ភ្នំពេញ៖ ក្នុងពេលអនុញ្ញាតឱ្យ លោក អេរិក សីចវីក (Eric Sidgwick) នាយកប្រចាំប្រទេស នៃធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ចូលជួប កាលពីថ្ងៃ ទី១៥ ខែកក្កដា កន្លងទៅ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានស្នើឱ្យ ADB ជួយសម្របសម្រួលបន្ថែម លើផ្នែកអប់រំ និង បណ្តុះបណ្តាល វិជ្ជាជីវៈ នៅកម្ពុជា ដោយសារតែ យុវជនភាគច្រើន បានចូលធ្វើការដោយមិនមានជំនាញ ។
លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា “យើងបានមើលឃើញពីបញ្ហាប្រឈមចំបង រួមមាន ១.ដោយភាពក្រីក្រ យុវជនបានចូលធ្វើការ ដោយគ្មាន ជំនាញ ព្រោះចង់រកចំណូលភា្លមៗ ដើម្បីដោះស្រាយជីវភាព និង២. ផ្នត់គំនិតយុវជន ចង់បន្តថ្នាក់ឧត្តម ជាងការមកទទួលយក ការបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ”។
លោកបានកត់សម្គាល់ថា កន្លងមកកម្លាំងពលកម្ម ដែលចូលក្នុងទីផ្សារការងារ ភាគច្រើនមិនមានជំនាញវិជ្ជាជីវៈ ច្បាស់លាស់នោះទេ ដូចនេះ គួរ កែប្រែផ្នត់គំនិត យល់ឃើញ របស់ពួកគាត់តាំងពីថ្នាក់ក្រោម ដោយមានការបញ្ចូល ជំនាញទុន តាំងពីថ្នាក់បឋមពិតជា មានភាពចំបាច់ ខ្លាំងណាស់ ។
លោកក៏បានបន្តថា យុវជនអាចបន្តការសិក្សាថ្នាក់ឧត្តម បើពួកគាត់មានលទ្ធភាព។ ទន្ទឹមនឹងនេះ ពួកគាត់អាចងាក មករកការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ មុននឹងចូលទៅទីផ្សារពលកម្ម ឬក្រោយបញ្ចប់ ការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ ពួកគាត់អាចបន្តថ្នាក់ឧត្តមបានដូចគ្នា។ លោកក៏បានស្នើ ADB ជួយធ្វើឱ្យមានការសម្របសម្រួល រវាងផ្នែកអប់រំ និងផ្នែកបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ។
គួរបញ្ជាក់ថា ក្នុងជំនួបជាមួយ លោករដ្ឋមន្រ្តី អ៊ិត សំហេង , លោកEric បានបង្ហាញ គម្រោងយុទ្ធសាស្រ្ត បង្គោលចំនួន ០៣ នៅកម្ពុជា ស្តីពី យុទ្ធសាស្រ្តឆ្នាំ២០១៤-២០១៨ ក្នុងនោះមាន (១) ការផ្សាភ្ជាប់រវាង ជនបទ ទៅ ប្រជុំជន និងថ្នាក់តំបន់ (២) ការអភិវឌ្ឍ ធនធានមនុស្ស និង(៣) ការធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងស្ថានប័ន សាធារណៈ សំដៅធ្វើយ៉ាងណាឱ្យស្រប ទៅនឹងយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៣ និង ផែនការ អភិវឌ្ឍន៍ជាតិ ២០១៤-២០១៨របស់ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៥៕