Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ទស្សនៈ មិត្តអ្នកអាន៖ ការខកខាន មិនបានធ្វើ របស់អូបាម៉ា នៅភ្នំពេញ

$
0
0

សូមគោរពជូនលោកនិពន្ធនាយក

ខ្ញុំសូមអនុញ្ញាតបង្ហាញនូវការខកចិត្តយ៉ាងខ្លាំងរបស់ខ្ញុំ បន្ទាប់ពីដំណើរទស្សនកិច្ចខ្លីមួយ ដែលធ្វើឡើង ដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា នៅទីក្រុងភ្នំពេញ និងអ្វីដែលលោកប្រធានា ធិបតី ខកខានមិនបានធ្វើ និងបានថ្លែងឡើង។

នៅអំឡុងទស្សនកិច្ចថ្មីៗនៅក្នុងប្រទេសកម្ពុជា ជាទីកន្លែងដែលលោកចូលរួមក្នុងវេទិកា នៃកិច្ចប្រជុំកំពូល អាស៊ីបូពាហ៍ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានជួបពិភាក្សាការងារជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បើយោងតាមទីប្រឹក្សារងផ្នែកសន្តិសុខជាតិរបស់អាមេរិក គឺលោក ប៊ិន រ៉ូដ នៅក្នុងកិច្ចប្រជុំ នោះ «លោកប្រធានាធិបតីបានលើកឡើងពីបញ្ហាមួយចំនួន ដែលលោកមានការព្រួយបារម្ភទាក់ទងនឹង បញ្ហាខាងក្នុងរបស់កម្ពុជា ជាពិសេសទាក់ទងនឹងតម្រូវការ នៃការរៀបចំការបោះឆ្នោត ដោយយុត្តិធម៌ និង សេរី តម្រូវការដើម្បីឲ្យមានគណៈកម្មាធិការបោះឆ្នោតមួយដែលឯករាជ្យ ដើម្បីរៀបចំការបោះឆ្នោត តម្រូវ ការ នៃការអនុញ្ញាតឲ្យមានការដោះលែងអ្នកទោសនយោបាយ និងអនុញ្ញាតឲ្យគណបក្សប្រឆាំងអាច បំពេញការងាររបស់ខ្លួនបានដោយសេរី»។

លោក រ៉ូដ ដែលលើកឡើងថា ជំនួបអាចពិពណ៌នាថា «មានភាពតានតឹង» បានថ្លែងថា លោក អូបាម៉ា បានផ្តោតការអត្ថាធិប្បាយរបស់ខ្លួនទៅលើបញ្ហាសិទ្ធិមនុស្ស និងបានថ្លែងប្រាប់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ប្រទេសកម្ពុជាត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាទាំងនេះ នៅពេល អនាគត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១២។

អ្វីដែលលោក បារ៉ាក់ អូបាម៉ា បានថ្លែងទៅកាន់នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺមានសារៈ សំខាន់។ នេះគឺមិនមានការសង្ស័យទេ។ ជាការពិតគឺត្រូវមានការងារជាច្រើន ទៀតដែលត្រូវធ្វើឡើង ដើម្បីឲ្យមានលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែរឹងមាំ។

ប៉ុន្តែគ្រប់គ្នាបានដឹងហើយថា វាជាការលំបាកណាស់នៅក្នុងការបោះជំហានទៅមុខ ត្រឹមតែនៅក្នុងរយៈ ពេលជិត ៤ ទសវត្សរ៍នោះ ពីយុគថ្មដែលបង្កើតឡើងដោយសង្គ្រាមរបស់អាមេរិក (១៩៧០-១៩៧៥) ដោយក្រុមខ្មែរក្រហម (១៩៧៥-១៩៧៩) ហើយកម្ពុជាទទួលរងគ្រោះជាងមួយទសវត្សរ៍បន្តទៀត ដោយ ត្រូវស្ថិតនៅក្នុងសភាពឯកោ ដែលដាក់បង្ខំដោយសម្ព័ន្ធភាពមួយ ដែលមានអាមេរិកជាអ្នកដឹកនាំ (១៩៧ ៩-១៩៩១) ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យមួយដ៏ពេញលេញ ជាមួយនឹងនីតិរដ្ឋមួយពិតប្រាកដ ដែលជា ធម្មតា គេត្រូវការរយៈពេលរាប់សតវត្សរ៍ ដើម្បីអាចសម្រេចបាននូវលទ្ធិប្រជាធិបតេយ្យមួយ ( ដែលមិនល្អ ឥតខ្ចោះ) ដូចនៅក្នុងពិភព នៃពួកបស្ចិមប្រទេស។

