មេដឹកនាំ នៃក្រុមបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ កាលពី ថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២ កន្លងទៅនេះ បានប្រកាស ទទួលស្គាល់ពីភាពបរាជ័យរបស់ខ្លួន ដោយបាននិយាយថា លោកយល់ព្រមចុះចាញ់សត្រូវ របស់លោក បន្ទាប់ពីបានប្រកាសបញ្ចប់ការធ្វើបាតុកម្ម កាលពីរសៀលថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា កន្លងទៅនេះ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន The Nations ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១២នេះ បានឲ្យដឹង ដោយលើកឡើងនូវសំដីរបស់លោក ប៊ុនឡឺត កែវប្រាស៊ីត មេដឹកនាំរបស់ក្រុមបាតុករ ដែលបានហៅ ខ្លួនឯងថា ជាក្រុមការពារប្រទេសថៃនោះ បាននិយាយថា លោកបានសម្រេចប្រកាសបញ្ចប់បាតុកម្មមុន ពេលកំណត់ មូលហេតុដោយសារអ្នកចូលរួមមានចំនួនតិចជាងការរំពឹងទុក។
លោកបានដាក់បន្ទុកបញ្ហានេះទៅលើក្រុមអាជ្ញាធរ និងមន្ត្រីប៉ូលីស ដែលបានបញ្ចៀសក្រុមបាតុករជាច្រើន មិនឲ្យចូលរួមក្នុងការធ្វើបាតុកម្ម។ លោកបានបន្តថា លោកមិនចង់ឲ្យប្រជាជនប្រឈមមុខនឹង ហិង្សា ឬហានិភ័យនានា ដែលបង្កឡើងដោយមន្ត្រីប៉ូលីស បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារវាងភាគី ទាំងពីរ។
មន្ត្រីប៉ូលីសបានសន្និដ្ឋានថា ចំនួនក្រុមបាតុករចូលរួមក្នុងបាតុកម្មមានប្រមាណជា ២០ពាន់នាក់ ខណៈដែលអ្នករៀបចំសកម្មភាពនេះ បានបង្ហាញតួលេខថា មានមនុស្សប្រហែលជា៥០ពាន់នាក់ ចូលរួមធ្វើ បាតុកម្ម។ ប៉ុន្តែលោក ប៊ុនឡឺតវិញ បានបង្ហាញថា ក្រុមបាតុកររបស់លោកអាចមានរហូតដល់មូយលាន នាក់។ មេដឹកនាំរូបនេះ បានបន្តថា ប្រជាជនទូទាំងប្រទេសត្រូវបានរារាំងមិនឲ្យធ្វើដំណើរតាមបណ្តោយដងផ្លូវសំខាន់នានា ក្នុងទីក្រុងបាងកកឡើយ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ មានប្រជាជនជាច្រើននាក់ ដែលចូលរួមក្នុងការធ្វើបាតុកម្ម បានបង្ហាញការខឹងសម្បាយ៉ាងខ្លាំងបន្ទាប់ពីបានដំណឹងថា លោក ប៊ុនឡឺត ប្រកាសបញ្ឈប់បាតុកម្មមុនពេលកំណត់។ មនុស្សមួយចំនួនក្នុងចំណោមប្រជាជនទាំងនោះ បានស្រែកថា ពួកគេនឹងមិនចូលរួមធ្វើបាតុកម្មជាមួយ លោកបន្តទៅទៀតឡើយ។ បណ្តាអ្នកខឹងសម្បាមួយចំនួនបានគ្រវែងរបស់ផ្សេងៗទៅកាន់ហ្វូងមនុស្ស ដែលកំពុងធ្វើបាតុកម្មនៅក្បែរទីតាំងរបស់មន្ត្រីប៉ូលីស។
ដោយឡែកតាមការលើកឡើងរបស់អ្នកអង្កេតស្ថានការណ៍នេះ បានបង្ហាញថា ការបរាជ័យនេះ បណ្តាលមកពីអ្នកដឹកនាំក្រុមបាតុកម្មខ្វះបទពិសោធន៍ក្នុងការគ្រប់គ្រងមនុស្សក្នុងចំនួនច្រើន ដែលជាមូលហេតុ ចម្បងនាំឲ្យបាតុកម្មត្រូវបញ្ចប់មុនពេលកំណត់ ហើយត្រូវទទួលបរាជ័យបែបនេះ៕