ភ្នំពេញ ៖ មានការផ្អើលឆោឡោ ករណីចាប់ជំរិត បុរសម្នាក់ដើរ ចេញមកពីរាំលេង ញាត់ចូលក្នុងរថយន្ត ជិះចេញទៅបាត់ កាលពីវេលាម៉ោង ១០និង៣០នាទី យប់ថ្ងៃទី១៦ កក្កដា នៅមុខហាង តន្រ្តីស៊ីធីឡាយ ទល់មុខផ្សារទំនើបស៊ីធីម៉ល តាមមហាវិថីព្រះមុនីរ៉េត សង្កាត់វាលវង់ ខណ្ឌ៧មករា ។
ប្រភពព័ត៌មានពី សន្តិសុខយាម នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តស៊េរីទំនើប២គ្រឿង ម៉ាកឡង់គ្រីស្ស័រ៥៧០ ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ ០១២.០០៧៧ ជិះគ្នា៤ទៅ៥នាក់ មានស្រី មានប្រុស និងរួមដំណើរជាមួយ រថយន្តម៉ាកឡិចស៊ីស ពណ៌ខ្មៅ មិនចាំស្លាកលេខ មួយគ្រឿងទៀត បានចូលហូបស៊ុប នៅស៊ុគីស៊ុបភោជនីយដ្ឋាន គ្រឿងសមុទ្រ ម៉ាក់ស៊ីម ដែលមានទីតាំងនៅជាប់គ្នាជាមួយ នឹងតន្រ្តីស៊ីធីឡាយ (ជាកន្លែងមនុស្សចាស់ ចូលរាំកម្សាន្ត) ។
ខណៈពេលដើរចេញពីហូបស៊ុប មានបុរសម្នាក់ ជាម្ចាស់រថយន្ត ឡង់គ្រីស្ស័រ៥៧០ បានដើរសំដៅទៅ យករថយន្តស្រាប់តែ មានរថយន្ត៣គ្រឿងម៉ាក RAV4 ពណ៌ខ្មៅ វីហ្គោ ពណ៌ខ្មៅ កាមរីបាឡែន ពណ៌ស និងម៉ូតូ២គ្រឿង ចតនៅខាងមុខហាង ហើយបានចូលទៅ ចាប់បុរសជិះរថយន្តឡង់គ្រីស័រ ៥៧០ ញាត់ចូលក្នុងរថយន្ត RAV4 ជិះចេញទៅបាត់ ដោយមានម៉ូតូជាអ្នកអមដំណើរ ទៅពីក្រោយ ។ ពេលសន្តិសុខ ស្រែកផ្អើលឆោឡោត្រូវបាន ក្រុមជាអ្នកចាប់ញាត់ ចូលរថយន្តប្រាប់ថា ពួកគេជាសមត្ថកិច្ច ។
បន្ទាប់មកមានបុរស២នាក់បានជិះម៉ូតូ ទៅបើកយករថយន្តឡង់គ្រីស័រ រចេញទៅដោយប្រាប់ថាគេជាសមត្ថកិច្ច ។
ក្រោយពេលកើតហេតុ ធ្វើឲ្យមានការផ្អើលឆោឡោថា មានករណីចាប់ជំរិតបានរាយការណ៍ទៅ សមត្ថកិច្ចព្រហ្មទណ្ឌ ខណ្ឌ៧មករា ចុះទៅដល់កន្លែងកើតហេតុ ធ្វើការសាកសួរ និងស្រាវជាវបានឲ្យដឹងថា មុនពេលកើតហេតុ អ្នកជិះរថយន្ត ឡង់គ្រីស័រ៥៧០ ទើបនឹងចេញពីរាំលេង នៅក្នុងតន្រ្តីស៊ីធីឡាយ ដើរទៅយករថយន្តត្រូវបានចាប់ញាត់ចូលក្នុង រថយន្តនោះមិនមែន ជាករណីចាប់ជំរិតទេ ត្រូវបានសមត្ថកិច្ច មូលដ្ឋានបង្ហើប ជានគរបាលប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញចុះមកច្បាម មុខសញ្ញាចែកចាយ គ្រឿងញៀនទេ ៕