ស្វាយរៀងៈ ក្រុមប្រជាពលរដ្ឋក្រុងស្វាយរៀង បានសំដែងនៅការភ័យខ្លាច របស់ខ្លួនទៅនិងអំពើលួចប្លន់ ដែល បានកើតឡើងជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយក្រុមចោរទាំងលួច និងប្លន់ទាំងនោះ ក្រោយពីលួច និងប្លន់ហើយ បានរត់គេចខ្លួនដោយសុវត្ថិភាព។
ជាក់ស្ដែងកាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ ក្រុមចោរបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង នៅសង្កាត់ ចេក ក្រុងស្វាយរៀង ដោយទទួលបានមហាជោគជ័យជាទីបំផុត ដោយមិនបានរំខានលោកនគរបាលប៉ុស្តិ៍ និង នគរបាលក្រុងស្វាយរៀងនោះទេ។
ម្ចាស់ផ្ទះដែលត្រូវលោកចោរលួចយកម៉ូតូទៅបាត់នោះឈ្មោះ កា សាភី អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង មានមុខរបរជាអ្នករត់ម៉ូតូឌុប ត្រូវបានក្រុមចោរចូលលួចយកម៉ូតូម៉ាកសង់ការ៉េ ព័ណ៌ក្រហមពាក់ស្លាកលេខ ធ ៦៤៧៨ ភព១ ខណៈដែលគាត់កំពុងដេកលក់។
បើតាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា នៅយប់ដែលចោរចូលលួចនោះ ខ្លួនបានយកម៉ូតូទៅទុកនៅក្នុងផ្ទះ បាយខាងក្រោយផ្ទះ ដោយពុំបានបិទទ្វារទេ ព្រោះអាងតែមិនដែលមានបញ្ហាអ្វីពីមុនមក ប៉ុន្តែពេលព្រឹកឡើង ស្រាប់តែបាត់ម៉ូតូតែម្ដងធ្វើឲ្យគាត់ ភ្ញាក់ផ្អើល និងបានដើររកពេញភូមិ តែមិនឃើញក៏រត់ទៅប្ដឹងសមត្ថកិច្ចឲ្យជួយ រកផងដែរ។
នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា គេសង្កេតឃើញក្រុមសមត្ថកិច្ច នគរបាលសង្កាត់ចេក បានចុះទៅដល់ផ្ទះកើតហេតុ ដោយបានកត់កំណត់ហេតុ ដើម្បីងាយស្រួលក្នុងការសើបអង្កេត។
គួបញ្ជាក់ថាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមចោរលួច និងចោរប្លន់បានបង្កការអុកឡុកពេញទាំងក្រុង ស្វាយរៀងតែម្ដង ដោយការលួច និងប្លន់របស់លោកចោរទាំងអស់នេះ វាមិនបានធ្វើឲ្យលោកអធិការនគរបាល ក្រុងស្វាយរៀង ងិន សុផល ឈឺក្បាលវិលមុខនោះទេ៕