រតនគិរីៈ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា នេះបានប្រារព្ធពិធីទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងបរិវេណ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ក្រោមអធិបតីភាពលោកមួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រីកែវ សាវឿន អភិបាលរងនៃគណអភិបាល ខេត្ត។ អញ្ជើញចូលរួមក្នុងអង្គមិទ្ទិញនេះ ដែរមានលោកប្រធានមន្ទីរ ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រមទាំង សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។
របាយការណ៍ អានដោយលោកវរសេនីយ៍ឯក វ៉ាន់ សង្វាត ស្នងការរងទទួលបន្ទុក ការិយាល័យកណ្តាល ប្រឆាំងបទល្មើស មានប្រសាសន៍ថា ក្រោមការចង្អុលណែនាំ ពីលោកអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដោយអនុវត្តតាម ខ្លឹមសារលិខិតលេខ០១/០១៤ សជណ.អជបគញ ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៤ របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការ ផ្សព្វផ្សាយ អំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅក្នុង ឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ ក្រោមប្រធានបទ “រួមគ្នាបង្ការ និងព្យាបាលបញ្ហាគ្រឿងញៀន”។ លោក វ៉ាន់ សង្វាត បន្តឲ្យទៀតថា គណៈកម្មាធិការត្រួតពិនិត្យខេត្ត កន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្តក្នុងកិច្ចការការពារ និងថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ឲ្យមានស្ថិរភាពក្នុងទូទាំងខេត្តរតនគិរី យើងសហការល្អជាមួយបណ្តាលខេត្ត ជាប់ព្រំដែននៃប្រទេសជិតខាងមានប្រទេសឡាវ និងប្រទេសវៀតណាម ក៏ដូចជាបណ្តាខេត្តជិតខាង ក្នុងប្រទេស គឺបានយកចិត្តទុកដាក់ទំនាក់ទំនងសហការ ដើម្បីផ្តល់ពត៌មានទៅវិញទៅមក ក្នុងការស្រាវជ្រាវ ស៊ើបអង្កេតបទល្មើសគ្រឿងញៀនឆ្លងដែន ការចរាចរណ៍ឆ្លងកាត់ខេត្ត និងជួញដូរ ការចែកចាយគ្រឿងញៀន។
លោកវរសេនីយ៍ឯក វ៉ាន់ សង្វាត បញ្ជាក់ឲ្យដឹងទៀតថា ខេត្តរតនគិរីទទួលរងនូវការចរាចរគ្រឿងញៀន ឆ្លងកាត់ពីព្រំដែនប្រទេសឡាវ ឆ្ពោះទៅបណ្តា ខេត្តនានាក្នុងផ្ទៃប្រទេស រីឯមុខសញ្ញាប្រើប្រាស់គ្រឿងញៀនដោយ បំពានមានចំនួន៥៦នាក់ ប៉ុន្តែបើប្រៀបធៀបទៅនឹងឆ្នាំ២០១៣ មានការកើន ឡើង។ ខេត្តរតនគិរីមិនមានការដាំដុះកញ្ឆាទេ កិច្ចសហប្រតិបត្តិការបង្ក្រាបក្នុង៦ខែដើម ឆ្នាំ២០១៤នេះ សមត្ថកិច្ចនគរបាលធ្វើការបង្ក្រាបជាក់ស្តែង បាន៩ករណីស្មើ១៣មុខសញ្ញា ក្នុងនោះមុខសញ្ញាស្រី២នាក់ (ពីបទជួញដូរចែកចាយ និងសេពគ្រឿងញៀន) ដកហូតបានគ្រឿងញៀនប្រភេទ ម៉ាទឹកកក ចំនួន៥៩ថង់តូច ស្មើ១៨,៧៥ក្រាម។បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យមានការយល់ដឹងអំពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿង ញៀន និងមន្ត្រីរាជការ គ្រឹះស្ថានសិក្សា ឲ្យមានការយល់ដឹងអំពីគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតការផ្សព្វផ្សាយបាន២៣លើក អ្នកចូលរួម ២៨៤២នាក់ ស្រី១៥២១នាក់។
លោកស្រីកែវ សារឿន អភិបាលរង នៃគណៈអភិបាលខេត្តអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជារួចមក។
លោកមួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្តមានមតិសំណេះសំណាល ក្នុងអង្គពិធីមានប្រសាសន៍ថា បញ្ហាការចែកចាយ ការប្រើប្រាស់គ្រឿញៀនមិន ចំពោះតែក្មួយៗនោះទេ ចំពោះមនុស្សចាស់ក៏កើតមានដែរ ដូច្នេះអាជ្ញាធរមូលដ្ឋានត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទប់ស្កាត់ការប្រើប្រាស់ ចរាចរណ៍គ្រឿងញៀន ព្រោះវាកើតឡើងនៅតាមមូលដ្ឋាន ហើយសកម្មភាពចែកចាយប្រើប្រាស់គ្រឿងញៀននេះ ត្រូវមានការទប់ស្កាត់ពីកម្លាំង នគរបាល និងកម្លាំងកងរាជអាវុហត្ថ ចំណែកឯកម្លាំងយោធាក៏មានពាក់ព័ន្ធខ្លះដែរ។
លោកមួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញឲ្យមន្ត្រីនគរបាល ដែលចុះបើកវេទិការសាធារណៈ ជួយណែនាំផ្សព្វផ្សាយបន្ថែម ឲ្យមានភាព ទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន។ ក្នុងព្រឹកថ្ងៃដដែលនេះ គណៈអធិបតីបានអញ្ជើញបង្ហោះប៉េងប៉ោង ជានិមិត្តរូផងដែរ៕