាម ៖ ស្នងការ នគរបាល ខេត្ដកំពង់ចាម លោកឧត្ដមសេនីយ៍ ត្រី បែន រត្ន័ កាល ពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ បានដឹកនាំមន្ដ្រី នគរបាលជាង៦០រូប ក្នុងនោះ ថ្នាក់ស្នងការរង ៣រូប ទៅចូលរួមគោរព វិញ្ញណក្ខន្ធ និងនាំយកថវិកាឧបត្ថម្ភ ២១លាន ១០ម៉ឺនរៀល ជូនក្រុមគ្រួសារ សពនាយ នគរបាល ប៉ុស្ដិ៍ស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម ដែលបានស្លាប់ និងរកឃើញ កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤។
នៅក្នុងពិធីគោរព វិញ្ញាណក្ខន្ធ និងចូលរួម បុណ្យសព នាយនគរបាលប៉ុស្ដិ៍រូប នេះ លោកស្នងការ ខេត្ដកំពង់ចាម ក៏បានធ្វើ ពិធីបំពាក់ស័ក្ដិ ជាកិច្ចបច្ឆាមរណៈ ដោយដំឡើង ស័ក្ដិពីអនុសេនីយ៍ទោ ទៅជា អនុសេនីយ៍ឯក (ស័ក្ដិ២ឡើងស័ក្ដិ៣) ។
មន្ដ្រីនគរបាល ខេត្ដកំពង់ចាម បានថ្លែងថា ថវិកាទាំង២១លាន១០ម៉ឺនរៀល ដែលត្រូវស្នងការ នគរបាល ខេត្ដកំពង់ចាម យកទៅប្រគល់ជូន សាច់ញាតិ និងក្រុមគ្រួសារសព លោក ចាន់ សុផល នោះ បានមកពីការ ឧបត្ថម្ភ រួមមាន នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ឧបត្ថម្ភ ៤លានរៀល លោក លន់ លឹមថៃ អភិបាល ខេត្ដកំពង់ចាម ឧបត្ថម្ភ ៤លានរៀល ស្នងការនគរបាល ខេត្ដកំពង់ចាម លោកឧត្ដមសេនីយ៍ បែន រត្ន័ ឧបត្ថម្ភ ៤លានរៀល សមាគមមិត្ដប៉ូលិស ឧបត្ថម្ភ ៤លានរៀល អធិការនគរបាល ស្រុកស្រីសន្ធរ ឧបត្ថម្ភ ៣លានរៀល អភិបាល ស្រុកស្រីសន្ធរ ឧបត្ថម្ភ១លានរៀល ព្រះរាជអាជ្ញា អមសាលា ដំបូងខេត្ដកំពង់ចាម ឧបត្ថម្ភ ៤០ម៉ឺនរៀល នាយខណ្ឌរដ្ឋបាលជល ផល ខេត្ដកំពង់ចាម ឧបត្ថម្ភ ៥០ម៉ឺនរៀល និងមេបញ្ជាការអាវុធហត្ថ ខេត្ដកំពង់ចាម ឧបត្ថម្ភ ២០ម៉ឺនរៀល ។
ជាការលើកទឹកចិត្ដ ដល់ក្រុមគ្រួសារ និង ដើម្បីសងគុណដល់ កិច្ចការងារ និងខិតខំប្រឹងប្រែងបម្រើជាតិ មាតុភូមិ ក្នុងនាមជាមន្ដ្រី នគរបាលមួយ រូបនោះ ស្នងការនគរបាល ខេត្ដកំពង់ចាម បានយល់ព្រមអនុញ្ញាត ឱ្យកូនប្រុសរបស់ លោក ចាន់ សុផល ចូលបម្រើការ ជាមន្ដ្រីនគរបាលផងដែរ ។
ដោយឡែក នៅក្នុងពិធីចូលរួម បុណ្យសព លោក ចាន់ សុផល នេះផងដែរ ស្នងការ នគរបាលខេត្ដកំពង់ចាម ក៏បានប្រគល់ថវិកា ចំនួន១លានរៀល ជូនដល់ លោក ធឿន ថន អាយុ៣៣ឆ្នាំ ដែលបានប្រទះឃើញ សព លោក ចាន់ សុផល មុនគេ ដូចទៅ នឹងអ្វីដែលលោកស្នងការ បានសន្យា ពេលដែលមិន ទាន់រកឃើញនោះ ។