ប្រជាជនកម្ពុជាភាគច្រើនក៏កំពុងរង់ចាំស្តាប់លោកប្រធានាធិបតី អូបាម៉ា លើកឡើងពីការព្រួយបារម្ភផ្នែក សិទ្ធិមនុស្ស ស្រដៀងគ្នានេះដែរ នៅពេលដែលលោកនឹងជួបជាមួយមេដឹកនាំទាំងឡាយមកពីប្រទេស អ៊ីស្រាអែល រ្វាន់ដា និង អារ៉ាប់ប៊ី សាអ៊ូឌីត ផងដែរ។

អ្វីដែលប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងទៅកាន់សម្តេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺជាការសំខាន់ ប៉ុន្តែអ្វីដែលប្រធានាធិបតីអាមេរិករូបនេះ មិនបានធ្វើ និងមិនបាននិយាយ គឺកាន់តែមាន សារៈសំខាន់ថែមទៀត។

ទី១. ផ្ទុយពីអ្វីដែលមេដឹកនាំពិភពលោកដទៃទៀត ដែលស្នាក់នៅទីក្រុងភ្នំពេញដូចគ្នាបានធ្វើ គឺប្រធានា ធិបតី អូបាម៉ា មិនបានអញ្ជើញទៅគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព ព្រះបរមរតនកោដ្ឋ នរោត្តម សីហ នុ ដែលបានយាងសោយទិវង្គតកាលពីមួយខែកន្លងទៅនេះ ហើយព្រះបរមសពរបស់ព្រះអង្គ ត្រូវបាន តម្កល់នៅក្នុងព្រះបរមរាជវាំង ដើម្បីរង់ចាំព្រះរាជពិធីបូជាព្រះបរមសព។

សម្តេចព្រះ នរោត្តម សីហនុ គឺជាព្រះមហាក្សត្រមួយអង្គដែលបានដឹកនាំប្រទេសឆ្ពោះទៅរកឯករាជភាព នៅឆ្នាំ ១៩៥៣។ មានព្រះរាជតួនាទីជាព្រះប្រមុខរដ្ឋ សម្តេចឪ នរោត្តម សីហនុ ត្រូវ បានទម្លាក់ពីតួនាទី នៅក្នុងខែមីនា ឆ្នាំ ១៩៧០ ដោយរដ្ឋប្រហារមួយដែលគាំទ្រដោយរដ្ឋបាលសហរដ្ឋអាមេរិក។ នៅឆ្នាំ ១៩៩៣ យោងតាមរដ្ឋធម្មនុញ្ញថ្មី នៃប្រទេសកម្ពុជា សម្តេចព្រះ នរោត្តម សីហនុ ត្រូវបានអភិសេកឡើង គ្រងរាជ្យសម្បត្តិសាជាថ្មីម្តងទៀត ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ នៅទីក្រុងបាងកក ប្រទេសថៃ លោកប្រធានាធិបតី អូបាម៉ា បានចូលថ្វាយបង្គុំគាល់ ព្រះមហាក្សត្រថៃ។ រីឯនៅទីក្រុងភ្នំពេញ លោកបានខកខានមិនបានចូលគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះវររាជបិតាជាតិខ្មែរ។ 

យោងតាមឯកសាររបស់មន្ទីរបញ្ចកោណ (ក្រសួងការពារជាតិអាមេរិក) ដែលត្រូវបានចាត់ថ្នាក់ឡើងវិញ គឺចន្លោះពីថ្ងៃទី៤ ខែតុលា ឆ្នាំ ១៩៦៥ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ ១៩៧៣ កម្លាំងកងទ័ពជើងអា កាស របស់សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកចំនួន ២.៧៥៦.៩៤១តោន នៅក្នុងបេសកកម្មរបស់ ខ្លួនចំនួន ២៣០.៥៦១ លើកមកលើប្រទេសអព្យាក្រឹតមួយ ដែលមិនមែនធ្វើសង្គ្រាមជាមួយអាមេរិក (ទម្លាក់ចំនួន ១៦០.០០០ តោនលើប្រទេសជប៉ុន និង ១,៣៥ លានតោននៅក្នុងប្រទេសអាល្លឺម៉ង់ ក្នុង សង្គ្រាមលោកលើកទី២។ ប្រជាជន និងអ្នកប្រវត្តិសាស្ត្រភាគច្រើនបានយល់ឃើញ និងទទួលស្គាល់ថា  ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក លើប្រទេសកម្ពុជា បានជំរុញកសិករជាច្រើនពាន់នាក់ចូលក្នុង ចលនាតស៊ូខ្មែរក្រហម។ នៅក្នុងដំណើរទស្សនកិច្ចជាលើកទី១ របស់ប្រធានាធិបតីអាមេរិក ក្នុងតំណែង មកកាន់កម្ពុជា លោក អូបាម៉ា បានខកខាន មិនបានបង្ហាញ ទោះបីជាបន្តិចបន្តួចក្តីនូវការសោកស្តាយ ចំពោះការទទួលខុសត្រូវរបស់សហរដ្ឋអាមេរិកក្នុងសោកនាដកម្មនៅកម្ពុជា។

