ភ្នំពេញៈ តារាពន្លកថ្មី ទើបតែរះលើវិថីសិល្បៈ កំពុងតែស្រវា ភាពល្បីល្បាញ លោក ហេង មករា បង្ហើបឲ្យដឹងថា ក្តីស្រមៃដែលលោកមានតាំងពីកុមារភាព ចង់ក្លាយជាតារា ដែលមានឈ្មោះ បោះសំឡេង ក្នុងវិថីសិល្បៈនោះ កំពុងតែចាប់ផ្តើម មានពន្លឺ ហើយ បន្ទាប់ពីលោកបាន គ្រងតំណែង ជាពិធីករនៅស្ថានីយទូរទស្សន៍ ក្នុងស្រុកមួយ។
ក្នុងកិច្ចសម្ភាសន៍ ដោយផ្ទាល់ ក្នុងកម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ" នៅថ្ងៃសុក្រ ទី១១ ខែកក្កដានេះ តារាសម្តែង រូបស្រស់សង្ហា លោក ហេង មករា បានប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះ សន្ទុះការងារ ក្នុងវិថីសិល្បៈ របស់លោក ហាក់មានភាពរីកចម្រើន កាន់តែខ្លាំង ជាងមុន ។ បច្ចុប្បន្ននេះ លោកបានទទួលថតស្ពតច្រើន គួរសម ហើយនៅក្នុងពេលឆាប់ៗ ខាងមុខនេះ លោកក៏មានគម្រោងត្រៀម ថតស្ពតថ្មី និងគ្រងតំណែង ជាពិធីករផងដែរ ។
តារាប្រុសវ័យ២១ឆ្នាំរូបនេះ បានប្រាប់ឲ្យដឹងថា "ថ្មីៗនេះ ខ្ញុំទើបតែគ្រងតំណែង ជាពិធីករ នៅក្នុងស្ថានីយទូរទស្សន៍ថ្មីមួយ មានឈ្មោះថា CTV 8 HD ដែលអ្នកដឹកនាំ បានត្រៀមកម្មវិធីឲ្យលោកកាន់ មួយចំនួនទៀត ដែលទូរទស្សន៍ថ្មីមួយនេះ និងចាប់ផ្តើមដំណើរការ នៅក្នុងពេលឆាប់ៗខាងមុខនេះ "។
តារាប្រុស ហេង មករា បានប្រាប់ឲ្យដឹងបន្ថែមទៀតថា ក្នុងក្តីស្រមៃរបស់លោក ក្រៅពីជាអាជីពជាពិធីករ លោកក៏នៅមានក្តីស្រមៃចាប់យកអាជីពសម្តែងរឿង និងតារាបង្ហាញម៉ូដបន្ថែមទៀត ដើម្បីពង្រីកទីផ្សារសិល្បៈ ឲ្យធំទូលាយ ហើយលោក នឹងខំប្រឹងពង្រឹងសមត្ថភាព ឲ្យបានល្អជាងនេះ ។ លោករំពឹងថា នៅក្នុងពេលឆាប់ៗនេះ លោកនឹងអាចទទួលបាន តំណែងអ្វីផ្សេងលើសពីនេះទៀត ៕