ជាថ្មីម្ដងទៀត នៅចំពោះមុខ ក្រុមគ្រួសារសព លោកឧត្ដមសេនីយ៍ បែន រត្ន័ បានសន្យាថា នឹងខិតខំប្រឹងប្រែង ស្រាវជ្រាវ តាមចាប់ក្រុមឃាតកឱ្យ ទាល់តែបាន យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់។
សូមបញ្ជាក់ថា សពនាយ នគរបាលប៉ុស្ដិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម ដែលបាត់ខ្លួន តាំងពីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅនោះ ត្រូវបាន សមត្ថកិច្ច និងប្រជាពលរដ្ឋ រកឃើញហើយ ប៉ុន្ដែសាកសព ទាំងមូលរលាយ នៅសល់ តែឆ្អឹង សំលៀក បំពាក់ ស្បែកជើង និងមួក តែប៉ុណ្ណោះ ដែលការ រកឃើញសព នាយនគរបាល ប៉ុស្ដិ៍រូបនេះ បានកើតឡើង កាលពីវេលា ម៉ោងប្រមាណ១០និង២០នាទី ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅ ចម្ងាយពីភូមិគោ ក្នុងព្រៃកក់ ប្រមាណ៣គីឡូម៉ែត្រ ។
មន្ដ្រីនគរបាល ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម បានឱ្យដឹងថា សពជន រងគ្រោះដែល សល់តែឆ្អឹង សំលៀកបំពាក់ មួក និងស្បែកជើងនោះ ត្រូវបានប្រជាពលរដ្ឋ ដែលទៅធ្វើ ស្រែប្រាំងប្រទះឃើញ នៅក្នុងព្រៃកក់ រួច ហើយក៏រាយការណ៍ ជូនសមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋាន ដើម្បីចុះទៅពិនិត្យ និងធ្វើកោសល្យ បញ្ជាក់ថា សពនេះពិត ជាជនរងគ្រោះជា នាយនគរបាល ប៉ុស្ដិ៍ស្វាយពោធិ៍ លោក ចាន់ សុផល ឬមួយយ៉ាងណានោះ ។
ជុំវិញការប្រទះឃើញ សពជនរងគ្រោះ ដែលស្លាប់បណ្ដាល មកពីក្រុមឆក់ត្រីនៅក្នុង បឹងក្រចាប់ កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅនេះ ស្នងការនគរបាល ខេត្ដកំពង់ចាម លោកឧត្ដមសេនីយ៍ត្រី បែន រត្ន័ បានបញ្ជាក់ថា ក្រោយពីធ្វើ កោសល្យវិច័យ តាមរយៈភិនភាគ សំលៀកបំពាក់ និងមួក (ការរៀបរាប់របស់ ក្រុមគ្រួសារ) ជនរងគ្រោះគឺ ជានាយនគរបាល ប៉ុស្ដិ៍ស្វាយពោធិ៍ ពិតប្រាកដ មែន ដែលបាត់ខ្លួនរយៈពេលប្រមាណ២០ ថ្ងៃមកនេះ ។
