ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករ លោក ប៉ាវ ស៊ីណា បានថ្លែងឲ្យដឹងថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ ស្អែកនេះ លោកនឹងដឹកនាំកម្មករ មួយចំនួន ទៅដាក់ពាក្យបណ្តឹង នៅសាលាដំ បូងរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដើម្បីឲ្យជួយថែរក្សាការពារឥវ៉ាន់នៅក្នុងរោង ចក្រអូសេអង់ បន្ទាប់ពីថៅកែ ក្រុមហ៊ុនមួយនេះ បានលួចបើកប្រាក់ឲ្យកម្មករ មួយចំនួន ដោយខុសច្បាប់ ក្នុងគ្រារោងចក្រ ផ្អាកការងារ ដោយមិនបានសុំការអនុញ្ញាត ពីក្រសួង និងមានបំណង ចង់បិទទ្វារ រោងចក្រ។
លោក ប៉ាវ ស៊ីណា បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅព្រឹកថ្ងៃទី១៣ ខែកក្កដា នេះថា លោកនឹងទៅដាក់ពាក្យបណ្តឹង នៅអធិការ ខណ្ឌពោធិ៍សែនជ័យ ដើម្បីឲ្យប៉ូលិសខណ្ឌ ជួយ ទប់ស្កាត់ការពារមិនឲ្យក្រុមហ៊ុនដឹកសំភារៈនៅក្នុងរោងចក្រចេញ ខណៈថៅកែបន្ត បើកប្រាក់ឲ្យកម្មករ មួយក្តាប់តូច ដោយខុសច្បាប់ ព្រោះក្រុមហ៊ុនកំពុង កេងប្រវ័ញ្ចកំលាំង ពលកម្មយ៉ាងធ្ងន់ធ្ងរ ហើយការបើកប្រាក់នេះបានរំលោភច្បាប់ការងារ។
លោកបន្តថា មួយផ្នែកទៀតនឹងប្តឹង ទៅតុលាការឲ្យចេញដីការ រក្សាការពារសំភារៈនៅក្នុងរោងចក្រ លុះត្រាតែថៅកែទូទាត់ បើកប្រាក់ខែឲ្យកម្មករ គ្រប់ចំនួនទៅតាមផ្លូវច្បាប់។
លោកបានបញ្ជាក់ថា «បើក្រុមហ៊ុនយល់ព្រម បើកប្រាក់ខែកម្មករ គ្រប់ចំនួននោះ ខាងសហជីពយើង ខ្ញុំនឹងដកពាក្យបណ្តឹងវិញ» លោកបានបន្ថែម ទៀតថា នៅថ្ងៃស្អែកនេះ លោកនឹងមានគម្រោង ដឹកនាំកម្មករជាង ១០០០នាក់ ដើម្បីដង្ហែក្បួន មកកាន់ក្រសួងការងារ និងភាគីពាក់ព័ន្ធមួយទៀត សាជាថ្មី ដើម្បីឲ្យជួយអន្តរាគមន៍ ក្នុងករណីនេះ ប៉ុន្តែបើការចរចាជាមួយ គណៈកម្មាធិការដោះស្រាយ វិវាទការងារបានជោគជ័យ ដោយសម្រេចបើកប្រាក់ឲ្យកម្មករ បាន១០០ភាគរយនោះ នឹងផ្អាកសកម្មភាព ហែក្បួនវិញ។
អ្នកស្រី ហេង សម្ផស្ស តំណាងឲ្យកម្មករ បាននិយាយថា ទោះបីជាក្រុមហ៊ុនបានលប លួចបើកប្រាក់ឲ្យ កម្មករមួយចំនួនក៏ដោយ ប៉ុន្តែអ្នកស្រី មិនព្រមទទួល យកលុយនោះ ជាដាច់ខាត ដោយសារតែថៅកែ បានកឹបកេងលុយកម្មករច្រើន។ អ្នកស្រីបន្ថែមថា ជាធម្មតាកម្មករ ដែលធ្វើការជាង១០ ឆ្នាំត្រូវទទួលបានប្រាក់អត្ថ ប្រយោជន៍ ផ្សេងៗ២០០ ដុល្លារក្នុងមួយខែ ដូចនេះ អ្នកស្រីចូលបម្រើការងារ អស់រយៈពេល១១ ឆ្នាំត្រូវទទួលបានលុយ ទៅតាមហ្នឹងដែរ។
តំណាងឲ្យកម្មករ រូបនេះបញ្ជាក់ថា «ស្នើឲ្យភាគីពាក់ព័ន្ធជួយដោះស្រាយ បញ្ហាឲ្យពួកខ្ញុំ ព្រោះរាល់ថ្ងៃពួកខ្ញុំ រង់ចាំបើកលុយ ដើម្បីយកទៅឲ្យថ្លៃផ្ទះឈ្នួល ព្រោះមានអ្នកខ្លះ ត្រូវបានម្ចាស់ ផ្ទះដេញចេញ ដោយសារ មិនមានលុយឲ្យ ម្ចាស់ផ្ទះ ការហូបចុកក៏ខ្វះខាត»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤ ថៅកែរោងចក្រ អូសេអង់បាន ឃុបឃិតគ្នាជា មួយសហជីពដទៃទៀត បានលួចបើកប្រាក់អត្ថប្រយោជន៍ ផ្សេងទៅ ឲ្យកម្មករ ជាង៤០នាក់ ហើយក៏បញ្ឈប់កម្មករ ពីការងារតែម្តង ហើយរហូតមកដល់ថ្ងៃនេះ ក៏នៅតែលួចបើកប្រាក់ឲ្យ កម្មករទៀតនៅផ្ទះ ថៅកែជនជាតិ បង់ក្លាដែស ដែលមានទីតាំង នៅភូមិចំការឪ សង្កាត់កាកាប ខណ្ឌដង្កោ៕