ភ្នំពេញៈ ទីបំផុតក្រុម CAO ដែលជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ ពានរង្វាល់បាល់ទាត់ហត្ថាកសិករ (CAO) បានលើកពានខ្លួនឯងយ៉ាងស្រួល បន្ទាប់ពីប្រកួតឈ្នះក្រុម CBO ដោយលទ្ធផលបច្ចេកទេស ៩-៤ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤នេះ នៅលើទីលានវាលពន្លឺ ។
កញ្ញា អ៊ឹម វណ្ឌិត អនុប្រធានអគ្គនាយក និងជាអគ្គនាយិកាអភិបាលកិច្ចហត្ថាកសិករ បានថ្លែងឲ្យដឹងថា ព្រឹត្តិការណ៍បាល់ទាត់ដណ្ដើមពានរង្វាន់ហត្ថាកសិករ CAO លើកដំបូងនេះ បានដំណើរការអស់រយៈពេល ៤ខែមកហើយ ដោយមានក្រុមកីឡាករមកពីបណ្ដាការិយាល័យជុំវិញរាជធានីភ្នំពេញ និងការិយាល័យកណ្ដាលចំនួន ១០ក្រុមចូលរួមប្រកួត និងបែងចែកជា ២ពូល ក្នុងមួយពូលមាន ៥ក្រុម ។ ឆ្លងកាត់ប្រកួតជម្រុះក្នុងពូលនីមួយៗ និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឃើញថាក្រុម CAO និងក្រុម CBO ជាអ្នកមានឱកាសឡើងមកលេងវគ្គផ្ដាច់ព្រ័ត្របន្ដ ។
ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ក្នុងវគ្គផ្ដាច់ព្រ័ត្រនោះ ក្រុម CAO បានបំបាក់ក្រុម CBO យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៩-៤ ដែលជោគជ័យនេះ ធ្វើឲ្យក្រុម CAO ក្លាយជាម្ចាស់តំណែងជើងឯកពានហត្ថាកសិកររបស់ខ្លួនតែម្ដង ។ កីឡាករ សួនចាន់ រដ្ឋា ខ្សែប្រយុទ្ធក្រុម CAO ដែលជួយឲ្យក្រុមខ្លួនលើពាននោះ បានឲ្យដឹងថា នេះជាលើទី១ហើយ ដែលលោកបានចូលរួមប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ និងបានលេងជាមួយមិត្តរួមការងារ ដើម្បីរឹតចំណងសាមគ្គីភាព ហើយក៏ដើម្បីសុខភាពល្អផងដែរ ។
លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកហត្ថាកសិករ បានប្រសាសន៍ ក្រោយបញ្ចប់ការប្រគល់ពានរង្វាន់ជូនម្ចាស់ជើងឯកថា ការបង្កើតពានរង្វាន់នេះឡើង គឺដើម្បីផ្សាភ្ជាប់ទំនាក់ទំនងរបស់បុគ្គលិកហត្ថាកសិករឲ្យកាន់តែល្អប្រសើរ ជាពិសេសគឺនាំឲ្យសុខភាពល្អដល់ពួកគាត់ ក៏ដូចជាការលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជា ។ លោកបានបន្ដទៀតថា ពានរង្វាន់នេះ នឹងរក្សាទុកឲ្យការិយាល័យ និងសាខាផ្សេងៗ មកប្រកួតដណ្តើមយកវិញនៅពេលខាងមុខ ហើយលោកសង្ឍឹមថា កីឡាករហត្ថាកសិករ នឹងទទួលបានពានរង្វាន់នៅពេលប្រកួតជាមួយស្ថាប័ន និងក្រុមកីឡាបាល់ទាត់ផ្សេងៗទៀត ៕