ភ្នំពេញ៖ គ្រាន់តែ ប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីiOne បើកឱ្យអតិថិជន ធ្វើតេស្តសាកល្បងទូរស័ព្ទ iPhone ក្រោយទទួល សិទ្ធិចែកចាយផ្តាច់មុខ ពីក្រុមហ៊ុនធំ គេសង្កេតឃើញថា មានយុវវ័យយ៉ាងច្រើន បានតម្រង់ជួរ ចូលរួមក្នុងពិធីនេះ នៅជាន់ផ្ទាល់ដី នៃអគារកាណាឌីយ៉ា ។
ពិធីនេះត្រូវបានធ្វើឡើង កាលពី ព្រឹកថ្ងៃទី១៨ ខែកក្កដា ដើម្បីប្រកាស ប្រាប់មហាជនថា iOne បានទទួល សិទ្ធិផ្តាច់មុខ នាំចូលនូវផលិតផល របស់ក្រុមហ៊ុនApple មួយទៀត មកកាន់ទីផ្សារកម្ពុជា បន្ទាប់ពីក្លាយជា ក្រុមហ៊ុន នាំចូល និងចែកចាយផ្តាច់មុខ iPad និង iPod របស់អេផល ជាច្រើនឆ្នាំ កន្លងមក ។
យុវជន ម៉ា រឿន ដែលបានឈរតម្រង់ជួរ ដើម្បីធ្វើតេស្តផលិតផលថ្មីៗ របស់អេផល ក្នុងហាងiOneកាណាឌីយ៉ា បាននិយាយថា រូបគេជឿជាក់លើ ផលិតផល របស់ក្រុមហ៊ុន Apple ទាំងអស់ ជាពិសេស iPhone ដោយសារតែ វាមាន គុណភាពល្អ និងមានដំណើរការលឿនបំផុត បើប្រៀបទៅនឹង ទូរស័ព្ទផ្សេងៗទៀត។ កម្លោះរូបនេះ ដែលជាម្ចាស់ទូរស័ព្ទ iPhone 4 បានបញ្ជាក់ថា ការទទួលសិទ្ធិផ្តាច់មុខ របស់iOne ក្នុងការចែកចាយ ផលិតផល អេផល នៅកម្ពុជានេះ គឺជារឿងល្អមួយ ដែលធ្វើឱ្យអតិថិជន កាន់តែមានទំនុកចិត្តខ្ពស់ ក្នុងការប្រើប្រាស់ ផលិតផល អេផលនៅកម្ពុជា ។
លោក អ៊ុក សេរីវុឌ្ឍ អ្នកបណ្តុះបណ្តាល បច្ចេកទេស របស់ក្រុមហ៊ុន iOne បាននិយាយថា លើកនេះ ឱកាសធំបំផុត ដែលក្រុមហ៊ុនធំ iOne បានទទួលសិទ្ធិស្របច្បាប់ និងការទទួលលក់ iPhone 5s ដែលប្រភេទ iPhone ជំនាន់ចុងក្រោយ ត្រូវបាន ប្រជាជនកម្ពុជា ទន្ទឹងចង់បាន និងចង់ឃើញ រូបរាងពិតប្រាកដ។ លោកថា ពីមុន iOne មិនដែលមានលក់ iPhone ឡើយ ប៉ុន្តែឥឡូវនេះ iOne មានសិទ្ធិលក់ iPhone 5s ។
ក្នុងឱកាសនោះ អតិថិជនពីរនាក់ បានឈ្នះរង្វាន់ សម្រាប់អ្នកថតរូប ឡូយជាងគេជាមួយនឹង ទូរស័ព្ទ iPhone ពីកម្មវិធីរបស់ក្រុមហ៊ុន iOne ដោយបានទទួលរង្វាន់ កាសស្តាប់ភ្លេងម៉ាក B&O ដែលមានតម្លៃ ១៥៩ ដុល្លារ ផងដែរ។
iOne ក្រុមហ៊ុនធំមួយ ក្នុងទីផ្សារបច្ចេកវិទ្យា កម្ពុជា ដែលមានបទពិសោធន៍ នាំចូល និងចែកចាយ ផលិតផល Apple ជាច្រើនប្រភេទ ក្នុងនោះមានដូចជា iPad, iPod កុំព្យូទ័រយួរដៃ និងលើតុម៉ាក Apple ទូរស័ព្ទ រួមទាំង គ្រឿងបំពាក់ផ្សេង (Accessories) ដោយផ្តល់សេវាកម្មល្អប្រសើរ ជូនដល់អតិថិជន ។ បច្ចុប្បន្ន ក្រុមហ៊ុននេះ មានសាខាលក់ និងចែកចាយ ចំនួន៦កន្លែង ក្នុងប្រទេសកម្ពុជា ៕