ឡាហ្គោស៖ យ៉ាងហោចណាស់មនុស្សជាង ១៦០នាក់ បានស្លាប់នៅក្នុងការវាយប្រហារ កាលពីពេលថ្មីៗនេះ ក្នុងតំបន់ សាងហ្គា នៃរដ្ឋកាឌូណា ភាគខាងជើងប្រទេសនីហ្សេរីយ៉ា ដោយក្រុមខ្មាន់កាំភ្លើង ដែលបង្កការវាយប្រហារនោះ នៅមិនទាន់អាចកំណត់អត្តសញ្ញាណឲ្យ បាន ច្បាស់លាស់ នៅឡើយទេ រហូតមកដល់ថ្ងៃសុក្រ ទី១១ ខែកក្កដា ម្សិលមិញនេះ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសៅរ៍ នេះថា ជនសង្ស័យជាខ្មាន់កាំភ្លើង នោះ អាចមានឈ្មោះថា ហ៊្វូឡានី ហឺដស្មេន បាន បង្កការវាយប្រហារចំនួនពីរកន្លែងផ្សេងគ្នា ស្ថិតនៅតំបន់ សាងហ្គា របស់រដ្ឋកាឌូណា ដោយបានបណ្តាលឲ្យប្រជាជននៅទីនោះ ៣៨នាក់ ស្លាប់ និង មួយចំនួនធំទៀតរងរបួស, នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានក្នុងតំបន់។
ការវាយប្រហារ បានកើតឡើងផ្ទួនៗនៅក្នុងភូមិចំនួនពីរ នៃតំបន់សាងហ្គា នៅរយៈពេល ៣ថ្ងៃ ចុងក្រោយនេះ ដែលជាហេតុនាំឲ្យអាជ្ញាធរក្នុងតំបន់ ត្រូវប្រកាសឲ្យមានការរក្សាសុវត្ថិភាព រយៈពេល ២៤ម៉ោង។ មន្ត្រីប្រចាំតំបន់គឺលោក អ៊ែមម៉ានូធ៊ែល អាដាមូ បាននិយាយថា លោក បានធ្វើ ទស្សនកិច្ចនៅតំបន់នោះ កាលពីថ្ងៃសុក្រ ហើយបើតាមភាពជាក់ស្តែង ភូមិចំនួន ៧ ឯណោះ ដែលត្រូវបានវាយប្រហារ មិនមានតែ ពីរភូមិ ដូច សេចក្តីរាយការណ៍ពីខាងដើមឡើយ។
មន្ត្រីខាងលើបន្តថា ប្រជាជន ១៦០នាក់ ហើយបានស្លាប់ និង ជាង ២៤.០០០នាក់ទៀត ត្រូវជម្លៀសខ្លួនចេញពីតំបន់ខាងលើ ដោយភ័យខ្លាច ចំពោះការវាយប្រហារកើតឡើងថែមទៀត៕