ស្នងការនគរបាល ខេត្ដកំពង់ចាម បានបន្ដ ថា បញ្ហាទី១ ដែលត្រូវធ្វើគឺ ប្រគល់សព និងចាត់ចែងធ្វើបុណ្យ តាមប្រពៃណី ជូនក្រុម គ្រួសារ ដែលថ្នាក់ស្នងការដ្ឋាន នគរបាលខេត្ដ ជាអ្នកទទួលខុសត្រូវ លើការចំណាយ ទី២ ការធ្វើរបាយការណ៍ ជាផ្លូវការ ជូនថ្នាក់លើ និងទី៣ ធ្វើការស្រាវជ្រាវ យ៉ាងយកចិត្ដទុក ដាក់តាមជំនាញ របស់ខ្លួន តាមចាប់ជនដៃ ដល់ ដែលជាប់ពាក់ព័ន្ធ ការសម្លាប់ជនរង គ្រោះ ។
សូមបញ្ជាក់ថា ក្រោយពីបាត់ ខ្លួននាយនគរបាល ប៉ុស្ដិ៍ឃុំស្វាយពោធិ៍ កាលពីវេលា ម៉ោងប្រមាណ ៧និង២០នាទី យប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅបឹងក្រចាប់ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម មកនោះ ស្នងការនគរបាល ខេត្ដកំពង់ចាម បានដឹកនាំកម្លាំង នគរបាលថ្នាក់ខេត្ដ ថ្នាក់ ស្រុក ថ្នាក់ឃុំ និងមានការចូលរួម ពីអាជ្ញាធរ កម្លាំងនគរបាល ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ព្រមទាំងបង ប្អូនសាច់ញាតិ និងប្រជាពលរដ្ឋ នៅក្នុងភូមិ ជាច្រើននាក់ បានស្វែង រកជារៀងរាល់ថ្ងៃ ប៉ុន្ដែរកមិនឃើញដោយ សារតែស្ថានភាព បឹងក្រចាប់ធំ ល្វឹងល្វើយ សំបូរទៅដោយព្រៃកក់ ដើមឈើតូចៗនិង កត្ដាអាកាសធាតុផងដែរ ។
យ៉ាងណាក៏ដោយ ការខិតខំប្រឹងប្រែង ទាំងកម្លាំង នគរបាល និងប្រជាពលរដ្ឋនោះ ទីបំផុត បានរកឃើញ សពជនរងគ្រោះនៅនឹង ព្រៃកក់ ប៉ុន្ដែសពស្ទើរ រលួយទាំងស្រុងទៅ ហើយនោះ ។
គួររំលឹកថា អំពើឃាតកម្ម ទៅលើនាយ នគរបាលប៉ុស្ដិ៍រូបនេះ បានកើតឡើងក្រោយ ពីកម្លាំងនគរបាល មូលដ្ឋាន របស់ស្រុកខ្សាច់ កណ្ដាល ខេត្ដកណ្ដាល ដែលស្ថិតនៅប៉ែក ម្ខាងនៃបឹងក្រចាប់ បានបើកប្រតិបត្ដិការ បង្ក្រាប និងដេញចាប់ខ្លួន ក្រុមជនល្មើសដែល លួចឆក់ត្រី ដោយខុសច្បាប់ ប៉ុន្ដែនៅពេល ក្រុមចោរឆក់ត្រីទាំងនោះរត់ពីការតាមចាប់ របស់កម្លាំងសមត្ថកិច្ចខេត្ដកណ្ដាល ក៏ទៅពើប និងលោកមេប៉ុស្ដិ៍ដែលកំពុងចុះទៅមើល សកម្មភាពនេះ ក៏ត្រូវប៉ះទង្គិចគ្នាបណ្ដាលឱ្យ ស្លាប់តែម្ដង៕
ស្នងការនគរបាល ខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញានក្ខន្ធ សពលោក ចាន់ សុផល
លោកស្នងការខេត្ត បែន រ័ត្ន ប្រគល់ថវិកា ចំនួន២១លាន និង១០ម៉ឺនរៀល ដល់ភរិយាលសព លោក ចាន់ សុផល
លោកស្នងការ ប្រគល់ថវិកាចំនួន ១លានរៀល ជូនលោក ធឿន ថន ដែលប្រទះឃើញសពលោក ចាន់ សុផលមុនគេ
ស្នងការនគរបាល ខេត្តកំពង់ចាម ដឹកនាំ កម្លាំងនគរបាល និងប្រជាពលរដ្ឋ ស្វែងរកលោកមេប៉ុស្តិ៍