ភ្នំពេញ៖ ឯកអគ្គរាជទូតថ្មី នៃប្រទេសប៊្រុយណេ ប្រចាំនៅកម្ពុជា លោក Peugiran Ksamirhan Penggiran Tahir បានចូលជួបសំដែងការ គួរសម សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា វិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទ១៧ខែ កក្កដាឆ្នំា២០១៤។
លោក អ៊ាង សុផល្លែត ជំនួយការ សម្តេចតេជោបានប្រាប់ អ្នកយកព័ត៌មានថា នៅក្នុងជំនួបនេះ ឯកអគ្គរាជទូតប៊្រុយណេបានជំរាបជូន សម្តេចតេជោថា បេសកកម្មការទូតរបស់លោក នៅកម្ពុជា គឺដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដែលកំពុងតែមានរីកចំរើនពីមួយឆ្នាំ ទៅមួយឆ្នាំតាមរយៈការពង្រឹងកិច្ចសហ ប្រតិបត្តិការ រវាងយុវជន និងយុវជន លើវិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យពាណិជ្ជកម្ម ជាពិសេស ការទទួលទិញអង្ករផ្កាម្លិះពីកម្ពុជា ក៏ដូចជាការ ហោះហើរផ្ទាល់ ពីប៊្រុយណេ មកកាន់ប្រទេសកម្ពុជា។
លោក Peugiran បានថ្លែងអំណរគុណ ជូនចំពោះសម្តេចតេជោ ដែលបាន ចូលរួមចំណែក ក្នុងការគាំទ្រ និងការរៀបចំកិច្ច ប្រជុំអាស៊ាន កន្លងមក នៅប្រទេសប៊្រុយណេ កាលពីឆ្នាំកន្លងទៅនេះ។
សម្តេចតេជោ មានប្រសាសន៍ថា កិច្ចសហការ រវាងប្រទេសយើងទាំងពីរ កំពុងតែមានការរីកចំរើនពីមួយថ្ងៃ ទៅមួយថ្ងៃ និងពីមួយឆ្នាំ ទៅមួយឆ្នាំ។ សម្តេចបន្តថា កិច្ចសហប្រតិបត្តិការរបស់យើងទោះបី ជាមិនទាន់បានទទួល នូវអ្វីតាមការចង់បាន នៅឡើយ ប៉ុន្តែប្រទេសយើងទាំងពីរនៅ មានសក្តានុពលជាច្រើន ដូច្នេះ គប្បីយើងត្រូវពិនិត្យមើល នូវសក្តានុពលទាំងនោះ ដើម្បីជាកត្តាជំរុញ កិច្ចសហប្រតិបត្តិការ រវាង ប្រទេសទាំងពីរបន្ថែមទៀត។
សម្តេចបញ្ជាក់ថា ការនាំអង្ករចេញពីកម្ពុជា និងកិច្ចសហប្រតិបត្តិការ ជាមួយ ក្រុមហ៊ុនទេសចរណ៍ ដទៃទៀត គឺដើម្បីឱ្យមានការហោះហើរត្រង់ មកកាន់កម្ពុជា ដែលជា ចំនុចសំខាន់ក្នុងការ ជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ ៕