ភ្នំពេញ៖ ក្រោយពីបោះឆ្នោត ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៤ កន្លងមកនេះ គណបក្សសង្រ្គោះជាតិ (CNRP) បានចោទប្រកាន់ មន្ត្រីថ្នាក់ឃុំ របស់ខ្លួន ថាបានទៅបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា (CPP)។
លោក ខាន់ សារុន ជំទប់ទី១ ក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានលើកឡើងថា “ក្រោយបោះឆ្នោតក្រុមប្រឹក្សា (រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ)ហ្នឹង គាត់ថា អ្នកទាំងអស់ នៃអតីត គណបក្ស សម រង្ស៊ី ចាស់ហ្នឹង ថាបានបោះឆ្នោតឲ្យគណបក្សប្រជាជន”។
លោកបានបន្តថា នៅពេលបោះឆ្នោតក្រុមប្រឹក្សារួចមក គណបក្សសង្គ្រោះជាតិ បានស្នើឲ្យ អតីតក្រុមប្រឹក្សាឃុំគណបក្ស សម រង្ស៊ី ៤នាក់ ទី១ ឈ្មោះ ខាន់ សារុន (រូបលោកផ្ទាល់)ជំទប់ទី១ ឃុំ ត្រពាំងព្រីង, ទី២ ឈ្មោះ នីសា, ទី៣ ឈ្មោះ វ៉ន ហ៊ុល និងទី៤ ឈ្មោះ ហាន ដោយឲ្យដាក់ពាក្យ លាលែង ពីតំណែងនៅក្នុងមន្ត្រីឃុំ។
លោក ញ៉ែម បុញ្ញរិទ្ធ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានមានប្រសាសន៍ថា លោកមិនទាន់បានទទួលដំណឹងនេះ នៅឡើងទេ។
អ្នកនាំពាក្យ បានបញ្ជាក់ថា “នៅលើជំហនយោបាយ ដែលជាសកម្មជនរបស់គណបក្ស នៅពេលណា ដែលមិនគោរពតាមគោលនយោបាយ របស់គណបក្ស ឬមួយក៏មានចិត្តងាករេ ពីគណ បក្សសង្រ្គោះជាតិ គាត់គួរតែចាក់ចេញពីគណបក្ស”។
លោក ខាន់ សារុន បន្ថែមថា សូមឲ្យគណបក្សសង្គ្រោះជាតិ ពិចារណាឡើងវិញ នូវបញ្ហា នេះ ព្រោះថា បើចោទប្រកាន់ដូចនេះ ធ្វើឲ្យអ្នកទាំងបួន មិនអាចធ្វើការងារ បានទេ នឹងមានការអន់ ចិត្តជាខ្លាំង នៅរឿងចោទប្រកាន់នេះ៕