ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ បានបើកកិច្ចប្រជុំតុមូលជាមួយភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ កម្មសិទ្ធិបញ្ញាថ្នាក់ជាតិ ធ្វើយ៉ាងណាជួយការពារផលប្រយោជន៍ របស់អ្នកចុះបញ្ជីកម្មសិទ្ធិបញ្ញានៅកម្ពុជា។
លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កិច្ចប្រជុំតុមូលនៅពេលនេះ គឺដើម្បីរៀបចំគម្រោងបង្កើតយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញាថ្នាក់ជាតិ ដែលមានការចូលសហការពីដៃគូអភិវឌ្ឍន៍ផ្សេងមានដូចជា អង្គភាពប្រកាសនីយបត្រកក្កកម្មអឺរ៉ុប (EPO) និង អង្គភាពសុខដុមនីយកម្មទីផ្សារផ្ទៃ ក្នុងដែលសុទ្ធសឹងមកពីសហភាពអឺរ៉ុប រួមទាំងសហការជាមួយប្រទេសសឹង្ហបុរី និង ប្រទេសអភិវឌ្ឍន៍ដទៃទៀត ដែលធ្លាប់មានបទពិសោធន៍ បង្កើតយុទ្ធសាស្ត្រ កម្មសិទ្ធិបញ្ញា។
លោកបន្តថា «យុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញាថ្នាក់ជាតិ នឹងជួយការពារដល់អ្នកដែលចុះកម្មសិទ្ធិបញ្ញានៅកម្ពុជា ទទួលបានការគាំពារ ក៏ដូចជាការការពារផលប្រយោជន៍ តាមច្បាប់កម្មសិទ្ធិបញ្ញា មិនឲ្យមានការលួចចម្លងជាដើម»។
លោករដ្ឋលេខាធិការបានបន្តថា ដើម្បីការពារកម្មសិទ្ធិបញ្ញា ក្រសួងពាណិជ្ជកម្មបានអនុញ្ញាតិឲ្យក្រុមហ៊ុនទាំងអស់ក្នុងពិភពលោកចុះបញ្ជីកម្មសិទ្ធិបញ្ញានូវម៉ាកសញ្ញា (Brand) របស់ខ្លួននៅកម្ពុជា ដើម្បីទទួលបានការការពារកុំឲ្យមានការខ្លែងបន្លំម៉ាកផលិតផលជាដើម។ លោកបន្ថែមថា មកដល់ពេលនេះ មានក្រុមហ៊ុន បានមកចុះបញ្ជីផលិតផលរបស់ខ្លួន ប្រមាណជាង ៦ម៉ឺនម៉ាក បានចុះបញ្ជីនៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា របស់កម្ពុជារួចរាល់ហើយ និងកំពុងតែទទួលការចុះបញ្ជីជាបន្តទៀត។
យ៉ាងណាក៏ដោយលោករដ្ឋលេខាធិការទទួលស្គាល់ថា កម្ពុជានៅមានបញ្ហាប្រឈមជាច្រើន ពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញានេះ ពិសេសគឺការខ្វះចំណេះដឹកខាងកម្មសិទ្ធិបញ្ញាតែម្តង។
លោកឧត្តមសេនីយ៍ត្រី ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានមានប្រសាសន៍ថា នៅឆមាសទី១ ឆ្នាំ២០១៤នេះ ការក្លែងបន្លំនៅកម្មសិទ្ធិបញ្ហាមានកើតឡើងច្រើន ពិសេសចំពោះទំនិញនាំចូលមួយចំនួន ដែលមិនការវេចខ្ចប់ត្រឹមត្រូវ ហើយផលិតផលដែលលួចបន្លំម៉ាកច្រើនជាងគេ ភាគច្រើនជាផលិតផលគ្រឿងសម្អាង ថ្នាំពេទ្យ គ្រឿងបន្លាក់ម៉ូតូ ម្ហូបអាហារជាដើម។
លោកបន្តថា រយៈពេល៦ខែកន្លងមកនេះ ពាក់ព័ន្ធនិងការបន្លំម៉ាកនិងបញ្ហាកម្មសិទ្ធបញ្ញា លោកទទួលបានពាក្យបណ្តឹងពីក្រុមហ៊ុននាំចូល និង ចែកចាយ បានចំនួន ២៣ពាក្យបណ្តឹង ហើយអនុវត្តន៍បានចំនួន១៧ ករណី៕