ប្រធានាធិបតី អូបាម៉ា ខកខានមិនបានបង្ហាញពីការវាយតម្លៃខ្ពស់ ចំពោះអ្វីដែលអាជ្ញាធរកម្ពុជាបាន បំពេញ ចាប់តាំងពីមុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលនៅក្នុងពេលនោះ គឺមិនមានទំនាក់ ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងការធ្វើសហប្រតិបត្តិការជាមួយក្រុមការងារអាមេរិក ក្នុង ការស្វែងរកអដ្ឋិធាតុ នៃកងទ័ពអាមេរិក ដែលបានបាត់បង់ជីវិតក្នុងប្រទេសកម្ពុជា។  

ប្រធានាធិបតី អូបាម៉ា បានធ្វើមិនដឹងចំពោះកិច្ចខិតខំប្រឹងប្រែង ដែលធ្វើឡើងដោយកម្ពុជា និងកិច្ចសហ ប្រតិបត្តិការក្នុងកម្រិតខ្ពស់ជាមួយរដ្ឋបាលអាមេរិក ក្នុងក្របខ័ណ្ឌ នៃសង្គ្រាមប្រឆាំងអំពើភេរវកម្ម បន្ទាប់ ពីមានការវាយប្រហារដោយគ្រាប់បែកនៅកោះបាលី គឺមិនមានពាក្យអ្វី មួយមាត់ទាក់ទងនឹងបញ្ហានេះ ទាល់តែសោះ។

ទីបញ្ចប់ ប្រធានាធិបតី អូបាម៉ា ខនខានមិនបានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនទាក់ទងនឹងបញ្ហាមួយ ដែលរសើបបំផុតសម្រាប់ប្រជាជនកម្ពុជា គឺបំណុលដែលជំពាក់ដោយរដ្ឋាភិបាល លន់ នល់ ដែលមាន សហរដ្ឋអាមេរិកនៅពីក្រោយខ្នង ចន្លោះឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥។ បំណុល  ដែលរហូតមកទល់ ពេលនេះ មានចំនួនទឹកប្រាក់ ៤៤៥ លានដុល្លារអាមេរិក។ ទឹកប្រាក់ដែលត្រូវបានប្រើប្រាស់ ដើម្បីធ្វើ សង្គ្រាមប្រឆាំងនឹងប្រជាជនកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន លើកសំណើឡើង ដើម្បី ផ្ទេរបំណុលនេះ ទៅជាជំនួយមនុស្សធម៌វិញសម្រាប់ប្រតិបត្តិការដោះមីន និងបំផ្លាញចោលនូវគ្រាប់រំសេវ មិនទាន់ផ្ទុះ បន្សល់ពីសង្គ្រាម។ សំណើត្រូវបានទាត់ចោលភ្លាមៗ។

នេះអាចនិយាយបានថា គឺជាការប្រមែប្រមូលនូវការខកខានក្នុងឱកាសទាំងឡាយ។ ប៉ុន្តែវាមិនមែនមាន តែប៉ុណ្ណឹងទេ  រដ្ឋបាលសហរដ្ឋអាមេរិក ក៏បានបង្ហាញនូវឫកពារក្រអឺតក្រទមជាជាងមិត្តភាព និងការ យោគយល់គ្នានៅពេលដែលទាក់ទងជាមួយប្រទេសមួយដែលតូច ក្រីក្រ និងទន់ខ្សោយ៕

សូមទទួលនូវការគោរពអំពីខ្ញុំបាទ។

បណ្ឌិត រ៉ាអ៊ូល ម៉ាក់ ជឺណា

អ្នកនិពន្ធជនជាតិប៊ែលហ្សិកសញ្ជាតិខ្មែរ

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>