កំពង់ស្ពឺ៖ រុក្ខទិវាថ្នាក់ខេត្ត បានប្រារព្ធធ្វើឡើង នៅនៅឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព លោក អ៊ួ សំអួន អភិបាលខេត្ត កំពង់ស្ពឺ , លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត, លោកលោកស្រី ប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ ព្រះសង្ស បានអញ្ជើញ និងនិមន្តចូលរួមយ៉ាងច្រើន។
នាឱកាសនោះ លោក អ៊ួ សំអួន អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ព្រៃឈើមានប្រវត្តិទាក់ទង ជាមួយសង្គមខ្មែរយើង តាំងពីការកកើត ទឹកដី មករហូតពេលបច្ចុប្បន្ននេះ និងបន្តទៅអនាគតយូរអង្វែង។ ប្រជាពលរដ្ឋខ្មែរយើង បានពឹងអាស្រ័យលើផល អនុផលព្រៃឈើក្នុងជីវភាព ប្រចាំថ្ងៃមានជាអាទិ៍ ៖ អុស ធ្យូង ឈើសំណង់ ឱសថ វត្ថុប្រើប្រាស់ គ្រឿងសង្ហារឹម... ។ល។ ព្រៃឈើផ្តល់ម្លប់សម្រាប់ជ្រក ផ្តល់ខ្យល់ អុកស៊ីសែន សម្រាប់ដកដង្ហើម ជាកំពែងការពារខ្យល់ព្យុះ ទឹកជំនន់ ការហូរច្រោះ ទាក់ទាញទឹកភ្លៀង និងផ្តល់ជីវជាតិសម្រាប់របរកសិកម្ម សំអាតបរិយាកាស ពីភាពកខ្វក់ ដោយសារការបំពុលរបស់មនុស្ស ផ្តល់ទេសភាព និងបរិស្ថានមនោរម្យ សម្រាប់ការ រស់នៅរបស់មនុស្ស សត្វ។ ក្រៅពីនេះព្រៃឈើមាន តួនាទីក្នុងវិស័យសេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ផងដែរ ។
លោកបន្តថា ដោយមើលឃើញពីតម្លៃដ៏ច្រើនឥតគណនា ដែលព្រៃឈើ បានផ្តល់ឲ្យសង្គមជាតិ ដូចបានរៀបរាប់ជូនខាងលើនេះ រាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិរក្ស និង អភិវឌ្ឍន៍វិស័យព្រៃឈើ ឲ្យកាន់តែមានការរីកចំរើន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រដល់ ប្រជាពលរដ្ឋជនបទ ដែលពឹងផ្អែកលើអនុផលព្រៃឈើ បង្កើនចំណូល សេដ្ឋកិច្ចជាតិប្រកបដោយ និរន្តភាព ។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញ ឲ្យអនុវត្តនូវច្បាប់ស្តីពី ព្រៃឈើ បទបញ្ជា លិខិត បទដ្ឋានគតិយុត្តិនានា ជាពិសេសប្រើប្រាស់នូវ វិធានការជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ និងការកាប់រានកាន់កាប់ដីព្រៃឈើដោយខុស ច្បាប់ពី សំណាក់ជនខិលខូច វិធានការទាំងនេះ ត្រូវបានអនុវត្តដូចភ្លៀងរលឹម និងមានការ ចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ យ៉ាងមានប្រសិទ្ធិភាព។
លោក ច័ន្ទ ថេតថានរៈ ខណ្ឌរដ្ឋបាលព្រៃឈើកណ្តាល បានលើកឡើងថា នៅក្នុងឆ្នាំ២០១៤នេះ សម្រេចកំណត់យកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ សម្រាប់រៀបចំប្រារព្ធពិធី អបអរសាទរបុណ្យរុក្ខទិវា ៩កក្កដា នៅក្នុងបរិវេណវិទ្យាល័យ បិតាឯករាជ្យ នៅក្នុងបរិវេណវិទ្យាល័យ បិតាឯករាជ្យ ស្ថិតក្នុងឃុំព្រៃញ្ញាតិ ស្រុកគងពិសីខេត្តកំពង់ស្ពឺ ដោយបានដាំដើមឈើប្រភេទដើមគ្រញូង បេង គគីរ ឈើទាល បេងខ្យល់ និងដើមអាកាស្យា ចំនួន១៣០០៦ដើម នៅតាមសងខាងផ្លូវលេខ៤១។ ក្នុងពិធីថ្ងៃនេះ ខណ្ឌរដ្ឋបានព្រៃឈើកណ្តាល ក៏បានត្រៀមកូនឈើហូបផ្លែ សរុបចំនួន ៣.០០០ដើម រួមមាន៖ កូនឈើហូបផ្លែ (ស្វាយ)១.៥០០ដើម(ខ្នុរ) ១.៥០០ដើម សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកចូលរួម ក្នុងពិធីនេះផងដែរ សម្រាប់ដាំតាមមូលដ្ឋាន។
លោក ច័ន្ទ ថេតថានរៈ បានបន្តថា អង្គភាពរដ្ឋបាលព្រៃឈើមូលដ្ឋានគ្រប់ថ្នាក់ រួមជាមួយអាជ្ញាធរខេត្តកំពង់ស្ពឺ បានសហការចូលរួមចំណែក ក្នុងការងារដាំឈើយ៉ាងសកម្មទាំងនេះ បានបង្ហាញយ៉ាងច្បាស់ ពីទឹកចិត្តស្រឡាញ់ព្រៃឈើ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ហើយកូនឈើជាច្រើន ដែលបានដាំរួចក៏ឃើញមានការថែទាំ ពីសំណាក់ម្ចាស់ក្បាលដីជាប់ និងផ្លូវជាតិលេខ៤១ផងដែរ៕