រតនគិរីៈ ដោយមានការ ណែនាំពីលោក ឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការ នគរបាលខេត្ត និងលោក វរសេនីយ៍ឯក វ៉ាន់ សង្វាត ស្នងការរងទទួល បន្ទុកការិយាល័យ កណ្តាលប្រឆាំង បទល្មើស ដល់មន្ត្រី នគរបាលជំនាញក្រោមឱវាទ ក្នុងការទប់ស្កាត់ការ ចែកចាយ និងការប្រើប្រាស់គ្រឿងញៀន ដែលកំពុង កើតមានក្នុងខេត្ត ។
ជាក់ស្តែងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នេះកម្លាំង នគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានចុះទៅឃាត់ខ្លួនជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន ចំនួន៤នាក់ នៅចំណុចផ្ទះជួលមួយកន្លែង ដែលម្ចាស់ផ្ទះឈ្មោះ ឃីម សារីស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ សង្កាត់បឹងកន្សែង ក្រុងបានលុង ។
នគរបាលដែលចុះប្រតិបត្តិការ ខាងលើប្រាប់ឲ្យដឹងថា មុននឹងឈានដល់ការឃាត់ ខ្លួនជនសង្ស័យខាង លើនេះ បានគឺបន្ទាប់ពីទទួលពត៌មានពីបណ្តាញកម្លាំងសម្ងាត់ ហើយជនសង្ស័យទាំង ៤នាក់ នេះរួមមាន ទី១ឈ្មោះ ហេង ប៊ុនហុង ហៅយ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី២ឈ្មោះ លីម ស៊ីថា ហៅភក្តី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី៣ឈ្មោះសុផល វិជ្ចការដានី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុ នៅហាងអ័រគីដេ អ្នកទាំង៣នាក់នេះ ស្នាក់នៅ ផ្ទះជួលក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង និងទី៤ឈ្មោះ វ៉ាន ទេវី ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរធ្វើការនៅហាងម្លប់ក្រង៉ោក ស្ថិតនៅភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបាន លុង។
សមត្ថកិច្ចដដែលខាងលើប្រាប់បន្តទៀតថា សម្ភារៈដកហូតរួមមានថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន៣ហ៊ុន ថ្នាំយ៉ាម៉ាពណ៌ផ្កាឈូក១គ្រាប់ និងឧបករណ៍សេពគ្រឿងញៀន មួយចំនួនទៀត ។
នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ នេះដែរ កម្លាំងនគរបាលប្រឆាំគ្រឿងញៀន នៃស្នងការ នគរបាល ខេត្ត រតនគិរីបានបញ្ជូនជនសង្ស័យរួមនិង វត្ថុតាងទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