បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា កម្ពុជានាពេលបច្ចុប្បន្ននេះ បានដើរជំហានបែបកញ្ចាញ់ចេក ពោលគឺឈប់ដើរ បែបជំហានគីង្គក់ទៀតហើយ។
ការថ្លែងបែបនេះ បានធ្វើឡើងនាឱកាសដែលលោក បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋនៅឃុំស្រះរាំង ស្រុកមង្គលបុរី ខេត្ត បន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១២។
លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានបន្តទៀតថា ការដើរតាមបែបកញ្ចាញ់ចេកនេះ មានន័យថា ឆ្លងកាត់ ភ្លើងសង្រ្គាមរាំរ៉ៃអស់រយៈពេលជាច្រើនឆ្នាំ និងសម័យប៉ុលពត ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មក ដល់ពេលបច្ចុប្បន្ននេះ កម្ពុជាទទួលបានសុខសន្តិភាព និងភាពរីកចម្រើនគ្រប់វិស័យ។ អ្វីដែលទទួលបាន នេះ ដោយសារតែកម្ពុជា មានប្រមុខដឹកនាំសម្តេចទាំង៣ ដែលពោរពេញដោយទស្សនទាន ដែលជាយុទ្ធ សាស្រ្តក្នុងការដឹកនាំនាវាកម្ពុជា។
ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានបញ្ជាក់ថា អ្វីដែលធ្វើឲ្យកម្ពុជាកាន់តែល្បីល្បាញលើឆាកអន្តរជាតិទៀតនោះ គឺនៅពេលថ្មីៗនេះ កម្ពុជាទទួលបានការទុកចិត្ត និងផ្តល់កិត្តិយសពីប្រទេសទាំង១០ នៃសមាជិកអាស៊ាន ឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត។ ជាពិសេស កិច្ចប្រជុំនេះ ត្រូវបានកម្ពុជាប្រារព្ធឡើងប្រដោយជោគជ័យ និងគួរជាទីមោទន ក្រោមការដឹកនាំរបស់ ប្រមុខរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន៕