ភ្នំពេញ, (ស៊ិនហួ)៖ កាកបាទក្រហម នៃព្រះរាជាណាចក្រ កម្ពុជា និង កាកបាទក្រហមសង្គម របស់ចិន នៅថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ បានប្តេជ្ញារួមគ្នាថា នឹង ពង្រឹងទំនាក់ ទំនងទ្វេភាគី ព្រមទាំងកិច្ច សហប្រតិបត្តិការ បន្ថែមទៀត លើសកម្មភាព មនុស្សធម៌ទាំងឡាយ។
ការប្តេជ្ញារួមគ្នានេះដែរ បានធ្វើឡើងក្នុងជំនួបរវាងលោកជំទាវ អានី សុខ អាន អនុប្រធានទី១ កាកបាទក្រហម កម្ពុជា ជាមួយនឹងលោក ហួ ជានមីន ប្រធានកាកបាទ ក្រហមចិន និង ជា អនុប្រធាននៃ គណកម្មធិការអចិន្ត្រៃយ៍ នៃសមាជជាតិ ប្រជាជនចិន។ លោក ហួ បាននិយាយ ថា នេះជាដំណើរទស្សនកិច្ច លើកទី១ហើយ របស់ លោក មកកាន់ប្រទេស កម្ពុជា ដើម្បី ធ្វើការពង្រឹង និង ពង្រីកកិច្ច សហប្រតិបត្តិការរវាង ទីភ្នាក់ងារមនុស្សធម៌ នៃប្រទេស ទាំងពីរ។
ជាងនេះទៅទៀតប្រធានកាកបាតក្រហមចិន ក៏បានលើកឡើងផងដែរ ពីទំនាក់ទំនងជាយូរ អង្វែងរវាង ប្រទេសចិន និង កម្ពុជា ហើយលោកក៏សូមថ្លែង អំណរគុណ ផងដែរ ចំពោះប្រទេសកម្ពុជា ដែលនៅតែគាំទ្រ ចិនយ៉ាងពេញទំហឹង ចំពោះបញ្ហាទាំងឡាយ ដែលទាក់ទងទៅនឹង ផលប្រយោជន៍ស្នូល របស់ប្រទេសចិន។ ដោយ ឡែកលោក ជំទាវ អានី សុខ អាន ក៏ បានមាន ប្រសាសន៍ក្នុងឱកាស នោះដែរថា ដំណើរទស្សនកិច្ច របស់លោក ហួ ពេលនេះ នឹងលើកស្ទួយ ទំនាក់ទំនង ទេ្វភាគី រវាងស្ថាប័ន មនុស្សធម៌ទាំងពីរ នេះបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា កាកបាតក្រហមចិន បានសម្រេចចិត្តផ្តល់ជំនួយ មនុស្សធម៌ ដែលគិតជា ទឹកប្រាក់ ២០០,០០០ ដុល្លារអាមេរិក ទៅដល់កាកបាទ ក្រហមកម្ពុជា សម្រាប់សកម្មភាព មនុស្សធម៌គ្រប់ទម្រង់ ហើយជំនួយនេះនឹង ត្រូវមកដល់នៅ ពេលខាងមុខ៕